ឆេ​ល​ស៊ី ត្រៀម​ប្រជែង​ផ្ទេរ ខ្សែការពារ ថូ​ប៊ី អាល​ដឹ​វ៉េ​រ៉េ​ល​

1009
ចែករម្លែក

ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​ដែល​ទើប​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នោះបាន​ត្រៀមខ្លួន​ប្រជែង​ជាមួយ​ក្លឹប​ផ្សេងៗ​ទៀត ដើម្បី​ផ្ទេរ​ខ្សែការពារ​កណ្តាល ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) ដែល​លែង​ជាទី​ចាប់អារម្មណ៍​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បើទោះបីជា​កីឡាករ​រូបនេះ​អាច​លេង​បាន​ក៏ដោយ​។​
​ ​
​មិន​ថា លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) បន្ត​នៅ​ដឹកនាំ​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ហួស ពី​រដូវ​កាល​នេះ​ឬ​យ៉ាងណាទេ ឆេ​ល​ស៊ី​ចង់​រុះរើ​ក្រុម​ទាំងមូល​បន្ទាប់ពី​មិនអាច​ការពារ​តំណែង ជើងឯក​របស់ខ្លួន​បាន​។ បើទោះបីជា​ក្រុម​តោ​ខៀវ​ឈានចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ FA Cup បន្ទាប់ពី​យកឈ្នះ​ក្រុម Southampton ក៏ដោយ ក៏​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការងារ​ធ្ងន់ ដើម្បី​ស្វែងរក​កៅអី​សម្រាប់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​ខណៈ​ពួកគេ​ឈរ​នៅ​លេខ រៀង​ទី​៥ គឺ​ចាញ់​ក្រុម Spurs ៤​ពិន្ទុ ស្របពេល​នៅសល់​៨​ប្រកួត​ទៀត​។​

​ឆេ​ល​ស៊ី​ត្រៀមខ្លួន​ប្រជែង​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដើម្បី​ផ្ទេរ​កីឡាករ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល ខណៈ​កិច្ចសន្យា​ជាមួយ​ក្លឹប Spurs នៅតែ​អូសបន្លាយ​។ ក្លឹប​យក្ស​បារាំង Paris Saint-Germain ក៏បាន​សម្លឹងមើល​ខ្សែការពារ​រូបនេះ​ផងដែរ ខណៈពេល​ក្លឹប Spurs មិនបាន​ផ្តល់ឱកាស​ឲ្យ ថូ​ប៊ី លេង​។​

​ពីរ​រដូវ​កាល​ចុងក្រោយ ថូ​ប៊ី បាន​ជួយ​ក្រុម Spurs កសាង​ប្រព័ន្ធ​ការពារ​ដ៏​ល្អ​បំផុត​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។ ប៉ុន្តែ​នៅ​រដូវ​កាល​នេះ ដោយសារតែ​អវត្តមាន​កីឡាករ​រូបនេះ ញឹកញាប់ ដូច្នេះ​ពួកគេ​បាន​របូត​ទៅ​លេខ​រៀង​ទី​៣​នៅលើ​តារាង​ក្របខណ្ឌ​។​

​នៅពេលនេះ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ដែល​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម សា​អូ​ឌី អា​រ៉ា​ប៊ី នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ បន្ទាប់ពី​ខក ខានមិនបាន​លេង​៦​ប្រកួត​ចុងក្រោយ​សម្រាប់​ក្រុម Tottenham ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld)