ឆ្កែអនាថាអត់ឃ្លានត្រចៀកសុទ្ធតែចៃតុកកែ ត្រូវបានសង្គ្រោះនៅរូងភ្នំលើកោះថេណេរីហ្វ

331
ចែករម្លែក

ឆ្កែអត់ឃ្លានជាច្រើនក្បាលដែលត្រចៀកមានសុទ្ធតែចៃតុកកែត្រូវបានជួយសង្គ្រោះ ក្រោយគេប្រទះឃើញពួកវាត្រូវបោះបង់ចោលក្នុងរូងភ្នំមួយនៅលើកោះទេសចរណ៍ ថេណេរីហ្វ កាលពីថ្ងៃទី១៩កុម្ភៈ។

ប៉ូលិសនិងប្រជាការពារនៅតំបន់សាន់គ្រីស្តូប៊ែលដេឡាឡាហ្គូណានៃកោះថេណេរីហ្វ ដែលជាកោះធំបំផុតរបស់អេស្ប៉ាញ បានរកឃើញឆ្កែទាំងនេះនៅក្នុងរូងភ្នំមួយក្បែរទីប្រជុំជនតាបៃដា។

អ្នកជួយសង្គ្រោះបានយកពួកវាទៅជម្រកសត្វអាល់បឺហ្គូខូម៉ាខាល់វ៉ាឡេ ដោយអ្នកនាំពាក្យនៅទីនោះនិយាយថា សុនខទាំងនេះរស់នៅក្នុងឋាននរក។

ឆ្កែបីក្នុងចំណោមឆ្កែទាំងប្រាំក្បាល កើតចៃតុកកែនិងស្ថិតក្រោមកម្តៅព្រះអាទិត្យដ៏ក្តៅ ដោយគ្មានអាហារនិងទឹកនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ឆ្កែទាំងប្រាំនេះជារបស់អ្នកប្រមាញ់ម្នាក់ ហើយអ្នកនាំពាក្យរបស់ជម្រកសត្វខាងលើនិយាយថា កំពុងរៀបចំដាក់ពាក្យបណ្តឹងទៅអាជ្ញាធរហើយ៕ ដោយ៖ កញ្ញាដាលីស