ឆ្កែ​វីរបុរស ជួយ​ជីវិត​មនុស្ស​ក្នុង​អគ្គិភ័យ​នៅ​ក្រុង​ហូជីមិញ​

4293
ចែករម្លែក
  • 69
    Shares

​អ្នក​នៅមាន​ជីវិត​ពី​អគ្គិភ័យ​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​នៅ​ប្លុក​អាគារ​ផ្ទះល្វែង​មួយ​ក្នុង​ទីក្រុង​ហូជីមិញ​ដែល​បានសម្លាប់​មនុស្ស​១៣​នាក់​និង​​របួស​មនុស្ស​ជិត​១០០​នាក់​កាលពី​ថ្ងៃ​សុក្រ​បាន​រំលឹក​ការដែល​ត្រូវបាន​ជួយសង្គ្រោះ​ជីវិត​ដោយ​សត្វ​ចិញ្ចឹម​របស់គេ​។​

ឆ្កែ Alaska និង Husky របស់ដាននី ង្វៀន

​ប្លុក​អាគារ​Carina Plaza​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ចំពេល​អ្នក​រស់នៅក្នុង​អាគារ​នេះ​កំពុង​លង់លក់​កាលពី​រំលង​អា​ធ្រា​ត​ថ្ងៃ​សុក្រ​។​

​ដាន​នី ង្វៀន អាយុ​២៩​ឆ្នាំ និង​ប្រពន្ធ ដែលមាន​ផ្ទៃពោះ​៥​ខែ ត្រូវបាន​ធ្វើអោយ​ភ្ញាក់​នៅ​ម៉ោង​ប្រមាណ​២​យប់​ដោយ​ឆ្កែ​ចិញ្ចឹម​ពូជ​Husky និង Alaska​របស់គេ នៅពេល​អគ្គិភ័យ​បាន​កំពុង​ឆេះ​អស់​ប្រមាណ​កន្លះ​ម៉ោង​រួចទៅហើយ ។​

​ម្ចាស់​បាន​អះអាងថា ឆ្កែ​បាន​ព្រុះ​យ៉ាងខ្លាំង​ឥត​ឈប់ ខ្វាច​ទ្វារផ្ទះ​នៅ​ជាន់​ទីមួយ​នៃ​អាគារ​។​នៅពេល​បើកទ្វារ​ឡើង ដាន​នី ឃើញ​អណ្តាត​​ភ្លើង​និង​ផ្សែង​ដ៏​ធំ​នៅ​ខាងក្រៅ​ហើយ​បាន​រួសរាន់​ចេញពីផ្ទះ​ជាមួយ​ប្រពន្ធ​និង​ឆ្កែ Husky​តែ​មិនមាន​ពេល​នាំ​Alaska​ទៅជា​មួយ​ទេ​។​

​ដែន​នី​បាន​វិល​មក​យក​Alaska​និង​កូន​ទើប​កើត​របស់​វា តែ​ផ្ទះ​គាត់​ពោរពេញ​ដោយ​ផ្សែង ហើយ​គាត់​បាន​សន្លប់​នៅលើ​ផ្លូវ​មកកាន់​​ផ្ទះ​។​ដាន​នី ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ ហើយ​គាត់​និង​ប្រពន្ធ​រងរបួស​និង​រលាក​តិចតួច​។​

​ទោះជា​យ៉ាងណា មិត្ត​របស់​ដាន​នី​ម្នាក់​បាន​ជួយសង្គ្រោះ Alaska​និង​កូន​របស់​វា​។​

​អ្នក​រស់ក្នុង​អាគារ​នេះ​ម្នាក់ទៀត ឈ្មោះ​ង្វៀន អា​ញ់ ក៏​អះអាងថា​ឆ្កែ​របស់គាត់​បាន​ជួយសង្គ្រោះ​ជីវិត​គាត់​ដែរ​ក្នុង​សោកនាដកម្ម​នេះ​។​

​អា​ញ់​បាន​ប្រាប់ថា​«​ឆ្កែ​បាន​ព្រុះ​ជាប់​ឥត​ឈប់​នៅ​ម៉ោង​ប្រមាណ​១​យប់​ដើម្បីអោយ​សញ្ញា​ប្រាប់​យើង​អំពី​អគ្គិភ័យ​»​ខណៈ​លោកស្រី​និង​​សមាជិកគ្រួសារ​កំពុង​ដេកលក់​ចំពេល​ភ្លើង​ចាប់ផ្តើម​ឆេះ ហើយ​មិនមាន​សញ្ញា​ប្រកាសអាសន្ន​បន្លឺឡើង​ឡើយ​។​

ឆ្កែPoodleរបស់ង្វៀន អាញ់

​អា​ញ់​បាន​អះអាង​ទៀតថា ឆ្កែ​តូច​របស់គាត់​ថែមទាំង​លោក​ឡើងលើ​គ្រែ ព្យាយាម​ធ្វើអោយ​លោកស្រី​ភ្ញាក់ឡើង​។​

​អា​ញ់​និង​សមាជិកគ្រួសារ​បាន​រត់​ចេញមកក្រៅ​ជាមួយ​មិត្ត​ជើង​៤Poodle​របស់គេ តែ​វា​បាន​រត់​ចូល​ផ្ទះ​វិញ​។​

​សូមបញ្ជាក់ថា អគ្គិភ័យ​ដ៏​ធំ​មួយ​បានកើត​មាននៅ​ប្លុក​អាគារ​រស់នៅ​Carina Plaza​កាលពីដើម​ថ្ងៃ​សុក្រ ដោយបាន​សម្លាប់​មនុស្ស​១៣​នាក់​និង​របួស​៩១​នាក់​។​ប៉ូលិស​នៅ​ស៊ើបអង្កេត​នៅឡើយ​ដើម្បី​រក​មូលហេតុ​នៃ​ការឆេះ​នេះ​៕​ដោយ​៖​វាសនា​