ឆ្នាំនេះ​ក្រសួង​ការងារ​ផ្ដល់​អាហារូបករណ៍​១​ម៉ឺន​កន្លែង លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​

836
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ផ្ដល់​អាហារូបករណ៍​ឥត​បង់ថ្លៃ​ចំនួន​១​ម៉ឺន​កន្លែង​ដល់​សិស្សានុសិស្ស​ជាប់​ឬ​ធ្លាក់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) លើ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ សម្រាប់​ឆ្នាំ​២០១៧​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ទីផ្សារការងារ នៃ​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
​ ​
​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ ជាមួយ​បណ្ដាញសារព័ត៌មាន​ហ្វ្រេស​ញូ​វ​លោក ថង សាម៉ុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ឆ្នាំនេះ​ក្រសួង​ការ​​ងារ នឹង​គ្រោង​ផ្តល់​អាហារូបករណ៍​ប្រមាណ​១​ម៉ឺន​កន្លែង ទៅលើ​ការសិក្សា​បច្ចេកទេស និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ទូទាំងប្រទេស​ដើម្បី​​ផ្តល់​ឲ្យ​សិស្ស និស្សិត​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២ មិន​ថា​ធ្លាក់​ឬ​ជាប់​នោះទេ​”​។​
​ ​
​លោក​បន្តថា ដើម្បី​អាច​ទទួលបាន​អាហារូបករណ៍​នេះ សិស្សានុសិស្ស​អាចទាក់ទង បាន​នៅតាម​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​ទាំង​៣៩ ដែល​ចំណុះ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តាមរយៈ​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារការងារ នៃ​ក្រសួង​ការងារ​ឬ​តាមរយៈ​អង្គ​​ភាព​ព័ត៌មាន​ហ្វ្រេស​ញូ​វ​ផងដែរ​។​
​ ​
​លោក ថង សាម៉ុន បាន​ថ្លែង​ឲ្យ​ដឹងថា ដោយសារ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​បាននិងកំពុង​សាងសង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ អគារ ផ្សារ​ទំនើប ផ្ទះ រោងចក្រ​ជាច្រើន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ក្លាយទៅជា ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ ហើយនឹង​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍ នៅក្នុង​ឆ្នាំ​២០៥០ “​កម្ពុជា​ខ្វះខាត​អ្នកបច្ចេកទេស​ជាច្រើន ដើម្បី​គាំទ្រ​ការផលិត​គាំទ្រ​វិស័យ​ឧស្សាហកម្ម​។ ខ្ញុំ​គិតថា​ប្អូនៗ​ដែល​រៀន​គួរ​ណាស់​តែ​រៀន​ខាង​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន ជំនាញ​នេះ​រួមមាន វិស្វករ​សំណង​,​វិស្វករ​​អគ្គិសនី​, មេកា​និក​, ក្រឡឹង​, ម៉ាស៊ីនត្រជាក់​, រថយន្ដ​, អេឡិចត្រូនិក និង​ផ្សេងៗ​ជាច្រើន​ទៀត​។ ​ជំនាញ​ទាំងអស់​នេះហើយ​ដែល​ចាត់​ចូលក្នុង​វិស័យ​ឧ​ស្សហកម្ម ក្នុង​ការផលិត ការសាងសង​និង​ជា​ជំនាញ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​”៕​ដោយ​៖​វិបុល​/sn