ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង មាន​ទូក​ចំនួន​២៩​ទៅ​ចូលរួម​អុំ​និង​ចែវ​ប្រណាំង នៅ​រាជធានី​ភ្នំពេញ​

1217
ចែករម្លែក

​ដោយ​:​សន សក្តា​/​កំពង់ឆ្នាំង ៖ ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​មាន​ទូក​ចំនួន​២៩ ទៅ​ចូលរួម​អុំ​និង​ចែវ​ប្រណាំង នៅ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រ​ព្រឹ​តទៅ នៅ​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ។

​មុនពេល​ចេញដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានរៀបចំ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កីឡា​ករកី ឡា​ការ​នី​ចំណុះ​ទូក ទាំងអស់ នៅ​វត្ត​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​ អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង និង ជា​ប្រធាន​គណកម្មការ​ដឹកនាំ​ទូក​បានអោយដឹងថា ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​ទូក​អុំ ទូក​ចែវ ចំនួន​២៩​ទូក អោយទៅ​ចូលរួម អុំ​និង​ចែវ​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ទូក​ចែវ​បុរស​ចំនួន​១៥​ទូក​,​ទូក​ចែវ​នារី​១​ទូក​,​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​១១​ទូក​,​ទូក​អុំ​បុរស​ខ្នាត​វែង​ចំនួន​១​ទូក​និង​ទូក​អំ​ុ​នារី​ខ្នាត​វែង​ចំនួន​១​ទូក ដែល​ទូក​ទាំងនេះ​មកពី​​ក្រុង ស្រុក​ចំនួន​៦ និង មាន​កីឡាករ កីឡា​ការ​នី​សរុប​ចំនួន​១៥៦៨​នាក់ ស្រី​ចំនួន​១៦៤​នាក់​។​

​លោក​អភិបាលរង​ខេត្ត​បានបញ្ជាក់​ទៀតថា ខេត្តកំពង់ឆ្នាំង​ចាប់ផ្តើម​បញ្ជូន​ទូក​ចែវ ទូក​អុំ ទៅ​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ចាប់តាំងពី​ឆ្នាំ​១៩៩១​មកម្ល៉េះ ក្នុងពេល​រាជរដ្ឋាភិបាល កម្ពុជា​បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​ជា​លើកដំបូង​មក​ម្លេះ ។ ហើយ រាល់ពេល​ប្រកួត កីឡាករ កីឡាការិនី​ខេត្តកំពង់ឆ្នាំង​តែងតែ​នាំមក​វិញ​នូវ​ពានរង្វាន់​ជ័យលាភី ជូន​ខេត្ត​ជាច្រើន​ផងដែរ ។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​កីឡា​ការ​នី​នាពេលនោះ លោកជំទាវ​ដោក សុទ្ធា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ពិធីបុណ្យ​ប្រ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ។ ការប្រណាំង​ទូក មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី ថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច​ខែ​ក​ក្តិ​ក ហើយ​ពេលយប់​ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រំលឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី​ពី​ខ្មាំងសត្រូវ ។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។​

​លោកជំទាវ​បាន​ផ្តាំផ្ញើ​ដល់​កីឡាក កីឡា​ការ​នី​ទាំងអស់ ត្រូវខិតខំ​អោយ​យក​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត អនុវត្ត​អោយបាន​ម៉ឺងម៉ាត់ តាម​បទបញ្ជា​របស់​គណកម្មកា​រប​ច្ចេកទេស ដោយ​រក្សាបាន​នូវ​សីលធម៌ គុណធម៌ សុជីវធម៌ អោយ​សក្តិ​សមជា​កីឡាករ និង ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ សាមគ្គីភាព​គ្នា និង​ត្រូវ​ចេះ​ថែទាំ​សុខភាព​៕B/

#