ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​មាន​ទូក​ចំនួន​២៥​ទៅ​ចូលរួម​អុំ និង​ចែវ​ប្រណាំង នៅ​រាជធានី​ភ្នំពេញ

119
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មាន​ទូក​ចំនួន​២៥ ទៅ​ចូលរួម អុំ និង​ចែវ​ប្រណាំង នៅក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​។ មុនពេល​ចេញដំណើរ​អា​ជ្ញា​ធរ​ខេត្ត​បានរៀបចំ​ធ្វើ​ពិធី​សំណេះសំណាល ជាមួយ​កីឡាករ​កីឡា​ការ​នី​ចំណុះ​ទូក​ទាំងអស់ នៅ​វត្ត​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច កាលពី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណកម្មការ​ដឹកនាំ​ទូក បាន​ឲ្យ​ដឹងថា ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​ទូក​អុំ ទូក​ចែវ ចំនួន ២៥​ទូក ឲ្យ​ទៅ​ចូលរួម​អុំ និង​ចែវ​ប្រណាំង នៅ​រាជធានី​ភ្នំពេញ ដែល​មកពី​ក្រុង​ស្រុក​ចំនួន​៦ និង មាន​កីឡាករ​កីឡាការិនី​សរុប​ចំនួន ១៣៦០​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៦២​នាក់​។

​មានប្រសាសន៍​សំណេះសំណាល ជាមួយ​កីឡាករ​កីឡាការិនី នាពេលនោះ លោក ឈួ រ ច័ន្ទ ឌឿ ន អភិបាលខេត្ត កំពង់ឆ្នាំង បាន​បញ្ជាក់ថា ពិធីបុណ្យ​ប្រ​អុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដែលមាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ១៤ និង ១៥ កើត ដល់ ថ្ងៃ ១ រោច ខែ​ក​ក្តិ​ក​។ ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី​ពី​ខ្មាំងសត្រូវ​។​

​លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវខិតខំ​យក​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​បទបញ្ជា​របស់​គណកម្មកា​រប​ច្ចេកទេស ដោយ​រក្សាបាន​នូវ​សីលធម៌ គុណធម៌ សុជីវធម៌ ឲ្យ​សក្តិ​សមជា​កីឡាករ កីឡា​ការ​នី និង​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ សាមគ្គីភាព​គ្នា និង​ត្រូវ​ចេះ​ថែទាំ​សុខភាព​៕