ឆ្នាំនេះ​ខេត្តស្ទឹងត្រែង​នឹងមាន​ការប្រណាំង​ទូកង ទស្សនា​កម្សាន្ត​

11875

(​ស្ទឹងត្រែង​)៖ ក្រោយពី​បោះបង់ចោល​អស់​រយៈពេល​ជិត​២០​ឆ្នាំ ខេត្តស្ទឹងត្រែង​គ្រោង​នឹង​រៀបចំ​ពិធី​ប្រណាំង​ទូកង​ឡើងវិញ នៅតាម​ដង​ទន្លេសេកុង ដើម្បីឱ្យ​មហាជន​ទស្សនា​។ រីឯ​ពលរដ្ឋ​នៅក្នុង​ខេត្ត​មួយ​នេះ បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​ការរៀបចំ​នៅ​ថ្ងៃ​ខាងមុខ​មកដល់​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត​ស្ទឹងត្រែង​បានឱ្យដឹងថា​ការរៀបចំ​ពិធី​ប្រណាំងទូក​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណែ​ត​ប្រទីប​និង​អកអំបុក​សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៧​នេះ ខេត្ត​នឹងមាន​រៀបចំ​ពិធី​ប្រណាំងទូក​។​ជា​កិច្ច​ចាប់ផ្តើម​នោះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២.៣​និង​៤​ខែវិច្ឆិកា​ក្នុង​គោលបំណង សម្តែង​នូវ​សេចក្តី​អំណរ​សាទរ​ឱ្យបាន​អធិកអធម​ក្នុង​ព្រះរាជ​ពិធី​នេះ​។​

​ការប្រណាំង​ទូក​.​ង​.​ថ្នាក់​ខេត្ត​ឆ្នាំនេះ ប្រារព្ធ​រៀបចំឡើង ចាប់ពី​រសៀល​ថ្ងៃទី​២៩​ដល់​៣០​ខែតុលា​ឆ្នាំ​២០១៧​។ ដោយឡែក កម្មវិធី​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៧​នៅលើ​ផ្ទៃ​ទឹកទន្លេ​សេកុង ទី​រួម​ខេត្តស្ទឹងត្រែង​នេះ​តែម្តង​។ ឥឡូវនេះ នៅតាម​បណ្តា​ស្រុក​និង​អង្គភាព ដែលមាន​ទូក កំពុង​ហាត់​សម រាល់ថ្ងៃ​ត្រៀម​ប្រកួត​។​នៅក្នុង​អំឡុងពេល​បុណ្យអុំទូក​ក៏មាន​ការរៀបចំ​ប្រារព្ធ​កម្មវិធី​កីឡា សិល្បៈ​និង​ទស្សនីយភាព​ផ្សេងៗ ទៀតផង​ដែរ​។​

​លោក ប៊ុន ណា​រី​អភិបាលក្រុង​ស្ទឹងត្រែង​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​១៩​ខែតុលា​ថា​ការរៀបចំ​ពិធី​ប្រណាំង​ទូកង​គឺជា​ការ​បំផុសស្មារតី ប្រជាពលរដ្ឋ មន្ត្រី​អង្គភាព​ជុំវិញ​ខេត្ត​ចូលរួម​ច្រើន​កុះករ​ដើម្បី​លើកកម្ពស់​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​។​មុននឹង​ពិធីបុណ្យ​ចូលមក​ដល់​អាជ្ញាធរ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​ដូចជា​ការរៀបចំ​សណ្តាប់​ធ្នាក់​នៅតាម​មាត់​ទន្លេសេកុង​ទី​រួម​ខេត្តស្ទឹងត្រែង​និង​មាន​តាំង​លម្អ​អំពូល​ភ្លើង​ជាដើម​ឱ្យមាន​សោភ័ណភាព​ទីក្រុង​ស្អាត​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​។​

​លោក​អភិបាលក្រុង​លើកឡើងថា សម្រាប់​ពិធី​នេះ​រំពឹងថា ភ្ញៀវទេសចរ​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​ជាប់​នឹង​ខេត្តស្ទឹងត្រែង មក​ចូលរួម​ទស្សនា ការប្រណាំង​ទូក ង​នេះ​ពីព្រោះ​ខេត្ត​បានរៀបចំ​ជា​លើកដំបូង​ឱ្យមាន​ប្រតិ​ការណ៍​គួរឱ្យ​ចាប់អារម្មណ៍​។​ចំពោះ​ទូកង​ជា​ខ្នាត​អន្តរជាតិ​អាច​ផ្ទុក​មនុស្ស​ចាប់ពី​១១​ទៅ​១៣​នាក់​និង​ច្រើន​បំផុង​ដល់​ទៅ​២៥​នាក់​ក្នុង​មួយ​ទូក​។​លោ​កថា​នេះ​គឺជា​លើកដំបូង​ហើយ​សម្រាប់​ខេត្តស្ទឹងត្រែង ដែល​បានរៀបចំ​ពិធី​ប្រណាំង​ទូកង​ឱ្យ​មហាជន​ទស្សនា​អបអរ​សារ​ទរ​ជាមួយនឹង​ពិធីបុណ្យ​ជាតិ​។​

​ទោះបីជា​ពិធីបុណ្យ​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន​ប៉ុន្មាន​ក៏ដោយ​ក៏​នៅតែ​រៀបចំឡើង​ឱ្យ​ដូច តាម​បណ្តា​ខេត្ត​ផ្សេងៗ​និង​ទីក្រុង​ភ្នំពេញ​ដែរ​។​រាល់​ឆ្នាំ​ខេត្តស្ទឹងត្រែង​មានតែ​អុំទូក​ប្រភេទ​ទូក នេសាទ​ត្រី​តូចៗ នៅតាម​ស្រុក​មួយចំនួន​ប៉ុណ្ណោះ​។​ហើយ​ទូកង​មួយ​មានឈ្មោះ​បោះ​ស​ម្លែ​ង​ប្រកួតប្រជែង​នៅ​ទីក្រុង​ភ្នំពេញ​រៀងរាល់ឆ្នាំ​។ ដោយឡែក ឆ្នាំនេះ​នឹង​រៀបចំ​ឱ្យ​អធិកអធម​នៅ​ទី​រួម​ខេត្តស្ទឹងត្រែង​។​

​យុវជន​ម្នាក់​ឈ្មោះ នឿ​ង វិជ្ជា​រស់នៅ​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង យល់ឃើញថា ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​នៅ​ឆ្នាំនេះ គឺជា​រឿង​ល្អ​មួយ​ក្នុងការ​រំលឹក​សកម្មភាព​ប្រកួត​ទូកង​ឡើងវិញ ឱ្យ​ក្មេងជំនាន់ក្រោយ​បានដឹង​។ ពិធី​ប្រណាំង​ទូកង​នេះ បាន​បាត់អស់​ទៅ​រយះពេល​ជិត​២០​ឆ្នាំ​មកហើយ​។ ការរៀបចំ​ឡើងវិញ ធ្វើឱ្យ​ពល​ដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​ដឹង​ពី​ទំនៀមទម្លាប់​វប្បធម៌​ប្រពៃណី និង​សប្បាយរីករាយ ចូលរួម​អបអរសាទរ​ពិធីបុណ្យ​នៅ​ឆ្នាំ​២០១៧​នេះ​ផង​៕L ដោយៈ សុខុម​