ឆ្នាំនេះ​ទូក​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន​២៧០​ទូក​

268

(​ភ្នំពេញ​): លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍​ឲ្យ​ដឹងថា ទូក​ដែល​ចូលរួម​ប្រកួត​ក្នុង​ពិធីបុណ្យ​អុំ​ទូ អកអំបុក និង​សំពះ​ព្រះ​ខែ នា​សប្ដាហ៍​ក្រោយនេះ មាន​ចំនួន​២៧០​ទូក​។​

​លោក​បញ្ជាក់ថា នេះ​ជា​តួលេខ​ពិតប្រាកដ​ចុងក្រោយ​ហើយ​។ ការប្រកួត​ទូក​នេះ ក្រៅពី​ទូក​ពិសេស ដែល​គិត​ចំណាត់ថ្នាក់​ទៅតាម​ថិរវេលា​នោះ សម្រាប់​ទូក​ធម្មតា គឺ​គិត​ទៅតាម​ការ​ឈ្នះ​ប្រចាំថ្ងៃ​។ ទូក​ដែល​ឈ្នះ​៣​ថ្ងៃ​ជាប់ៗ​គ្នា នឹង​បាន​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ​១ ទូក​ឈ្នះ ២​ថ្ងៃ បាន​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ​២ ទូក​ដែល​ឈ្នះ​បាន​តែមួយ​ថ្ងៃនោះ បាន​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ​៣ និង​ទូក​ដែល​មិន​ឈ្នះ​សោះ​នោះ​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ​៤​។ ក្រៅពីនេះ ក៏មាន​ចាត់​ចំណាត់ថ្នាក់​សម្រាប់​ទូក ដែលមាន​សោភ័ណភាព​ជាងគេ​ដែរ​។​

​ចម្ងាយ​ប្រកួត​ប្រវែង ២.៧០០​ម៉ែត្រ​។ ពី​ចំណុច​ចេញដំណើរ​មកដល់​កង​ព័ន្ធ​ទី​១ មាន​ចម្ងាយ ១.០០០​ម៉ែត្រ ពី​កងព័ន្ធ​ទី​១ ដល់​កងព័ន្ធ​ទី​២ ចម្ងាយ​៥០០​ម៉ែត្រ និង​ពី​កងព័ន្ធ​ទី​២ ដល់ទី​ផ្ដាច់ព្រ័ត្រ​ចម្ងាយ ២០០​ម៉ែត្រ​។ ការប្រណាំង​មួយថ្ងៃ​២​ជើង ដោយ​ផ្លាស់ប្ដូរ​ខ្សែទឹក​គ្នា​។​

​ប្រទីប​ឆ្នាំនេះ តាម​ការគ្រោងទុក​មាន​ចំនួន​១៤ តែ​ចុង​ក្រោយនេះ ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ បានប្រកាសថា មិនមាន​ប្រទីប​របស់ខ្លួន​ឡើយ ហេតុនេះ​ប្រទីប​មានតែ​ចំនួន​១៣​ប៉ុណ្ណោះ គឺ​ប្រទីប​ព្រះបរមរាជវាំង ប្រទីប​ព្រឹទ្ធសភា ប្រទីប​រដ្ឋសភា ប្រទីប​រាជរដ្ឋាភិបាល ប្រទីប​ក្រសួងយុត្តិធម៌ ប្រទីប​ក្រសួងការពារជាតិ ប្រទីប​ក្រសួងមហាផ្ទៃ ប្រទីប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រទីប​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រទីប​ក្រសួងពាណិជ្ជកម្ម ប្រទីប​ក្រសួងទេសចរណ ប្រទីប​ក្រសួង​រ៉ែ និង​ថាមពល និង​ប្រទីប​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មការ​មេ​ប្រយោគ និង​ជា​អនុប្រធាន​គណៈកម្មការ​បច្ចេកទេស សម្រាប់​ពិធីបុណ្យ​អុំទូក​ផង​នោះ លោក ប៊ូ ជុំ​សេរី បញ្ជាក់ថា ពិធី​កាត់​ព្រ័ត្រ​នឹងត្រូវ​ពន្យារពេល​ប្រមាណ​១៥​នាទី ដើម្បី​ឲ្យ​មេឃងងឹត​បន្តិច ព្រោះ​ទូក​ទាំងអស់​នឹងត្រូវ​ចែក​ពិលអគ្គីសនី ដើម្បី​ឲ្យ​ពេល​កាត់​ព្រ័ត្រ ចាប់កូនក្លែង​ក្នុង​ទន្លេ​មាន​ពន្លឺ​ល្អ​តែម្ដង​៕L ដោយ​៖ រ៉ូ​ហ្សា​