ឆ្នាំនេះ​សង្ក្រាន្ត​នៅ​ខេត្តស្វាយរៀង​មាន​សភាព​អ៊ូអរ​និង​មាន​ការលេង​បាញ់​ទឹក​ច្រើន​

1285
ចែករម្លែក
  • 109
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: នៅ​ទី​រួម​ខេត្តស្វាយរៀង ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ មានការ​រៀបចំ​តុបតែង​លម្អរ​តាម​ដងផ្លូវ​ពិធី​ប្រគុំ​តន្ត្រី និង​ការ​ពិព័រណ៍​ផលិតផល​ផ្សេងៗ ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ដែល​មើលទៅ​មាន​សភាព​អ៊ូអរ​ខុសប្លែក​ពី​បណ្តា​ឆ្នាំមុនៗ​។​

​ចាប់​តាំងតែ​ពីថ្ងៃ​ទី​១​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ គឺ​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨​កន្លងមក រហូត​ឈានដល់​ថ្ងៃទី​២​នេះ គេ​ឃើញ​ពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​រាំលេង​កម្សាន្ត និង​ដើរ​កម្សាន្ត​ចាប់​តាំងតែ​ពី​ព្រឹក​រហូតដល់​យប់​ជ្រៅ​។​

​ទោះបីយ៉ាងណា​ក្នុង​ពិធី​ដែល​ពលរដ្ឋ​បាន​ដើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​នេះ ក៏​គេ​ឃើញថា ក្រុមយុវជន​នៅតាម​តំបន់ ភូមិ ឃុំ ស្រុក និង​រហូតដល់​ក្រុង​ស្វាយរៀង​មួយចំនួន បាន​ឈរ​តាម​ដងផ្លូវ​នាំគ្នា​ជះ​ទឹក និង​ផាត់ម្សៅ​ធ្វើឱ្យ​ថ្នាំងថ្នាក់​ដល់​អ្នកធ្វើដំណើ​រ​ផងដែរ​។​

​បញ្ជាក់ប្រាប់​រស្មី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០១៨​នេះ លោក តូច​ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុង​រយៈពេល​៣​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០១៨ មាន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូលរួម​ប្រមាណ​៧​ម៉ឺន​នាក់​ហើយ​។ ដោយឡែក​នៅ​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០១៨ ដែលជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ថ្ងៃទី​២​នេះដែរ លោក​រំពឹងថា នឹងមាន​អ្នកចូលរួម​ទ្វេរ​ដង​ពី​ស្ថិតិ​ខាងលើនេះ​ទៀតផង​។​

​ទាក់ទិន​ទៅនឹង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​រៀបចំឡើង​នៅ​ខេត្តស្វាយរៀង​នេះដែរ លោក​បាន​បញ្ជាក់ថា ”​យើង​មាន​ភ្ញៀវ​អន្តរជាតិ​ភាគច្រើន​ជា​ជនជាតិ វៀតណាម ជនជាតិ​ចិន​និង​ជនជាតិ​មកពី​ប​ច្ចឹ​ម​ប្រទេស​មួយចំនួន មក​ចូលរួម​មួយចំនួន​ផងដែរ​។ ចំណែក​ជនជាតិ​អឺរ៉ុប ដែល​ច្រមុះ​ស្រួច​នោះ​មិនសូវមាន​ទេ​”​។​

​ជាការ​កត់សម្គាល់​ក្នុងឆ្នាំនេះ នៅ​ទូទាំងប្រទេស​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍ មហាសង្ក្រាន្ត ទទួល​អំណរ​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ម​ហោ​ធ​រៈ​ទេវី​ជា​បុត្រី​ទី​៧ នៃ​កបិល មហាព្រហ្ម តាម​ទំនៀម​ពិធី​ចូលឆ្នាំ ប្រព្រឹត្តទៅ​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃទី​១ ជា​វរៈ​សង្ក្រាន្ត ថ្ងៃទី​២​ជា​ថ្ងៃ​វារៈ​វ័ន​បទ និង​ថ្ងៃទី​៣​ជា​ថ្ងៃ​វារៈ​ឡើងស័ក ចាប់​តាំងតែ​ពី​តាម​ភូមិ​ឃុំ​រហូតដល់​ខេត្ត​ក្រុង​យ៉ាង​អធិកអធម ដោយ​គេ​រំពឹងថា នឹងមាន​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ចូលរួម​លេង​កម្សាន្ត យ៉ាង​មហា​ឡា​រិ​ក​៕ ល​