ឆ្នាំនេះ ការប្រកួត​កីឡា​សិស្ស ត្រូវបាន​រៀបចំ ជា​ហ្គេម​ថ្នាក់ជាតិ​

1243
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សម្រាប់​ឆ្នាំ ២០១៩ នេះ ការប្រកួត​កីឡា​សិស្ស មធ្យមសិក្សា ត្រូវបាន​កែទម្រង់ ពី​ការប្រកួត ក្នុង​ទម្រង់​ធម្មតា ទៅជា​ការប្រកួត​កម្រិត​ជាតិ ដោយ​ផ្ដល់​ឲ្យ​សាមី​សហព័ន្ធ​នីមួយៗ ជា​អ្នកគ្រប់គ្រង លើ​បច្ចេកទេស ។​

​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា ” National School Games ” ដែល​បណ្ដា​ឆ្នាំកន្លងមក ការប្រកួត​បែបនេះ មានតែ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ​អត្តពលកម្ម និង ប៉េតង និង​វាយ​កូនឃ្លី​លើ​តុ តែប៉ុណ្ណោះ ។ ឆ្នាំ​២០១៩ នេះ កីឡា​ចំនួន ១១ ប្រភេទ ត្រូវបាន​ដាក់​ឲ្យ​មាន នៅក្នុង​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ ។​

​ទិដ្ឋភាព​ប្រជុំ​

​កីឡា​ទាំង ១១ ប្រភេទ ដែល​គ្រោង​នឹងដាក់​ឲ្យ​មាន នៅក្នុង​ការប្រកួត​ឆ្នាំ​ដំបូង​នេះ មាន​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយ​កូនឃ្លី​លើ​តុ កីឡាហែលទឹក កីឡា​វាយ​សី កីឡា​កា​រា​តេ​-​ដូ កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo) ដែលជា​ប្រភេទ​តេ​ក្វាន់​ដូ របស់​កូរ៉េខាងត្បូង និង​តេ​ក្វាន់​ដូ ITF (International Taekwon Do Federation) ដែលជា​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ របស់​កូរ៉េខាងជើង​។​

​កាលពី​ចុង​សប្ដាហ៍ កន្លងមក លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ដឹកនាំ​អង្គប្រជុំ​មួយ ដោយមាន​តំណាង​សហព័ន្ធ ទាំង ១១ ចូលរួម ។ ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​នេះ នឹងធ្វើ​ឡើង ពីថ្ងៃ​ទី​១០ ដល់ ១៩ មិថុនា នៅ​រាជធានី​ភ្នំពេញ ។​

​ទិដ្ឋភាព​ប្រជុំ​

​លោក ព្រំ ប៊ុណ្ណ​យី បាន​ប្រាប់​ទៅ​អង្គប្រជុំ​ថា ចំពោះ​ការប្រកួត​នេះ មាន​លក្ខណៈ​ជា​ហ្គេម ហេតុនេះ តម្រូវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ត្រូវ​រៀបចំ​បទបញ្ជា​បច្ចេកទេស ឲ្យ​ត្រូវ​តាម​ស្តង់ដារ ត្រៀមលក្ខណៈ​បច្ចេកទេស និង​រដ្ឋបាល​ឲ្យ​បានល្អ​ប្រសើរ ដូចជា​ត្រូវ​រៀបចំ​សៀវភៅ បទបញ្ជា​បច្ចេកទេស និង​រៀបចំ​សិក្ខាសាលា ណែនាំ​ដល់​ប្រតិភូ​កីឡា រាជធានី ខេត្ត​៕v

​ទិដ្ឋភាព​ប្រជុំ​