ឆ្នាំ​២០១៧ ក្រសួង​រៀបចំ​ដែនដី រក​ចំណូល​ចូល​ថវិកាជាតិ​បាន​ជាង​៩២​លាន​ដុល្លារ​អាមេរិក​

340

(​ភ្នំពេញ​) ៖ យោងតាម​របាយការណ៍​ប្រចាំឆ្នាំ បានឱ្យដឹងថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅក្នុង​ឆ្នាំ​២០១៧​នេះ បាន​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​សរុប​ចំនួន​ជាង​៣៧១​ពាន់​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ​ជាង​៩២​លាន​ដុល្លារ​អាមេរិក​ដោយ​គិត​​ទាំង​ចំណូល​ពី​ការផ្ទេរ​អចលនទ្រព្យ​។
​ ​
​របាយការណ៍​នេះ បាន​ត្រូវ​បញ្ចេញ​ឱ្យដឹង​នៅក្នុង​សន្និបាត​បូក​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់​ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ ដែល​រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ Garden City Phnom Penh រាជធានី​ភ្នំពេញ​។​
​ ​
​របាយការណ៍​ដដែល​នេះ បានឱ្យដឹង​ទៀតថា​ក្នុង​ចំណូល​៣៧១​ពាន់​លាន​រៀល​នោះ​រួមមាន​ចំណូល​ពី​សេវា​សុរិយាដី​មាន​ចំនួន​៤២.៤៧១.១៥៨.១១៥ រៀល ក្នុងនោះ ១៖ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំនួន​៦.៦៥៥.៨៣៤.៩៣៥​រៀល​, ២៖ ការចុះបញ្ជី​ដី​មាន​លក្ខណៈ ដាច់​ដោយ​ដុំ ចំនួន ៣៥.៨១៥.៣២៣.១៨០ រៀល​។​

​ចំណូល​ពី​សេវា​សំណង់​មាន​ចំនួន​៤.០២៥.៥០៥.៩៨០​រៀល​។​ចំណូល​ពី​ការជួល​ទីតាំង​រោងចក្រ សហគ្រាស មាន​ចំនួន ២៧៧.០៣៦.០៩០ រៀល​និង​ចំណូល​ពី​ពន្ធ​លើ​ការផ្ទេរ​អចលនទ្រព្យ ដែល​ប្រមូល​ដោយ​អង្គភាព​ពន្ធដារ បាន​ចំនួន​៣១៥.០៩៥.៣៧៩.០០៣​រៀល​៕​ដោយៈ​សុផល​/sn​