ឆ្នាំ​២០១៧ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំណេញ​១,៦៨ លាន​ដុល្លារ​អាមេរិក​

938
ចែករម្លែក
  • 10
    Shares

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី (​ដែលមាន​ឈ្មោះ​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ថា PPSP) បាន​បូកសរុប​លើ លទ្ធផល​ហិរញ្ញវត្ថុ និង​សកម្មភាព​សំខាន់ៗ នៅក្នុង​ឆ្នាំសារពើពន្ធ​២០១៧ និង​បទ​បង្ហាញ​ពី​ផែនការអាជីវកម្ម​សម្រាប់​ឆ្នាំ​២០១៨​។​

​ឆ្នាំ​២០១៧ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំណេញ​១,៦៨ លាន​ដុល្លារ​អាមេរិក​និង​មាន​គម្រោង​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន តំលៃ​សមរម្យ​ផ្តល់​លើ​ផ្ទៃដី​ទំហំ ៧ ហិកតា​នាពេលខាងមុខ​(​រូប សុផល​)

​តំបន់​សេដ្ឋកិច្ច​ដែល​ឈានមុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ឆ្នាំ​២០១៦ ហើយ​បានទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​គ្រប់​ម្ចាស់​ភាគហ៊ុន​លើ​យុទ្ធសាស្ត្រ​របស់ខ្លួន​។​

​លោកជំទាវ​ឧកញ៉ា លីម ឈីវហូរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី (Phnom Penh SEZ PLC.) បាន​ថ្លែង​ក្នុង​សន្និបាត​ថា​៖ «​យើង​បានចាប់ផ្ដើម​ឆ្នាំ ២០១៧ ជាមួយនឹង​ផែនការ​ច្បាស់លាស់​ក្នុងការ​រ​ជំរុញ​ការលូតលាស់​របស់​យើង​ប្រកបដោយ​ចីរភាព​នាពេល​អនាគត​។​យើង​បានកំណត់​ទិសដៅ និង​យុទ្ធសាស្ត្រ​ប្រកបដោយ​មហិច្ឆតា​ខ្ពស់​ដោយ​ការ​សង្កត់ធ្ងន់​ទៅលើ​អត្ថប្រយោជន៍​ប្រកួតប្រជែង​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្សេងៗ​ទៀត​។ យើង​បាន​ប្រើ​យុទ្ធសាស្ត្រ​ទាំងនេះ​ជាគោលការណ៍​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម និង ការត្រួតពិនិត្យ​ជា​ទៀងទាត់​ដើម្បី​ធានា​នូវ​ការសម្រេចបាន​គោលដៅ​រយៈពេល​ខ្លី និង រយៈពេល​វែង​។ ជាពិសេស​ទៅទៀត​នោះ ក្រុមហ៊ុន​យើង​នឹង​ខិតខំ​ប្រឹងប្រែង ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្រៅពី​ការលក់​ដី រហូតដល់ ៥០% នៅក្នុង​ឆ្នាំ ២០២០ ។ ជាមួយនឹង​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ដ៏​មាន​ប្រសិទ្ធិភាព​នេះ យើង​មានបំណង​ពង្រីក​អាជីវកម្ម​ដោយ​ការពង្រីក​តំបន់​សេដ្ឋកិច្ច​ពិសេស និង​បង្កើន​ប្រាក់ចំណូល​បន្ថែម ក្រៅពី​ការលក់​ដី រាប់បញ្ចូល​ទាំង ការផ្គត់ផ្គង់​អគ្គិសនី ការផ្គត់ផ្គង់​ទឹក បើក​ជួល​រោងចក្រ​ឬ​ឃ្លាំង សំណង់​និង​សេវា​ផ្សេងៗ​ទៀត​»​។​

​លោក​ហ្វុ​ង នី​វ៉ៃ​( Fong Nee Wai) ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ភ្នំពេញ​អេស​អ៊ី​ហ្សិត ភីអិលស៊ី (Phnom Penh SEZ PLC.) បាន​មានប្រសាសន៍ថា «​ប្រាក់ចំណេញ​របស់​យើង​សម្រាប់​ឆ្នាំ​២០១៧ គឺមាន​ចំនួន ១,៦៨ លាន​ដុល្លារ ដែល​ការ​ចំណេញ​នេះ​បាន​កើនឡើង ១៦.១៧​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦» ។​

​លោក​ហ្វុ​ង​ក៏បាន​លើកឡើង​អំពី​ភាពប្រសើរឡើង​នៃ​អនុ​បាត​បំណុល​ធៀប​ទៅនឹង​មូលធន​មក​ត្រឹម​០.៥១X បើ​ប្រៀបធៀប​ទៅនឹង​០.៥៥X កាលពី​ឆ្នាំ​២០១៦​ដែលជា​សូចនាករ​ហិរញ្ញវត្ថុ​សំខាន់​មួយ​ស្តីពី​រចនាសម្ព័ន្ធ​មូលធន​។​ក្នុងពេល​ជាមួយគ្នានេះដែរ​លោក​ក៏បាន​បង្ហាញ​ពី​ការរីកលូតលាស់​របស់​ក្រុមហ៊ុន​ដោយ​ការបង្កើត​នូវ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​និង​ក្រុមហ៊ុន​ជា​សម្ព័ន្ធភាព​ជាច្រើន​ក្រោយពី​ការបោះ​ផ្សាយ​លក់​ជា​សាធារណៈ (IPO) ដើម្បី​បង្កើត​ប្រាក់ចំណូល​បន្ថែម ទៀត​។​

​គួរ​ជម្រាប​ផងដែរ​ថា​ក្នុងអំឡុង កិច្ចប្រជុំ​មហាសន្និបាត​ប្រចាំ​ឆ្នាំនេះ (AGM) ម្ចាស់​ភាគហ៊ុន​របស់ ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី (Phnom Penh SEZ PLC.) បានអនុម័ត​លើ​កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧ និង​របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៧ (​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧)​។ សេចក្ដីសម្រេច​ទាំងពីរ​នេះ ត្រូវបាន​យល់ស្រប​ដោយ​មតិ​ភាគច្រើន​។ ទន្ទឹមនឹង​នេះដែរ លោក Tanate Piriyothinkul ដែលជា​អភិបាល​មិន​ប្រតិបត្តិ ត្រូវបាន​ជ្រើសតាំង​ជាថ្មី សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ​ទៀត​។​

​កិច្ចប្រជុំ​មហាសន្និបាត​ប្រចាំ​ឆ្នាំនេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមប្រឹក្សាភិបាល​របស់ ក្រុមហ៊ុន​ភ្នំពេញ​អេស​អ៊ី​ហ្សិត​ភីអិលស៊ី​(Phnom Penh SEZ PLC.)​ដើម្បី​បង្ហាញ​ពី​ផែនការ​អភិវឌ្ឍ​នាពេល​អនាគត​របស់​ក្រុមហ៊ុន​ជាមួយនឹង​ម្ចាស់​ភាគហ៊ុន​។ បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​ឧស្សាហកម្ម កំពុង​ទាក់ទាញ​វិនិយោគិន ចូលមកក្នុង​សេដ្ឋកិច្ចកម្ពុជា ដោយ​ការពង្រីក​គំរូ​អាជីវកម្ម​របស់ខ្លួន​។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាភិបាល​ក៏បាន​បំភ្លឺ​ពី​គម្រោង​លំនៅដ្ឋាន​ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សង្គម​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​

​លោក​ហ៊ី​រ៉ូ​ស៊ី អ៊ូ​ម៉ាត់​ស៊ុ​( Hiroshi Uematsu) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី (Phnom Penh SEZ PLC.) បាន​មានប្រសាសន៍ថា​៖ « យើង​មាន​គម្រោង​ផ្តល់​ដី​ទំហំ ៧ ហិកតា​ដើម្បី​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ដែលមាន​តំលៃ​សមរម្យ​»​។

​លោក​បន្តថា « គោលដៅ​ចម្បង​របស់​យើង គឺ​កម្មករ កម្មការិនី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ បច្ចុប្បន្ននេះ យើង​កំពុង​រៀបចំ​ការប្រកួត​ប្រជែង​លើ​ការ​រចនា ដើម្បី​ធានាថា​យើង​នឹង​មានការ​រចនា​ដ៏​ល្អ​បំផុត​។ យើង​មាន​គោលដៅ​ចម្បង​ក្នុង​ការកសាង​សហគមន៍​ដែល​អាច​រស់​នៅបាន​»៕ ល​