ឆ្នាំ​២០១៧ ស៊ីម៉ាក់ ប្រមូល​និង​កំទេចចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាង ពីរម៉ឺន​គ្រាប់​

352

(​ភ្នំពេញ​)៖​ក្នុង​ឆ្នាំ​២០១៧​នេះ​ស៊ីម៉ាក់ បាន​ឆ្លើយ​នឹង​សំណូមពរ​ប្រជាពលរដ្ឋ ដោយមាន​ការសម្របសម្រួល​ពី​កម្លាំង​នគរបាល​តាម​ប៉ុស្តិ៍​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស​ជិត ៨.០០០ ករណី ដោយ​ប្រមូល​និង​កំទេចចោល​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ជាង​ពីរម៉ឺន​គ្រាប់​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហេង​រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់​។​

​លោក ហេង រតនា បន្តថា កិច្ចសហការ​រវាង​កំលាំង​ស៊ីម៉ាក់ និង​កំលាំង​ប៉ូលិស លើ​ការងារ​អប់រំ​និង​ឆ្លើយតប​ដោះស្រាយ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ជូន​ប្រជាពលរដ្ឋ ដោយ​យើង​រួមគ្នា​អប់រំ និង​ទប់ស្កាត់​រាល់​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​សុខ​សុ​វ​តិ្ថ​ភាព​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​កម្លាំង​ស៊ីម៉ាក់ កម្លាំង​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​គ្នា​យ៉ាង​ជិត​សិទ្ធិ ដោយ​ស៊ីម៉ាក់ បាន​កសាង​កម្លាំង​ស្ម័គ្រចិត្ត​តាម​ភូមិ​គោលដៅ​បាន​ចំនួន​ជាង ៣.០០០​នាក់​លើ ៦៧០​ភូមិ ដែលមាន​បញ្ហា​គ្រាប់មីន​ច្រើនជាងគេ​។ លទ្ធផល​នេះ សម្រេច​បានល្អ​ដោយសារ​បានទទួល​ការគាំទ្រ​ពេញទំហឹង​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ សំដៅ​ជួយសង្គ្រោះ​ប្រជាជន​កម្ពុជា ឱយ​រួច​ផុតពី​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ហើយ​នេះ​ជា​សិ​ទិ្ធ​មនុស្ស​មួយ​ដែរ​។​សិ​ទិ្ធ​មានជីវិត​រស់នៅ និង​សុខ​សុ​វ​តិ្ថ​ភាព​។​
​ ​
​ជាមួយគ្នា​នោះ លោក ហេង រតនា ក៏បាន​ប្រកាស​ពី​ករណី​នៅ​ថ្ងៃទី​២១ ខែធ្នូ ក្រុម​អ្នកជំនាញ​របស់​ស៊ីម៉ាក់ បាន​រកឃើញ​គ្រាប់បែក​ចង្កោម​ចំនួន ១៩ គ្រាប់ ដែល​ស្ថិតនៅ​កប់​ដី​កណ្តាល​ថ្នល់​រាប់សិប​ឆ្នាំ​មកហើយ​តែ​សំណាងល្អ​វា​មិន​ផ្ទុះ​។ គ្រាប់បែក​ចង្កោម ដែល​ទើប​រកឃើញ​ថ្មី​នេះ ស្ថិតនៅ​ខេត្តក្រចេះ​។​

​អគ្គនាយក​ស៊ីម៉ាក់ ក៏បាន​លើកឡើងថា “​កន្លងមក​នៅពេល​កម្លាំង​ស៊ីម៉ាក់ និង​អាជ្ញាធរ​ជាតិគីមី បានទទួល​ព័ត៌មាន និង​ផ្ទៀងផ្ទាត់​ដឹងថា គ្រាប់បែក​គីមី នៅ​ឃុំ​គគីរ មាន​អ្នកខ្លះ​បង្កើត​ការសង្ស័យ​ដោយ​ចោទប្រកាន់ថា ករណី​គ្រាប់បែក​គីមី​នេះ មាន​យូរ​ឆ្នាំ​ហើយ ទើបតែ​ធ្វើជា​ភ្ញាក់ផ្អើល​និង​ថា​ទើប​ដឹង​ហើយ​បាន​យកទៅ​បកស្រាយ​ពន្យល់​តាម​ខ្លួន​នឹកឃើញ និង​ចង់បាន​!”​។​​ជាមួយនឹង​ការលើកឡើង​ដូច្នេះ លោក ហេង រតនា បាន​គូសបញ្ជាក់ថា “​ករណី​នៅ​ថ្ងៃទី​២១ ខែធ្នូ​នេះ (​ស្ថិតនៅ​ខេត្តក្រចេះ​) បាន​រកឃើញ​គ្រាប់បែក​ចង្កោម​ចំនួន ១៩​គ្រាប់ ដែល​ស្ថិតនៅ​កប់​ដី​កណ្តាល​ថ្នល់​រាប់សិប​ឆ្នាំ​មកហើយ​តែ​សំណាងល្អ​វា​មិន​ផ្ទុះ ហើយ​ទើប​រកឃើញ​សើមៗ​ថ្ងៃនេះ​។ សូមកុំ​ចោទប្រកាន់ថា ដឹង​យូរហើយ​ម៉េច​មិន​ធ្វើ​វា​។ បើ​ដឹង​យូរហើយ ស្មានថា ហ៊ាន​បើកឡាន បើក​ម៉ូតូ និង​ដើរ​ជាន់​ខ្មាំង​ដ៏​កាច​សាហាវ និង​ជា​ឃាតករ​គ្មាន​ឈាម មានតែ​ជាតិ​ផ្ទុះ​ទាំងនេះ​មែនឬ​?!”​។​
​ ​
​កាលពី​ថ្ងៃទី​២១ ខែធ្នូ កន្លងទៅ​នេះដែរ​លោក ហេង រតនា ក៏បាន​ផ្សព្វផ្សាយ​ពី​ជីវិត​នារី​ដោះមីន គឺ​អ្នកនាង ឆាង ច​ន្ធី ដែល​បាន​បម្រើ​ការងារ​ជា​នារី​ដោះមីន​នៅ​ស៊ីម៉ាក់ រយៈពេល​ជាង ១២ ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​ពេលនេះ នាង​ដោះមីន​បាន​ជាង ២០០ គ្រាប់​ហើយ​។

​លោក រតនា លើកឡើងថា “​យើង​ពិត​ជាមាន​មោទនភាព ដែល​នារី​អង្គភាព​ស៊ីម៉ាក់ មាន​សមត្ថភាព​ខ្ពស់ មាន​ភាពក្លាហាន សកម្ម​មុះ​មុត​ក្នុង​ការងារ​ដោះមីន​។ នៅ​ទិស​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុង​ចំការមីន​តែមួយ​មាន​រុក​រកឃើញ​គ្រាប់​មីនតោន​ចំនួន ៤​គ្រាប់ នៅ​ទីតាំង​ផ្សេងៗ​គ្នា​។ ក្នុងនោះ អ្នកដោះមីន​ស្ត្រី​របស់​យើង អ្នកនាង ឆាង ច​ន្ធី បានទទួល​ចំ​មុខព្រួញ​គ្រាប់​មីនតោន​ហើយ​ច​ន្ធី​រកឃើញ​គ្រាប់​មីនតោន​ចំនួន​បី​គ្រាប់​ក្នុងចំណោម​គ្រាប់មីន​តោន​ចំនួន​បួន​គ្រាប់ ដែល​បាន​រកឃើញ នៅ​ចន្លោះ​ថ្ងៃ​ប្រតិ​ប​តិ្ត​ការ ថ្ងៃទី​១៣-១៩ ខែធ្នូ ឆ្នាំ​២០១៧”​។

​លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​គូសបញ្ជាក់ថា ឆាង ច​ន្ធី បាន​ចូល​បំរើ​ជា​អ្នកជំនាញ​ដោះមីន​នៅ​ឆ្នាំ​២០០៦ ក្នុង​រយៈពេល​បំរើការ​ងារ​ជាង​១២​ឆ្នាំនេះ​នាង​ដោះមីន​បាន​ជាង​២០០​គ្រាប់​ហើយ​។​
​ ​
​ជាមួយនឹង​ការលើក​បង្ហាញ​នេះ លោក ហេង​រតនា បាន​លើកឡើងថា “​ខ្ញុំ​សូម​កោតសរសើរ និង​មាន​មោទនភាព​ចំពោះ​ការខិតខំ​ពុះពារ​ការលំបាក និង​ហ៊ាន​បូជាជីវិត​ខ្លួនឯង ដើម្បី​សេចក្តីសុខ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។ សុំ​បញ្ជាក់ថា នៅ​ស្រុក​ម៉ាឡៃ​នេះ អង្គភាព​ភូមិភាគ​ទី​១ នៅ​ទិស​ខេត្តបន្ទាយមានជ័យ​-​ឧ​ត្ត​មានជ័យ បាន​រុក​រកឃើញ​គ្រាប់​មីនតោន​ចំនួន ៩៩៧ គ្រាប់​ហើយ​!!”​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ ឲ្យ​រួមគ្នា​រក្សា​សន្តិភាព ដែល​រកបាន​មកវិញ​យ៉ាង​លំបាក​បំផុត និង​សូម​ទាត់ចោល​វប្បធម៌​ពឹង​បរទេស​កៀគរ​បរទេស ដើម្បី​គាបសង្កត់​និង​បង្ក​សង្គ្រាម​សម្លាប់​កូន​ខ្មែរ​។​

​លោក​អគ្គនាយក​ស៊ីម៉ាក​លើកឡើងថា “​មាន​សុខ​សុវត្ថិភាព សន្តិភាព គឺមាន​ការពង្រឹង​ល​ទិ្ធ​ប្រជាធិបតេយ្យ សិ​ទិ្ធ​មនុស្ស និង​អ្វីៗ​ជា​ក្តីសង្ឃឹម សំរាប់​សង្គមជាតិ​ខែ្មរ​ទាំងមូល​”៕ ដោយៈ ម៉េង​ឆៃ​/sn