ឆ្នាំ​២០១៨​ត្រី​សំខាន់ៗ​ថយចុះ​និង​ឈានទៅរក​ការ​ផុត​ពូជ

668
ចែករម្លែក

ដោយ​:សុខុម/ស្ទឹងត្រែង ​៖ ​យោងតាម​របាយការណ៍​មួយ​បាន​បង្ហាញថា ​ឆ្នាំ​២០១៨​កន្លងទៅនេះ​ ផល​នេសាទ​ត្រី​នៅ​ខេត្តស្ទឹងត្រែង​មានការ​កើនឡើង​ ​ប៉ុន្តែ​ត្រី​សំខាន់ៗ​បែរជា​ថយចុះ​ប្រឈម​ទៅនឹង​ការ​ផុត​ពូជ​។​

ប្រភព​បានបញ្ជាក់​ថា​ ផល​នេសាទ​ត្រី​ឆ្នាំ​២០១៨​កន្លងមកនេះ​ មានការ​កើនឡើង​ប្រមាណ​២​ភាគរយ​ចំនួន​៦.៤៦៧​តោ ន​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ។ ​ជាមួយគ្នានេះ​ក៏​មានការ​អះអាងថា​ ពូជ​ត្រី​សំខាន់ៗ​មួយចំនួន​កំពុង​ថមថយ ​ស្ទើរតែ​ឈានទៅដល់​តំណាក់កាល​ផុត​ពូជ ដោយសារ​ការធ្វើ​នេសាទ​ហួស​កម្រិត ។​

លោក​ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ថា ​យើង​ឃើញ​អ្នកនេសាទ​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ហើយ​ពូជ​ត្រី​សំខាន់ៗ​មួយចំនួន​ រង​ការ​ផុត​ពូជ​ដោយសារ​អ្នកនេសាទ​ខ្លះ ​លួច​នេសាទ​នៅតាម​អន្លង់​អភិរក្ស​បង្ករ​ផលប៉ះពាល់​ដល់​ពូជ​ត្រី​ ពិសេស​ការប្រើប្រាស់​ឧបករណ៍​ល្មើស​និង​ច្បាប់​ហាម​​ឃាត់​តែម្តង​។​

លោក​បន្តថា​ អន្លង់​ជ្រៅៗ​តាម​ដង​ទន្លេ​នីមួយៗ​ក្នុង​ខេត្ត​នេះ ​គឺជា​ជម្រក​ត្រី​បន្ត​ពូជ​យ៉ាងសំខាន់​។​ត្រី​ខ្លះ​ដូចជា​ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់ ត្រី​នាគ ត្រី​ស្ទក់ ពិសេស​ត្រី​ប៉ា​វ៉ា​និង​ត្រី​ប៉ា​ស៊ី​អ៊ី​មានឈ្មោះ​ល្បី​នៅ​ខេត្តស្ទឹងត្រែង ​កំពុង​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរឲ្យ​បារម្ភ​ជាខ្លាំង​។​

ដូច្នេះ​ទើប​តម្រូវឲ្យ​យើងទាំងអស់គ្នា​ក្នុងនាម ជា​ប្រជាពលរដ្ឋ​និង​ជំនាញ​ព្រមទាំង​អ្នក​ពាក់​ព​ន្ធ័​ផ្សេងៗ​ទៀត​រួមគ្នា​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ ធ្វើ​ម៉េច​កុំឲ្យ​ធនធាន​ទាំងអស់​នេះ​ថមថយ​ទៅ ​ឬ​ក៍​ឈានទៅរក​ការ​ដាច់​ពូជ​។

លោក​ផល លុយ មន្ត្រី​អង្គការ​សេ​ប៉ា​ប្រចាំខេត្ត​ស្ទឹងត្រែង​និយាយថា​ ខាង​អង្គការ​ជា​ដៃគូ​កំពុង​ធ្វើ​សកម្មភាព​ពង្រឹងសមត្ថភាព​ដល់​ប្រជា​សហគមន៍ ​និង​ប្រជាកសិករ​ដើម្បី​បង្កើតឲ្យមាន​មុខរបរ​ប្រចាំ​គ្រួសារ​ដូចជា​ការចិញ្ចឹម​ត្រី បង្កើត​សួន​បន្លែ​ប្រចាំ​គ្រួសារ​ជាដើម​សម្រាប់​ជួ​យ​គាត់​អោយ​ងាក​មក​ប្រកប​របរ​នេះ​វិញ ​ទើប​យើង​អាច​ការពារ​ធនធាន​មច្ឆជាតិ​នេះ​បាន​។​

ប្រធាន​សហគមន៍​នេសាទ​ភូមិ​ថ្មី​សង្កាត់​សាមគ្គី​លោក ​ឆែម ​ប៊ុ​ន​ធឿន​ បាន​អះអាងថា​បច្ចុប្បន្ន​ប្រភេទ​ត្រី​សំខាន់ៗ​សម្រាប់ការធ្វើ​នេសាទ​ជា​លក្ខ​ណៈ​គ្រួសារ​កម្រ​បាន​ជួបប្រទះ​ណាស់​។​ នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​បាត់បង់​ទៅៗ​។​

លោ​កថា​ កត្តា​នេះ​សូម​ប្រជា​នេសាទ​គួរ​ចូលរួម​គោរព​ច្បាប់​ជលផល​ទាំងអស់គ្នា ឲ្យបាន​គ្រប់​រដូវ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ហើយ​ងាក​ត្រឡប់មក​ប្រើប្រាស់​មង ឬ​ដាក់​សន្ទូច លប ទ្រូ ។​ល​។​ ជា​លក្ខ​ណៈ​គ្រួសារ​ ​ត្រូវ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​។ ​កុំទៅ​នេសាទ​នៅ​កន្លែង​អន្លង់​អភិរក្ស​ ដើម្បី​ការពារ​ត្រី​មេ​ពូជ​ដូចជា​ត្រី​ប៉ា​សេ​អ៊ី ត្រី​គល់រាំង​ជាដើម​។​ កុំ​ប្រើប្រាស់​ឧ​បក​ណ៍​នេសាទ​ខុសច្បាប់ ដូចជា​ឆក់​បំពុល គប់​គ្រាប់​។ ​យើង​ត្រូវ​ចូលរួម ទប់ស្កាត់ និង​កាត់បន្ថយ​ការនេសាទ​ត្រី​មេ​ពូជ នៅក្នុង​ទន្លេ​និង​ជួយ​អភិរក្ស​ទាំងអស់គ្នា ។​

ប្រជា​នេសាទ​នៅ​ភូមិ​អូរ​ស្វាយ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថ​ឡា​បរិ​វ៉ា​ត់ ​យល់ឃើញថា​ បើសិនជា​យើង​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ​ផល​ត្រី​នឹង​សម្បូរបែប​ឡើងវិញ ​តែ​បច្ចុប្បន្ន​បងប្អូន​ភាគច្រើន​ធ្វើ​អាជីវកម្ម​នេសាទ​ ដែល​បង្ករ​ឲ្យធនធាន​មួយ​នេះ​ធ្លាក់ចុះ​។​ ក្រៅពីនោះ​ទៀត​​​បទល្មើស​នេសាទ​ ក៏​ចេះតែ​កើតមាន​ហើយ​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​។

គួរបញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៨​ ខណ្ឌ​ជលផល​បាន​អប់រំ​ប្រជា​អ្នកនេសាទ​បាន​៥៨០​នាក់​ផ្សព្វ​ផ្សាយបាន​១៣០៥​នាក់ បង្ក្រាប​បទល្មើស​ដកហូត​បាន​មង​២៥៧​ត្បូង​ស្មើនឹង​៥១.៩៣៩​ម៉ែត្រ​ក្បាល​ឆក់​១១​គ្រឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​អនុវត្តតាម​និតិ​វិធី​៕​B/