ឆ្នាំ​២០១៨ ករណី​ដួលសន្លប់​របស់​កម្មករ​រោងចក្រ​ថយចុះ​ជាង​៥០​ភាគរយ

1000
ចែករម្លែក

ដោយ:សុ​ផានី​តា​/​កោះកុង ​៖ ករណី​គ្រោះថ្នាក់​ការងារ ឬ​ការដួលសន្លប់​របស់​ក​ម្មករ និ​យោ​ជិ​ក នៅតាម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង នៅ​ឆ្នាំ​២០១៨ បាន​ថយចុះ​ជាង​៥០​ភាគរយ ដោយសារ​តែមាន​អប់រំ​ផ្នែក​សុខភាព និង​បរិស្ថាន​សុវត្ថិ​ភាពល្អ​នៅ​កន្លែង​ការងារ​។​

លោក អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុង​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ បានឱ្យដឹង​នៅ​ថ្ងៃទី​៣ ខែឧសភា​ថា របាយការណ៍​ពិនិត្យ​វាយតម្លៃ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៨ មាន​រោងចក្រ សហគ្រាស​ជាង​១០​នោះទេ ដែលមាន​កម្មករ​ដួលសន្លប់​ពេល​កំពុង​បម្រើ​ការងារ ធៀប​នឹង​ឆ្នាំ​២០១៧ គឺមាន​២២​រោងចក្រ ពោលគឺ​បាន​ថយចុះ​ជាង​៥០​ភាគរយ​។​

រដ្ឋមន្ត្រីក្រសួង​ការងារ ក៏បាន​ចាត់ទុក​ការថយចុះ​នៃ​ចំនួន​កម្មករ​ដួលសន្លប់​តាម​រោងចក្រ​ថា ជា​វឌ្ឍនៈភាព​ដ៏​ល្អ​មួយ ដែល​បានមកពី​យន្តការ​ផ្សព្វផ្សាយ​អប់រំ​ផ្នែក​សុខភាព ការពង្រឹង​ប្រព័ន្ធ​អធិការកិច្ច លក្ខខណ្ឌ​ការងារ និង​សុវត្ថិភាព​បរិយាយ​កាស​ល្អ​នៅ​កន្លែងធ្វើការ​ជាដើម​។

ដូច្នេះ លោក​នឹង​ជំរុញ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​ដៃគូ​អ្នកពាក់ព័ន្ធ​ដ៏ទៃទៀត​បន្ត​គាំទ្រ ក៏ដូចជា​អនុវត្ត​យន្ត​ការដែល​សម្រេច​បន្ត​ទៀត មិនថាតែ ច្រកចេញចូល ប្រព័ន្ធ​សុវត្ថិភាព​ពន្លាត់​អគ្គិសនី តាម​បទដ្ឋាន​បច្ចេកទេស​កំណ​ត់ និង​ផ្សា​ព្វ​ផ្សារ​អប់រំ​ដល់ក​ម្មករ ជាដើម​។​

​ទោះយ៉ាងណា លោក អ៊ិត សំហេង ក៏​នៅតែ​ប្រាប់​ដល់ក​ម្មករ និ​យោ​ជិ​ក និង​ម្ចាស់​រោងចក្រ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការថែរក្សា​សុខភាព​អោយ​បានល្អ​អំឡុង​រដូវក្តៅ​ខ្លាំង ដោយ​អាកាសធាតុ​នឹង​អូសបន្លាយ ដល់​ពាក់កណ្តាល​ខែឧសភា នេះ​។​

ចំណែក លោក ផាត់ ប៊ុនហួរ តំណាង​អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ខេត្តកោះកុង បាន​លើកឡើងថា បច្ចុប្បន្ន​តំបន់​សេ​ដ្ខ​កិច្ច​ពិសេស​របស់លោក មាន​ក្រុមហ៊ុន​រោច​ក្រ​ចំនួន​៦​ធំៗ ដោយ​ក្រុមហ៊ុន​ទាំង​នោះបាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​សុខ​សុវត្ថិភាព​របស់​កម្មក​រ តាមរយៈ​តម្លើង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ មាន​រថយន្ត​ដឹក​ជ​ញ្ចូ​នក​ម្មករ និង​ផ្តល់​កន្លែង​ស្នាក់នៅ​។​

លោក​អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ខេត្តកោះកុង ក៏​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​នានា​ជួយ​បន្ត​បណ្តុះបណ្តាល​អប់រំ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ដល់ក​ម្មករ និ​យោ​ជិ​ក ថែមទៀត ដើម្បី​បង្កើន​ការ​ផលិតផល និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុងសង្គម​។ អ្វីដែល​សំខាន់​ផងដែរ​នោះ គឺ​បន្ត​អត់ធ្មត់​ចំពោះ​បញ្ហា​នានា ដែល​បាន​កើតឡើង ហើយ​ត្រូវខិតខំ​ស្វែងរក​ដំណោះ​ស្រាយ​ប្រកបដោយ​សន្តិវិធី និង​ការយោគយល់​គ្នា ដើម្បី​កម្មករ និ​យោ​ជិ​កមាន​ជំនាញ​វិជ្ជាជីវ​កាន់តែ​ពូកែ​សំដៅ​បង្កើន​ប្រសិទ្ធិភាព​ការងារ​អោយ​កាន់តែ​ខ្ពស់​ថែមទៀត​ដើម្បី​ជា​ផលប្រយោជន៍​ទាំងអស់គ្នា​។

ទន្ទឹម​នោះ លោក មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កត់សម្គាល់​ដែរ​ថា កា​រៀបចំ​ទិវា​ពិភពលោក ដើម្បី​សុខ​សុ​វត្តិភាព និង​សុខភាព​ការងារ​នា​ថ្ងៃនេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​សារ​ធា​រណ​ជន ជាពិសេស​កម្មករនិយោជិត អោយបាន​យល់ច្បាស់​ពី​ខ្លឹមសារ និង​អត្ត​ន័យ នៃ​សុ​វត្តិភាព និង​សុខភាព​ការងារ ក៏ដូចជា​អនាគត​ការងារ​របស់​ប្អូនៗ កម្មករ កម្មការិនី ដែល​កិច្ចការ​ទាំងនេះ គឺជា​កិច្ចការ​ដ៏​សំខាន់​និង​ចាំបាច់ ហើយ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកជំទាវ អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ ក៏ដូចជា​កម្មករនិយោជិត​ទាំងអស់​ត្រូវ​នាំគ្នា​ចូលរួម​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ និង​ចូលរួម​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន​អោយបាន​ស្អាត​ល្អ​ដើម្បី​ជាការ​ចូលរួម​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ខេត្ត ពិសេស​សូមអោយ​មានការ​សន្សំ​នូវ​ការប្រើប្រាស់​ទឹកស្អាត សម្រាប់​រក្សាបាន​នូវ​ការផ្គត់ផ្គង់​បានយូរ​អង្វែង ព្រោះថា​បច្ចុប្បន្ន​កត្តា​អាកាសធាតុ​មិន​អំណោយផល​ដែលជា​ហេតុ​ធ្វើឱ្យ​ខេត្តកោះកុង ជួបប្រទះ​នូវ​ភាពរាំងស្ងួត និង​កង្វះ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់ ហេតុនេះហើយ​សូម​បងប្អូន​ទាំងអស់​មេត្តា​អត់ធ្មត់​និង​យោគយល់​ដល់​សំណាក់​អាជ្ញាធរ ក៏ដូចជា​មន្ទីរជំនាញ​ពាក់ព័ន្ធ​។

​តាម​ការប៉ាន់ប្រមាណរ​បស់​អង្គការ​អន្តរជាតិ​ខាង​ការងារ រកឃើញថា កម្មករ និយោជិត​ចំនួន ២.៧៨​លាន​នាក់ បាន​បាត់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​ជា​រៀងរាល់ឆ្នាំ​នៅលើ​សាកលលោក​ក្នុងនោះ​កម្មករនិយោជិត​ចំនួន ២.៤​លាន​នាក់​ដោយ​ជំងឺ​វិជ្ជាជីវៈ ព្រមទាំង​កម្មករនិយោជិត​ចំនួន ៣៧៤ លាន​នាក់​ទៀត​បាន​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​ដែល​មិន​បណ្តាល​ឱ្យស្លាប់​។

​ស្ថិតិ​នៃ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នេះ នៅ​បន្ត​កើនឡើង​ដែល​ក្នុងនោះ​ការកើន​ឡើង​ហានិភ័យ​ការងារ​ផ្នែក​សុខភាព​ផ្លូវចិត្ត ស្ត្រេ​ស​ការងារ និង​ជំងឺមិនឆ្លង​បាន​កើន​ឡើង​គួរឱ្យកត់សម្គាល់​នៅ​គ្រប់ផ្នែក​នៃ​ពិភពលោក និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​លោក ព្រមទាំង​ទាមទារ​ឱ្យមាន​វិធានការ​ការពារ​សុវត្ថិភាព​ការងារ​ឱ្យបាន​គ្រប់​ជ្រោយ​បន្ថែមទៀត​នៅ​ទូទាំង​ពិភពលោក​។

សម្រាប់​ក្នុងប្រទេស​កម្ពុជា​វិញ តាមរយៈ​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក៏បាន​បង្ហាញ​ឱ្យដឹង​ដែរ​ថា គ្រោះថ្នាក់​ការងារ ករណី​ស្លាប់ និង​ការចំណាយ​ទៅ​សំណង ហានិភ័យ​ការងារ​ឆ្នាំ ២០១៨ មាន​ថយចុះ​ស្មើនឹង ១៨.២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧៕B/