ឆ្នាំ​២០១៨ ខែមករា មាន​វ័យ​ជិត​បី​ពាន់​ឆ្នាំ​ហើយ​

623

(​ភ្នំពេញ)​៖ ខែមករា ជា​ភាសា បាលី ឬ សំស្ក្រឹត​ថា មករៈ មានន័យថា ត្រី​ថ្ករ ដែល​គេ​ច្រើន​ហៅថា ឆ្លាម​មករ ។ គេ​អាច​ហៅ​ខែមករា​ថា មករៈរាសី ក៏បាន ។ ខែ​នេះ​មាន​រយៈពេល​៣១​ថ្ងៃ ជា​ខែ​ទី​១០ នៃ​សុរិយគតិ ស្ថិតក្នុង ហេមន្តរដូវ គឺ​រដូវ​មាន​ទឹកសន្សើម ឬ រដូវរងា ត្រូវ​នឹង​ខែបុស្ស​-​មាឃ ហើយ ជា​ខែ​ទី​១ នៃ​ប្រតិទិន ហ្គ្រេ​ហ្កូ​រាន ដែល ជា​ប្រតិទិន​សកល ។​

​ថ្ងៃទី​១ នៃ​ខែមករា ត្រូវបាន កំណត់ថា​ជា​ថ្ងៃ​ចូលឆ្នាំថ្មី​សកល តាំងពី ១៥៣​ឆ្នាំ មុន​គ្រិស្តសករាជ ប៉ុន្តែ​រហូត ដល់​ឆ្នាំ​ទី​៤៦ មុន​គ្រិស្តសករាជ ទើបត្រូវ បាន​ទទួលយក និង​អនុវត្តន៍​ជាទូទៅ​រហូតមកដល់ សព្វថ្ងៃ ។ តាម​ធម្មតា ខែ មករា ជា​អំឡុងពេល​ដែលមាន​អាកាស ធាតុ​ត្រជាក់​បំផុត នៅ​អឌ្ឍគោល​ខាង ជើង និង​ជា​ខែ​ទី​២ នៃ​សិសិររដូវ នៅ ទីនោះ ។ ប៉ុន្តែ​វា​ជា​អំឡុងពេល​ដែលមាន​អាកាសធាតុ​កក់ក្តៅ បំផុត​ប្រចាំឆ្នាំ នៅ​តំបន់​ភាគច្រើនបំផុត​នៃ​អឌ្ឍគោល ខាងត្បូង ហើយ​នៅ​ទីនោះ មករា​ជា​ខែ ទី​២ នៃ​រដូវក្តៅ ។

​កំណើត​ខែ មករា​
​ដំបូង​ឡើយ ប្រតិទិន​រ៉ូ​ម៉ាំង​មាន ឈ្មោះថា ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​រៀបចំ ឡើង​ដោយ​សហ​ស្ថាបនិក ទីក្រុង​រ៉ូម ឈ្មោះ រ៉ូ​មូ​លូ​ស នៅ​៧៥៣​ឆ្នាំមុន គ្រិស្តសករាជ ។ ប្រតិទិន​នេះ ក្នុង​មួយឆ្នាំ មានតែ​១០​ខែ​ត្រូវជា​៣០៤​ថ្ងៃ​ប៉ុណ្ណោះ ដោយ​នៅសល់​៦១​ថ្ងៃ នៃ​សិសិររដូវ ពុំ​ត្រូវ​បានកំណត់ ឬ​ចាត់​ចូលក្នុង​ខែ ណាមួយ​ឡើយ ។ ខែ​ទី​១ នៃ​ប្រតិទិន រ៉ូ​មូ​លូ​ស គឺ​ខែមីនា ។​

៤០​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ ឆ្នាំ​ទី​៧១៣​មុន​គ្រិស្តសករាជ អ​ធិ​រាជ្យ រ៉ូ​ម៉ាំង ព្រះនាម នូ​ម៉ា ប៉ុ​ម​ពី​លី​យឺ​ស បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ដោយ​ការ បញ្ចូល​ខែ​ចំនួន​ពីរ​នៅ​ខាងដើម គឺ​ខែ មករា (Ianuarius or Januarius = January) និង ខែកុម្ភៈ (Februarius or Februarius=February) ហើយ​គេ​បានឱ្យ ឈ្មោះ​ប្រតិទិន​ថ្មី​នេះ​ថា “​ប្រតិទិន នូ​ម៉ា​”​។ ខែមករា (​និង​ខែកុម្ភៈ​) ក៏​ចាប់ផ្តើម បង្ហាញ​វត្តមាន​ក្នុង​លោក​តាំងពី​ពេលនោះ មក​។ ដូច្នេះ​នៅ​ឆ្នាំ​២០១៨ ខែ មករា មាន​វ័យ​ចំណាស់​២.៧៣១​ឆ្នាំ ហើយ ។​

​មូលហេតុ​នៃ​ឈ្មោះ​ខែ មករា​
​ប្រភព​ឈ្មោះ ខែមករា ជា ភាសា​អង់គ្លេស​ថា January មកពី​ឈ្មោះ របស់​ទេវតា​មួយអង្គ​ឈ្មោះ ជេ​នូ​ស (Janus) ដែល​ត្រូវគេ​ស្គាល់​ផងដែរ​ថា ឈ្មោះ ឡា​នួ​រី​យើ​ស (Ianuarius) ។ ជេ​នូ​ស ឬ ឡា​នួ​រី​យើ​ស ជា​ទេវតា​រក្សា ទ្វារ (​ទ្វារបាល​ទេព​) នៅក្នុង​ទេវ​កថា រ៉ូ​ម៉ាំង និង​ជា​ទេវតា​មុខ​ពីរ ដែល​មើល ទៅក្រោយ (​អតីតកាល ឬ ឆ្នាំ​ចាស់​) និង មើលទៅ​មុខ (​អនាគតកាល ឬ ឆ្នាំ​ថ្មី​) ផង ។ Janus ឬ Ianuarius ដែលជា ប្រភពដើម​នៃ​ខែមករា (January) នេះ មកពី​ភាសាឡាតាំង​ថា ianua មានន័យ ស្មើ នឹង​ភាសា​អង់គ្លេស​ថា door ឬ doorway ឬ gate ដែលមាន​ន័យ​ជា​ភាសា ខ្មែរ​ថា “​ទ្វារ​” ឬ “​ផ្លូវ​ចូល​” ។

​ខែមករា ឬ January នេះ គឺ ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង ព្រះនាម នូ​ម៉ា ប៉ុ​ម​ពី​លី​យឺ​ស ជា​អ្នក​ដាក់ឱ្យ ដោយ ទ្រង់​យល់ថា ខែមករា​នេះ ជា​ទ្វារ ឬ​ជា ច្រកចូល​ទៅក្នុង​ឆ្នាំ​នីមួយៗ អាច​ប្រដូច ទៅនឹង​ទេវតា ជេ​នូ​ស ជា​អ្នកយាម​ទ្វារ ជាទី​ដែល​គេ​ត្រូវ​ឆ្លងកាត់ ដើម្បី​បាន ចូលទៅក្នុង​ទី ឬ វិមាន​ណាមួយ ។

​ក៏​ស្របគ្នា​ជាមួយ​អត្ថន័យ​ខាង លើ​នេះដែរ បើ​គេ​បកស្រាយ​ទៅលើ រូប​ទេវតា ជេ​នូ​ស ជា​ទេវតា​រក្សា​ទ្វារ ដែលមាន​មុខ​ពីរ​នោះ គឺ​មានន័យថា​ជា ខែ​ដែល​គេ​ត្រូវ​គិតពិចារណា​អំពី​បទពិសោធន៍​កាលពី​ឆ្នាំ​ចាស់ ដើម្បី​រៀបចំ​ជីវិត​សម្រាប់​ឆ្នាំ​ថ្មី ។​

​ឈ្មោះ​ខែមករា នៅក្នុង វប្បធម៌​ជាតិ​សាសន៍​ផ្សេងៗ​
​ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​នៃ ខែមករា (January) រួមទាំង​ការកំណត់ ដំបូង​របស់​រ៉ូ​ម៉ាំង​ថា Ianuarius ដែល ក្នុងន័យ​របស់​សាកសុង​ថា Wulf-monath ដែល​មានន័យ​ស្មើនឹង​ភាសា​អង់គ្លេស បច្ចុប្បន្ន​ថា wolf month ប្រែ​ថា​ខែ​នៃ សត្វ​ចចក​។ ដោយហេតុនេះ ទើប​វប្បធម៌​បណ្តា​ប្រទេស​មួយចំនួន នៅ​អឺរ៉ុប​បាន ហៅ បូណ៌មី​តិថី ឬ ថ្ងៃ​ដែលមាន​ព្រះ​ចន្ទ ពេញវង់​នៃ​ខែមករា ឈ្មោះ “​ព្រះ​ចន្ទ ចចក​” (Wolf moon) ឬ “​ព្រះ​ចន្ទ​ត្រជាក់​” (Cold Moon) ។​

​ចំពោះ​អត្ថន័យ​នៅក្នុង​វប្បធម៌ ហ្វាំ​ង​ឡង់ ហៅ​ខែមករា​ថា “​ខែ​ដើម សែន​” (tammikuu= month of the oak) ប៉ុន្តែ​ន័យ​ដើម ពាក្យ​ថា tammi (​ដែល បានក្លាយ​ទៅជា​ពាក្យ​ថា tammikuu) ដើមឡើយ​មានន័យ​ស្មើនឹង​ពាក្យ​ថា axis ឬ core ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ ថា “​បេះដូង​” ឬ “​បណ្តូល​” ។ ដោយហេតុ នេះ ទើប​អ្នកខ្លះ​ហៅ​ខែមករា តាម វប្បធម៌​ហ្វាំ​ង​ឡង់​ថា “​ខែ​ដែលជា បេះដូង ឬ​បណ្តូល​នៃ​សិសិររដូវ​” (the month of the heart of winter) ដោយ សេចក្តី​ថា ខែមករា ស្ថិតនៅ​ចំ​កណ្តាល នៃ​សិសិររដូវ ហើយ​គេ​ក៏បាន​ប្រៀប ប្រដូច​វា​ឱ្យ​ស្មើនឹង​បេះដូង ឬ បណ្តូល​នៃ រដូវ​ត្រជាក់​នេះឯង ។

​វប្បធម៌​ប្រជាជន​ឆែក​ហៅ​ខែមករា នេះ​ថា “​ខែ​ទឹកកក​” (ice month) ដ្បិត​ខែ​នេះ​ជា​ពេលដែល ធ្លាក់​ទឹកកក ឬ​ជា ពេលដែល​ទឹក​នៅក្នុង​ត្រពាំង​បឹងបួ​កក ដោយសារ​អាកាសធាតុ​ត្រជាក់​ក្រោម សូន្យ​អង្សា ។ នៅ​តួ​ក​គី​ហៅ ខែមករា នេះ​ថា “​ចង្ក្រាន​កម្តៅ​” (fireplace) ព្រោះ​ជា​ពេលដែល​គេ​ត្រូវ ការ​ចង្ក្រាន កម្តៅ​នៅក្នុង​ផ្ទះ ដោយសារ​រយៈពេល នៃ​ខែម​ករានេះ​អាកាសធាតុ​ត្រជាក់​ខ្លាំង​។​

​ព្រឹត្តិការណ៍​ផ្សេងៗ​
ថ្ងៃទី​១​ជា​ទិវា​ប្រកាស​ឯករាជ្យភាព ព្រុយ​ណេ​និង​ជា​ទិវា​សេរីភាព​នៃ​ប្រទេស គុយបា , ទិវា​ឯករាជ្យ​ជាតិ មី​យ៉ាន់​ម៉ា ធ្វើ​នៅ​ថ្ងៃទី​៤ និង​ទិវា​កាន់ទុក្ខ នៃ​ការ បង្ក្រាប​របស់​អាណានិគម​នៃ​ប្រទេស អង់​ហ្គោ​ឡា ។ ទី​៧ ខែមករា ជា ទិវា​ជ័យ ជម្នះ​នៃ​រណ​សិ​រ្យ​សាមគ្គី សង្គ្រោះ​ជាតិ កម្ពុជា និង​ជា​ថ្ងៃបុណ្យ​ណូអែល​នៅ ប្រទេស​រុស្ស៊ី​និង​បណ្តា​ប្រទេស​ដែល​កាន់ គ្រិស្តសាសនា​និកាយ​អ័​រ​ធូ​ដុ​ក្ស (​ដែល ត្រូវគេ​ធ្វើជា​ទូទៅ​នៅ ថ្ងៃទី​២៥ ខែធ្នូ​) ។​

​បុណ្យ​ទិវា​ការមកដល់​នៃ​អាយុ​នៅ ប្រទេស​ជប៉ុន​ប្រារឰ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍ ទី​២ ។ ទិវា​ជាតិ​នៃ​ការ យល់ដឹង​ពី​ការ ជួញដូរ​មនុស្ស​នៅ​សហរដ្ឋអាមេរិក និង ទិវា​ប្រកាស​ឯករាជ្យ នៃ​ប្រទេស​ម៉ូ​រ៉ូ​កូ ប្រារឰ​នៅ​ថ្ងៃទី​១១ ខែមករា ។ ទិវា ម៉ា​ទីន​លូ​ធ័​រ​ឃី​ង​ជូ​នៀ គឺជា​ថ្ងៃ​ឈប់សម្រាក​មួយ​រប​ស់ស​ហរ​ដ្ឋ អាមេរិក ដែល​រំលឹក​ដល់​លោក​បណ្ឌិត​ម៉ា​ទីន​លូ​ធ័​រ​ឃី​ង​ជា​មេដឹកនាំ​បដិវត្តន៍​ការប្រកាន់​រើសអើង​ចំពោះ សម្បុរស្បែក (​ស​ខ្មៅ​) ។ ទិវា​ឈប់សម្រាក​នេះ​ប្រារឰ ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​នៃ សប្តាហ៍​ទី​៣ ខែមករា ។ ថ្ងៃទី​២៦ ជា​ទិវា ជាតិ​អូស្ត្រាលី ។ ខែមករា​ជា​រដូវ​កាល ដ៏​ពេញទំហឹង​នៃ​អាពាហ៍ពិពាហ៍​នៅ ប្រទេស​កម្ពុជា ។​

ជំនឿ​ហោរា​បស្ចិម​លោក​
​ហោរាសាស្ត្រ​លោកខាងលិច​បុគ្គល ដែល​ចាត់ទុកថា ជា​មនុស្ស​មកររាសី គឺ​ជនានុជន​ទាំងឡាយណា កើត​នៅ អំឡុង​ថ្ងៃទី​២២​ខែធ្នូ​ដល់​ថ្ងៃទី​១៩​មករា ។ និមិត្តសញ្ញា​នៃ​បុគ្គល​កើត​ខែមករា គឺ​សត្វ ពពែ ធាតុដី ទទួល​ឥទ្ធិពល​ពី​ភព​សៅរ៍ (Saturn)​ជា​ប្រភេទ​មនុស្ស​ពូកែ​ខាង​ទ្រឹស្តី​។ បុគ្គល​កើត​ខែមករា​ស្មើ នឹង​មនុស្ស កើត​ឆ្នាំ​គោ ឬ​ឆ្នាំឆ្លូវ នៃ​ប្រតិទិន​ចិន​ឆុង នឹង​មនុស្ស​កើត​ខែកក្កដា (២១​មិថុនា​-២២​កក្កដា​) ។ ពណ៌​ដែល​សក្តិសម គឺ ពណ៌​ត្នោត ឯត្បូង​នាំ​សំណាង គឺ​ត្បូង ដៃរគៀម (Onyx) ។​

​បុគ្គល​កើត​ក្នុង​មកររាសី គឺជា មនុស្ស​ពូកែ​តស៊ូ​ពុះពារ​ព្យាយាម​ក្នុង ឆាកជីវិត​ណាស់​ជាម​នុស្ស ឯករាជ្យ​ជា លក្ខណៈពិសេស​មួយ​អនុញ្ញាតឱ្យ​បុគ្គល នេះ​អាច​បោះជំហាន​ទៅមុខ​ជានិច្ច​ពាក់ ព័ន្ធ​នឹង​រឿង​ផ្ទាល់ខ្លួន និង​ការងារ ។ មានការ​ទទួលខុសត្រូវ​មាន​វិន័យ​គ្រប់គ្រង​ខ្លួនឯង​បុគ្គល​នេះ​តែង ប្រាថ្នា សម្រេច ដល់​ទីដៅ​ខ្ពស់​ក្នុង​ការងារ​ដោយ​ចាប់ ផ្តើម​ពី​ឋានៈ​តូចតាច​មិន​ចង់ឱ្យ​នរណា ម្នាក់​លើក​បន្តុប​ឱ្យមាន​ឋានៈ​ខ្ពស់​ដោយ មិនបាន​បញ្ចោ​ញ​សមត្ថភាព​ឡើយ ។ គេ​ក៏​ជា​មនុស្ស​ពូកែ កំប្លែង​គ្រាន់បើ​ដែរ ។​

​ប៉ុន្តែ​ជួនកាល​គេ​មាន​ចំណុចខ្សោយ ដោយសារ​ដឹង​រឿងរ៉ាវ​ច្រើនពេក​មិន ងាយ​អត់ឱន​ឱ្យ​អ្នកដទៃ ។ គេ​ពុំ​សូវ​ជា ចូលចិត្ត​មាន​មិត្តភក្តិ​ក្នុងសង្គម​ច្រើន​ទេ ពោលគឺ​ចង់​បានតែ​មិត្តភក្តិ​ដែល​ខ្លួន យល់ថា ជា​មនុស្ស​ស្មោះស្ម័គ្រ និង​ចិត្តល្អ តែប៉ុណ្ណោះ ។ គេ​ជា​មនុស្ស​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ស្នេហា ដោយ​សន្សឹមៗ ក៏​មិន​ចេញមុខ​មុនគេ​ឡើង ។ បុគ្គល​នេះ ផ្តល់​តម្លៃ​ទៅលើ​តម្រូវការ​របស់​ដៃគូ ខ្លាំងណាស់​។​

​និយាយ​រឿង​លុយកាក់​បុគ្គល​នេះ​ពូកែ​ខាង​ចាត់ចែង​ណាស់ ។ បុគ្គល នេះ​ប្រហែលជា​ចំណាយ​ធំ​បន្តិច ប៉ុន្តែ របស់របរ​ដែល​បុគ្គល​នេះ​ទិញ​តែងតែ ជា​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់ និង​មាន​ប្រយោជន៍​ប្រើ​បាន ច្រើន​ឆ្នាំ ៕ ដោយ: ភ្នំស្វាយ

​ត្បូង​ដៃរគាម ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់ មនុស្ស កើត​ខែមករា
គំនូរ​រូប​សត្វ​ពពែ​ជា​និម្មិត​សញ្ញា នៃ ខែមករា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​)
គំនូរ​រូប​ទេវតា ជេ​នូ​ស ជា​ទេវតា​មុខ​ពីរ​នៅក្នុង​ទេវ​កថា​រ៉ូ​ម៉ាំង ជា​ប្រភពនៃ ឈ្មោះ​ខែ មករា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​)​