ឆ្នាំ​២០១៩​ចិន​-​កម្ពុជា​នឹង​សហការគ្នា​អនុវត្ត​ច្បាប់​តឹងរឹង​គ្រប់គ្រង​ជនជាតិ​ចិន​ដែល​ប្រព្រឹត្តិ​ខុសច្បាប់​

617
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​កើត​នូវ​បទល្មើស​មួយចំនួន បង្កឱ្យមាន​បាតុភាព​ខ្លះៗ ពាក់ព័ន្ធ​ទៅនឹង​ជនជាតិ​ចិន ដែល​បានមក​ធ្វើការ និង​ក៏ដូចជា​វិនិយោគទុន​នៅ​កម្ពុជា​នោះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​លើកឡើងថា​ក្នុង​ឆ្នាំ​២០១៩​នេះ​ទាំង​ភាគី​ចិន​-​កម្ពុជា នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាង​តឹងរឹង​ដើម្បី​ចាត់​វិធាន​ផ្លូវច្បាប់​មិនឱ្យ​ជនល្មើស​រួចខ្លួន​នោះឡើយ​។​

​លោក វ៉ាង វិ​ន​ធាន​(Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ឱ្យដឹងថា ដើម្បី​ផ្តល់នូវ​បរិយាកាស​ល្អ និង​មាន​សន្តិសុខ​សណ្តាប់ធ្នាប់ ហើយ​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​កាន់តែច្រើន​ថែមទៀត​នោះ​ភាគី​ប្រទេស​ទាំង​២ ជាពិសេស​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ច្រើន​ថែមទៀត ដើម្បី​បង្ក្រាប​ទៅលើ​ជនល្មើស ជនជាតិ​ចិន​កំពុង​រស់នៅ​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍ថា​”​យើង​ចាត់ទុកថា ឆ្នាំ​២០១៩​នេះ ជា​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ដើម្បី​វាយប្រហារ​យ៉ាងខ្លាំង​បន្ថែមទៀត​ទៅលើ​ជនល្មើស​។ យើង​នឹង​សហការ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ទៅលើ​សកម្មភាព​មួយចំនួន ជាពិសេស​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ការចាប់​ជំរិត បារី​ក្លែងក្លាយ ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​បទល្មើស​ជាច្រើន​វិស័យ​ទៀត​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន​”​។​

​ទាកទិន​ទៅនឹង​ការអនុវត្ត​ច្បាប់​នេះដែរ លោក ឯកអគ្គរដ្ឋទូត​បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ជនល្មើស​ដែរ​ថា “​ភាគី​ទាំងពីរ​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ក្នុងការ​ចាត់វិធានកា​រ​ចំពោះ​បទល្មើស ហើយ​ប្រទេស​កម្ពុជា​ជា​នីតិរដ្ឋ​មួយ ដូច្នេះ​ភាគី​ទាំង​២ នឹង​សហការ​ចាត់វិធានការ យ៉ាង​ពេញទំហឹង បើ​ពួកគេ​នៅតែ​បន្តធ្វើ​បទល្មើស នោះ​ចៀស​មិន​ផុត​ផ្លូវច្បាប់​ឡើយ​”​។​

​លោក​បាន​បន្ថែមថា “​យើង​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត ក្នុងការ​ចាត់វិធានកា​រ​ទៅលើ​បទល្មើស ការលេង​ល្បែង​តាម​អ៊ី​ន​ធើ​ណិ​ត ជួញដូរ​មនុស្ស កិច្ចការពារ​សន្តិសុខ​ជាតិ និង​ក៏ដូចជា​ការបង្ក្រាប​ភេរវកម្ម គឺ​ភាគី​ទាំងពីរ​មានការ​សហការ​យ៉ាង​ល្អប្រសើរ ហើយ​ឥឡូវ​ស្ថាប័ន​អនុវត្ត​ច្បាប់ របស់​ប្រទេស​ទាំង​២ ក៏បាន​សិក្សា​បន្ថែមទៀត ដើម្បី​រៀបចំ​នៃ​ផែនការ​សកម្មភាព នៅ​ឆ្នាំ​អនុវត្ត​ច្បាប់​នេះ ហើយ​ជឿជាក់ថា ភាគី​ទាំងពីរ នឹងមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​នៅក្នុង​កម្រិត​ថ្មី​មួយទៀត​”​។​

​ដោយឡែក​ទាក់ទិន​ទៅនឹង​ការ​លេច​នូវ​ព័ត៌មាន​ក្លែងក្លាយ មួយចំនួន​ពិសេស​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ផ្សព្វផ្សាយ​បង្កាត់​បង្ខូច​ជនជាតិ​នៅ​កម្ពុជា​វិញ​នោះ​ត្រូវបាន លោក ឯកអគ្គរដ្ឋទូត​បាន​លើកឡើងថា​នាពេលនេះ​ខាង​ស្ថានទូត​កំពុង​ផ្តោត​ការចាប់អារម្មណ៍​ជាមួយ​ព័ត៌មាន​ទាំងនេះ​ផងដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត ស​ង្ឃឺ​ម​ជឿជាក់ថា​បណ្តាញ​សារពត៌មាន​នៅ​កម្ពុជា​នឹង​ផ្សព្វផ្សាយ ព័ត៌មាន​ដែល​ពិត​ទូលំទូលាយ​ថែមទៀត​ចៀសវាង​ការយល់ច្រឡំ​ណាមួយ​បង្ក​ការខាតបង់​ដល់​ភាគី​ទាំងពីរ​។ ជាមួយគ្នា​លោក​អំពាវនាវ​ឱ្យ​បណ្តាញ​សារពត៌មាន​ទាំងអស់ បើ​ចង់ដឹងថា​ពត៌មាន​ណាមួយ​ពិត​ឬ​មិន​ពិត​នោះ​គប្បី​ទូរស័ព្ទ​ទៅកាន់​ស្ថានទូត​ចិន ហើយ​មន្ត្រី​ស្ថានទូត​នឹង​នឹង​ផ្តល់​ពត៌មាន​មួយ​ជាក់លាក់​ជូន​៕ ល​