ឆ្នាំ​២០១៩​នេះ​កូរ៉េ​បញ្ជូន​គ្រូបង្រៀន​១៤​នាក់មក​កម្ពុជា​ឯ​កម្ពុជា​បញ្ជូន​គ្រូ​១៦​នាក់​ទៅ​បង្រៀន​នៅ​កូរ៉េ​

224
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​គ្រូបង្រៀន​ជនជាតិ​កូរ៉េ​ចំនួន​១៤​រូប​ត្រូវបាន​ផ្លាស់ប្តូរ​មក​បង្រៀន​តាម​សាលារៀន​នៅ​កម្ពុជា​និង​ចំណែក​គ្រូបង្រៀន​កម្ពុជា​ចំនួន​១៦​រូប​នា​ឆ្នាំ​២០១៩​នេះដែរ​បាន​ចេញទៅ​បង្រៀន​នៅ​ប្រទេស​កូរ៉េ ក្រោម​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ទាំងពីរ​។​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ផ្លាស់ប្តូរ​បទពិសោធន៍ ក៏ដូចជា​ផ្កាស់​ប្តូរ​នូវ​វប្បធម៌​រវាង​ប្រទេស​ទាំង​២​។​

​បញ្ជាក់​ឱ្យដឹង​ក្នុង​ពិធី​“​ទទួល​ស្វាគមន៍​គ្រូបង្រៀន​ជនជាតិ​កូរ៉េ​”​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​គ្រូបង្រៀន​កូរ៉េ​-​កម្ពុជា​ឆ្នាំ​២០១៩​ដែល​បាន​រៀបចំឡើង​នា​សណ្ឋាន​គារ​កាំបូឌីយ៉ាណា​។​លោក​ម៉ុក​សា​រ៉ុ​ម​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹងថា​ការផ្លាស់ប្តូរ​គ្រូបង្រៀន​កូរ៉េ​-​កម្ពុជា​នេះ​ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​អប់រំ​ប្រទេស​ទាំងពីរ​។​

​សម្រាប់​ឆ្នាំ​នេះដែរ​គឺជា​ឆ្នាំ​ទី​៣​ហើយ​នៃ​ការផ្លាស់ប្តូរ​គ្រូបង្រៀន​ប្រទេស​ទាំង​២​ដោយ​ក្នុងនេះ​គ្រូបង្រៀន​កូរ៉េ នឹង​ស្នាក់នៅ​ប្រទេស​កម្ពុជា ប្រមាណ ៤​ខែ ចាប់ពី​ខែមេសា​ដល់​ខែកក្កដា​ឆ្នាំ​២០១៩​។​លោក​ថា “​កិច្ចសហប្រតិបត្តិការ​ផ្លាស់ប្តូរ​គ្រូបង្រៀន​រវាង​កម្ពុជា​-​កូរ៉េ​នេះ​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ពិសេស​ការរៀន​និង​ការបង្រៀន​។​

សង្គម​យើង​ត្រូវការ​អភិវឌ្ឍន៍​ត្រូវការ​ស្វែងយល់​ពី​វិ​សាស្ត្រ​ផ្នែក​វិស័យ​អប់រំ​គ្នា​ទៅវិញទៅមក​។​ឆ្នាំនេះ​គ្រូបង្រៀន​កូរ៉េ​បានមក​បង្រៀន​នៅ​កម្ពុជា​ចំនួន​១៤​នាក់ ឯ​គ្រូបង្រៀន​កម្ពុជា​ចំនួន​១៦​នាក់​ក៏បាន​ចេញទៅ​បង្រៀន​នៅ​ប្រទេស​កូរ៉េ​វិញ​ដែរ​។​

​ក្នុងនេះ​ការបង្រៀន​មួយ​សាលា​គោលដៅ​គ្រូបង្រៀន​កូរ៉េ​មាន​ចំនួន​២​នាក់​ដោយ​បង្រៀន​ចំនួន​១៦​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ដោយបាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​សិល្បៈ ប្រពៃណី​និង​ភាសា​កូរ៉េ​ជាដើម​”​។​

ទាក់ទិន​ទៅនឹង​ការបញ្ជូន​គ្រូបង្រៀន​រវាង​ប្រទេស​ទាំង​២​នេះដែរ ត្រូវបាន​លោក ម៉ុក​សា​រ៉ុ​ម ឱ្យដឹងថា​នៅ​ឆ្នាំ​២០១៧​កម្ពុជា​បាន​បញ្ជូន​គ្រូបង្រៀន​ទៅ​ប្រទេស​កូរ៉េ​ចំនួន ៦​នាក់ ឆ្នាំ​២០១៨​បាន​បញ្ជូន​១០​នាក់​និង​ឆ្នាំ​២០១៩​នេះ​កម្ពុជា​បាន​បញ្ជូន​គ្រូបង្រៀន​ទៅ​ប្រទេស​កូរ៉េ​កើនឡើង​រហូតដល់​១៦​នាក់ ។​

​បញ្ជាក់​ក្នុង​ពិ​ថី​នេះដែរ លោក​អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹងថា ការអប់រំ ជា​វិស័យ​គន្លឹះ មួយ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​សំដៅ​ជំរុញ​ឱ្យ​សង្គម​និង​សេដ្ឋ​
​កិច្ច​រីកចម្រើន​។​

បច្ចុប្បន្ននេះ​សង្គម​និង​សេដ្ឋកិច្ច​មានការ​អភិវឌ្ឍ​ន៍​និង​មានការ​រីកចម្រើន​ដែលជា​កម្លាំងចលករ​ជំរុញឱ្យមាន​ការកែលម្អ​ការអប់រំ​ដើម្បី​អាចឆ្លើយតប​ទៅនឹង​ការវិវត្ត​ថ្មីៗ​របស់​សង្គម​និង​សេដ្ឋកិច្ច​។​ព្រមជាមួយ​គ្នា​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​គ្រូបង្រៀន​រវាង​កម្ពុជា​-​កូរ៉េ​នេះ​គឺជា​ផ្នែក​មួយ​មិន​ត្រឹមតែ​ជួយ​ដល់​បទពិសោធន៍​វិស័យ​អប់រំ​ទេ​។​ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​នៃ​វិស័យ​សិល្បៈ​រវាង​ប្រទេស​ទាំង​២​យ៉ាងសំខាន់​ទៀតផង​៕S/

​ពិធី “​ទទួល​ស្វាគមន៍​គ្រូបង្រៀន​ជនជាតិ​កូរ៉េ​”​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​គ្រូបង្រៀន​កូរ៉េ​-​កម្ពុជា​ឆ្នាំ​២០១៩” នា​សណ្ឋាន​គារ​កាំបូឌីយ៉ាណា​កាលពី​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​