ឆ្នាំ​២០១៩​នេះ​សមាគម​ធំៗ​ចំនួន​២​គ្រោង​ផ្តល់​អាហារ​រូបករណ៍​ចំនួន​ជាង​៥​ពាន់​កន្លែង​ដល់​យុវជន

307
ចែករម្លែក

ដោយ:​ដេប៉ូ​/ភ្នំពេញ​ ៖ ​ក្រុម​សមាគម​ធំៗ​ចំនួន​២​គឺ សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង សមាគម យុវជន​សេដ្ឋកិច្ចកម្ពុជា បានប្រកាសថា ខ្លួន​មាន​គម្រោង​ផ្ដល់​អាហា រូបករណ៍​ថ្នាក់អនុបណ្ឌិត​ចំនួន ៥០០​កន្លែង និង​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ និង​ផ្នែក​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) សរុប​ចំនួន៥,០០០​កន្លែង​ទៀត ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​នៅ​ទូទាំងប្រទេស​កម្ពុជា​។

ការបញ្ចេញ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​បណ្ឌិត ឡី សុភាព ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា ក្នុង​ពិធី​ប្រគល់​-​ទទួល​វិញ្ញាបនបត្រ និង​ជ័យលាភី​ដល់​សិក្ខាកាម សិស្ស​-​និស្សិត​សរុប​ប្រមាណ​ជាង ២៥០​នាក់ នៅ​ទីស្នាក់ការ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វា នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​។​

បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន លោក បណ្ឌិត ឡី សុភាព បានឱ្យដឹងថា​ក្នុង​ឆ្នាំ​២០១៩​នេះ សមាគម​របស់លោក​នឹង​សហការ​ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយចំនួន ដើម្បី​ផ្ដល់​អាហារូបករណ៍​នៅ​ថ្នាក់អនុបណ្ឌិត ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង ព្រមទាំង​ផ្នែក​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) បន្ថែមទៀត ក្នុងនោះ​រួមមាន​ដូចជា​៖​សម្រាប់​ថ្នាក់អនុបណ្ឌិត មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​៣​ធំៗ​ទទួល​ការបង្រៀន​និស្សិត តាមរយៈ​សមាគម​ទាំងពីរ​ខាងលើ ក្នុងនោះ​រួមមាន​៖ សាកលវិទ្យាល័យ​អន្តរជាតិ វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍​សហគ្រិន និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​នឹង​ផ្ដល់​អាហារូបករណ៍​សរុប​ប្រមាណ ៥០០​កន្លែង​។​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ បរិ​ញ្ញា​​ប​ត្រ​រង និង​ផ្នែក​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ សមាគម​គ្រោង​នឹង​ផ្ដល់​អាហារូបករណ៍​ជូន​សិស្ស​ក្រីក្រ​ប្រមាណ ៥,០០០​កន្លែង ឱ្យ​សិក្សា​ក្នុង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​៣​ដែរ ក្នុងនោះ​រួមមាន​៖ វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍​សហគ្រិន និង​នវានុវត្តន៍ វិទ្យាស្ថាន​ពាណិជ្ជកម្ម​អន្តរជាតិ និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​។​

បើតាម​លោក បណ្ឌិត​ឡី សុភាព បានឱ្យ​ដឹងផង​ថា ការបណ្ដុះបណ្ដាល​ដល់​សិក្ខាកាម និង​សិស្ស​-​និស្សិត គឺ​ស្របទៅនឹង​យន្តការ​របស់​ក្រសួង​ការងារ ដែល​បាន​ដាក់ចេញ​នូវ​កម្មវិធី​ស្ពាន​ចម្លង ក្នុង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ហៅថា «TVET អាចធ្វើ​បាន​» និង​កម្មវិធី «​រៀន​ពេញ​មួយជីវិត​»​។ ម្យ៉ាងទៀត ក៏​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​អាច​សម្រប​ខ្លួន​ទៅនឹង​បដិវត្ត​ឧស្សាហកម្ម៤.០ ក្នុងសម័យ​ឌី​ជី​ថ​លូ​ប​នីយកម្ម​នេះ​។​

ទ​ន្ទឺ​ម​ជាមួយគ្នានេះ លោកបណ្ឌិត ឡី សុភាព បាន​ជំរុញ​ដល់ ពលរដ្ឋ​កម្ពុជា​បន្ត​ការសិក្សា​របស់ខ្លួន​ឱ្យបាន​ជាប់​ជានិច្ច ស្របតាម​ការដាក់ចេញ​កម្មវិធី «​រៀន​មួយជីវិត​» របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចនឹង​ពាក្យចាស់​ពោលថា «​រស់​ដល់​ចាស់ រៀន​ដល់​ចាស់​»​។ ម្យ៉ាងទៀត ការអភិវឌ្ឍ​ប្រទេសជាតិ​មួយ​បាន គឺ​អាស្រ័យ​ទៅនឹង​ធនធានមនុស្ស​។​

លោក​បាន​មានប្រសាសន៍​ផង​ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោល នយោ បាយ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​» និង «​សេវាកម្ម​មួយ ស្ដង់ដា​មួយ​» ហើយ​នេះ​ជា​អ្វី ដែល​សមាគម​របស់លោក បានដាក់​ចេញ​ក្នុង​ស្ដង់ដា​ការអប់រំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដល់​សិក្ខាកាម និង​យុវជន​៕B/