ឆ្នាំ​២០១៩ ខែមករា មាន​អាយុកាល ២.៧៣២ ឆ្នាំ​ហើយ​

982
ចែករម្លែក
  • 2
    Shares

ភ្នំពេញ​៖ ខែមករា ជា​ភាសាបាលី ឬ​សំស្ក្រឹត​ថា មករៈ មានន័យថា ត្រី​ថ្ករ ដែល គេ​ច្រើន ហៅថា ឆ្លាម​មករ ។ គេ​អាច​ហៅ​ខែមករា ថា មករៈរាសី ក៏បាន ខែ​នេះ មាន​រយៈ ពេល​៣១​ថ្ងៃ ជា​ខែ​ទី​១០ នៃ​សុរិយគតិ ស្ថិតក្នុង​ហេមន្តរដូវ គឺ​រដូវ​មាន​ទឹកសន្សើម ឬ​រដូវរងា ត្រូវ​នឹង​ខែ បុស្ស​-​មាឃ ហើយ​ជា​ខែ​ទី​១ នៃ​ប្រតិទិន ហ្គ្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល​។​

​ថ្ងៃទី​១ នៃ​ខែមករា ត្រូវបាន​កំណត់ថា ជា​ថ្ងៃ​ចូលឆ្នាំថ្មី​សកល តាំងពី​១៥៣ ឆ្នាំ មុន​គ​.​ស ប៉ុន្តែ​ត្រូវបាន​គេ​ទទួលយក និង​អនុវត្ត​ជាទូទៅ​ឡើយ រហូតដល់​ឆ្នាំ​ទី​៤៦ មុន​គ​.​ស ទើប​គេ អនុវត្ត​រហូតមកដល់​សព្វថ្ងៃ ។ តាម​ធម្មតា ខែមករា ជា​អំឡុងពេល​ដែលមាន​អាកាសធាតុ ត្រជាក់​បំផុត នៅ​អឌ្ឍគោល​ខាងជើង និង​ជា​ខែ​ទី​២ នៃ​សិសិររដូវ នៅ​ទីនោះ ។ ប៉ុន្តែ​វា​ជា អំឡុងពេល ដែលមាន​អាកាសធាតុ​កក់ក្តៅ​បំផុត ប្រចាំឆ្នាំ នៅ​តំបន់​ភាគច្រើនបំផុត​នៃ​អឌ្ឍ គោល​ខាងត្បូង ហើយ​នៅ​ទីនោះ មករា ជា​ខែ​ទី​២ នៃ​រដូវក្តៅ ។​

​ដំបូង​ឡើយ ប្រតិទិន​រ៉ូ​ម៉ាំង មាន​ឈ្មោះថា ប្រតិទិន​រ៉ូ​មូ​លូ​ស ដែល​រៀបចំឡើង​ដោយ សហ​ស្ថាបនិក​ទីក្រុង​រ៉ូម ឈ្មោះ រ៉ូ​មូ​លូ​ស នៅ ៧៥៣ ឆ្នាំ មុន​គ​.​ស ។ ប្រតិទិន​នេះ ក្នុង​មួយឆ្នាំ មានតែ​១០​ខែ ត្រូវជា ៣០៤ ថ្ងៃ​ប៉ុណ្ណោះ ដោយ​យ​នៅសល់ ៦១​ថ្ងៃ នៃ​សិសិររដូវ ពុំ​ត្រូវបាន កំណត់ ឬ​ចាត់​ចូលក្នុង​ខែ​ណាមួយ​ឡើយ ។ ខែ​ទី​១ នៃ​ប្រតិទិន រ៉ូ​មូ​លូ​ស គឺ ខែមីនា ។​

៤០ ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំ​ទី​៧១៣ មុន​គ​.​ស អ​ធិ​រាជ្យ​រ៉ូ​ម៉ាំង ព្រះនាម នូ​ម៉ា ប៉ុ​ម ពី​លី​យឺ​ស បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ដោយ​ការបញ្ចូល​ខែ​ចំនួន ២ នៅ​ខាងដើម គឺ​ខែមករា (Ianuarius or Januarius = January) និង ខែ កុម្ភៈ (Februarius or Februarius=February) ហើយ​គេ​បានឱ្យ​ឈ្មោះ​ប្រតិទិន​ថ្មី​នេះ​ថា “ ប្រតិទិន​នូ​ម៉ា​” ។ ខែមករា (​និង​ខែកុម្ភៈ​) ក៏​ចាប់ផ្តើម​បង្ហាញ​វត្តមាន ក្នុង​លោក​តាំងពី​ពេលនោះ​មក ។ ដូច្នេះ​នៅ​ឆ្នាំ​២០១៩ ខែមករា មាន​វ័យ ចំណាស់ ២.៧៣២ ឆ្នាំ​ហើយ ។​

មូលហេតុ​នៃ​ឈ្មោះ​ខែ មករា
ប្រភព​ឈ្មោះ ខែមករា ជា​ភាសា​អង់គ្លេស​ថា January មកពី​ឈ្មោះ​របស់​ទេវតា​មួយអង្គ​ឈ្មោះ ជេ​នូ​ស (Janus) ដែល​ត្រូវគេ​ស្គាល់​ផងដែរ​ថា ឈ្មោះ ឡា​នួ​រី​យើ​ស (Ianuarius)​។ ជេ​នូ​ស ឬ​ឡា​នួ​រី​យើ​ស ជា​ទេវតា​រក្សា​ទ្វារ (​ទ្វារបាល​ទេព​) នៅក្នុង​ទេវ​កថា​រ៉ូ​ម៉ាំង និង ជា ទេវតា​មុខ ២ ដែល​មើលទៅ​ក្រោយ (​អតីតកាល ឬ​ឆ្នាំ​ចាស់​) និង​មើល​ទៅមុខ (​អនាគតកាល ឬ​ឆ្នាំ​ថ្មី​) ផង ។ Janus ឬ Ianuarius ដែលជា​ប្រភពដើម នៃ​ខែមករា (January) នេះ មកពី​ភាសាឡាតាំង​ថា ianua មានន័យ​ស្មើនឹង​ភាសា​អង់គ្លេស​ថា door ឬ doorway ឬ gate ដែល មានន័យ​ជា​ភាសា​ខ្មែរ​ថា “​ទ្វារ​” ឬ “​ផ្លូវ​ចូល​” ។

​ខែមករា ឬ January នេះ គឺ​ព្រះ​ចៅ​អ​ធិ​រាជ្យ​រ៉ូ​ម៉ាំង ព្រះនាម នូ​ម៉ា ប៉ុ​ម​ពី​លី​យឺ​ស ជា អ្នក ដាក់ឱ្យ ដោយ​ទ្រង់​យល់ថា ខែមករា​នេះ ជា​ទ្វារ ឬ​ជា​ច្រកចូល​ទៅក្នុង​ឆ្នាំ​នីមួយៗ អាច ប្រដូច ទៅនឹង​ទេវតា ជេ​នូ​ស ជា​អ្នកយាម​ទ្វារ ជាទី​ដែល​គេ​ត្រូវ​ឆ្លងកាត់ ដើម្បី​បាន​ចូលទៅក្នុង​ទី ឬ វិមាន​ណាមួយ ។
​ក៏​ស្របគ្នា​ជាមួយ​អត្ថន័យ​ខាងលើ​នេះដែរ បើ​គេ​បកស្រាយ​ទៅលើ​រូប​ទេវតា ជេ​នូ​ស ជា ទេវតា​រក្សា​ទ្វារ ដែលមាន​មុខ ២ នោះ គឺ​មានន័យថា ជា​ខែ​ដែល​គេ​ត្រូវ​គិតពិចារណា​អំពី បទពិសោធន៍ កាលពី​ឆ្នាំ​ចាស់ ដើម្បី​រៀបចំ​ជីវិត​សម្រាប់​ឆ្នាំ​ថ្មី ។​

​ឈ្មោះ​ខែ មករា នៅក្នុង​វប្បធម៌​ជាតិ​សាសន៍​ផ្សេងៗ ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ នៃ​ខែមករា រួមទាំង​ការកំណត់​ដំបូង​របស់​រ៉ូ​ម៉ាំង​ថា Ianuarius ដែល​ក្នុងន័យ​របស់​សាកសុង​ថា Wulf-monath ដែល​មានន័យ​ស្មើនឹង​ភាសា​អង់គ្លេស​បច្ចុប្បន្ន​ថា wolf month ប្រែ​ថា ខែ​នៃ​សត្វ​ចចក ។ ដោយហេតុនេះ ទើប​វប្បធម៌​បណ្តា​ប្រទេសមួយ ចំនួន នៅ​អឺរ៉ុប បាន​ហៅ បូណ៌មី​តិថី ឬ​ថ្ងៃ​ដែលមាន​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែមករា ឈ្មោះ “ ព្រះ​ចន្ទ​ចចក​” ឬ “​ព្រះ​ចន្ទ​ត្រជាក់​”​។​

ចំពោះ​អត្ថន័យ នៅក្នុង​វប្បធម៌​ហ្វាំ​ង​ឡង់​ដ៍ ហៅ​ខែមករា​ថា “​ខែ​ដើម​សែន​” (tammikuu= month of the oak) ប៉ុន្តែ​ន័យ​ដើម ពាក្យ​ថា tammi (​ដែល​បាន​ក្លាយទៅជា​ពាក្យ​ថា tammikuu) ដើមឡើយ មានន័យ​ស្មើនឹង​ពាក្យ​ថា axis ឬ core ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​បេះដូង​” ឬ “​បណ្តូល​” ។ ដោយហេតុនេះ ទើប​អ្នកខ្លះ ហៅ​ខែមករា តាម​វប្បធម៌​ហ្វាំ​ង​ឡង់​ដ៍​ថា “​ខែ​ដែលជា​បេះដូង​ឬ​បណ្តូល នៃ​សិសិររដូវ​” ដោយ​សេចក្តី​ថា ខែមករា ស្ថិតនៅ​ចំ​កណ្តាល នៃ​សិសិររដូវ ហើយ​គេ​ក៏បាន​ប្រៀបប្រដូច​វា ឱ្យ​ស្មើនឹង​បេះដូង ឬ​បណ្តូល នៃ រដូវ​ត្រជាក់ នេះ ឯង ។

​វប្បធម៌​ប្រជាជន​ឆែក ហៅ​ខែម​ករានេះ​ថា “​ខែ​ទឹកកក​” (ice month) ត្បិត​ខែ​នេះ ជា ពេលដែល​ធ្លាក់​ទឹកកក ឬ​ជា​ពេលដែល​ទឹក​នៅក្នុង​ត្រពាំង​បឹងបួរ កក ដោយសារ​អាកា​ធាតុ ត្រជាក់​ក្រោម​សូន្យ​អង្សា​។ នៅ​តួ​ក​គី ហៅ​ខែមករា នេះ​ថា “​ចង្ក្រាន​កំដៅ​” (fireplace) ព្រោះ​ជា​ពេលដែល​គេ​ត្រូវការ​ចង្ក្រាន​កំដៅ​នៅក្នុង​ផ្ទះ ដោយសារ​រយៈពេល នៃ​ខែមករា នេះ អាកាសធាតុ​ត្រជាក់​ខ្លាំង​។​

ព្រឹត្តិការណ៍​ផ្សេងៗ​
ថ្ងៃទី​១ ជា​ទិវា​ប្រកាស​ឯករាជ្យភាព ព្រុយ​ណេ និង​ជា​ទិវា​សេរីភាព នៃ​ប្រទេស គុយបា , ទិវា​ឯករាជ្យ​ជាតិ​មី​យ៉ាន់​ម៉ា ធ្វើ​នៅ​ថ្ងៃទី​៤ និង​ទិវា​កាន់ទុក្ខ នៃ​ការបង្ក្រាប​របស់​អាណានិគម នៃ ប្រទេស​អង់​ហ្គោ​ឡា ។ ទី​៧​ខែមករា ជា​ទិវា​ជ័យជម្នះ នៃ រណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​ជា​ថ្ងៃបុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី និង​បណ្តា​ប្រទេស​ដែល​កាន់​គ្រិស្តសាសនា​និកាយ អ័​រ​ធូ​ដុ​ក្ស (​ដែល​ត្រូវគេ​ធ្វើជា​ទូទៅ នៅ​ថ្ងៃទី​២៥ ខែធ្នូ​)​។​

​បុណ្យ​ទិវា​ការមកដល់​នៃ​អាយុ នៅ​ប្រទេស​ជប៉ុន ប្រារព្ធ​នៅ​ថ្ងៃទី​ចន្ទ សប្តាហ៍​ទី​២​។ ទិវា​ជាតិ នៃ​ការយល់ដឹង​ពី​ការជួញដូរ​មនុស្ស​នៅ​សហរដ្ឋអាមេរិក​និង ទិវា​ប្រកាស​ឯករាជ្យ នៃ ប្រទេស​ម៉ា​រ៉ុ​ក ប្រារព្ធ​នៅ​ថ្ងៃទី​១១ ខែមករា​។ ទិវា​ម៉ា​ទីន​លូ​ធ័​រ​ឃី​ង​ជូ​នៀ គឺជា​ថ្ងៃ​ឈប់សម្រាក​មួយ​រប​ស់ស​ហរ​ដ្ឋ អាមេរិក ដែល​រំឭក​ដល់​លោក​បណ្ឌិត ម៉ា​ទីន​លូ​ធ័​រ​ឃី​ង ជា​មេដឹកនាំ​បដិវត្តន៍ ការប្រកាន់​រើសអើង ចំពោះ​សម្បុរស្បែក (​ស​ខ្មៅ )​។ ទិវា​ឈប់សម្រាក​នេះ​ប្រារ​ព្ឋ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ច័ន្ទ នៃ​សប្តាហ៍​ទី​៣​ខែមករា ។ ថ្ងៃទី​២៦ ជា​ទិវា​ជាតិ​អូស្ត្រាលី ។ ខែមករា​ជា​រដូវ​កាល​ដ៏​ពេញទំហឹង នៃ​អាពាហ៍ពិពាហ៍ នៅ​ប្រទេស​កម្ពុជា​។​

ជំនឿ​ហោរា ប​ស្ចឹ​ម​លោក​
​ហោរាសាស្ដ្រ​លោកខាងលិច បុគ្គល​ដែល​ចាត់ទុកថា ជា​មនុស្ស​មកររាសី គឺ​ជនានុជន​ទាំងឡាយ ណា កើត​នៅ​អម្លុង​ថ្ងៃទី​២២ ខែធ្នូ ដល់​ថ្ងៃទី​១៩ មករា​។ និម្មិត​សញ្ញា​នៃ​បុគ្គល​កើត​ខែមករា គឺ​សត្វ​ពពែ ធាតុដី ទទួល​ឥទ្ធិពល​ពី​ភព​សៅរ៍ (Saturn) ជា​ប្រភេទ​មនុស្ស​ពូកែ​ខាង​ទ្រិ​ស្តី ឬ​ទ្រិ​ស្តី​និយម​។ បុគ្គល​កើត​ខែមករា ស្មើនឹង​មនុស្ស​កើត​ឆ្នាំ​គោ ឬ​ឆ្នាំឆ្លូវ នៃ​ប្រតិទិន​ចិន ឆុង​នឹង​មនុស្ស​កើត​ខែកក្កដា (២១​មិថុនា​-២២​កក្កដា​) ។ ពណ៌​ដែល​សក្តិសម​គឺ​ពណ៌​ត្នោត ឯត្បូង​នាំ​សំណាង គឹ​ត្បូង​ដៃរគៀម (Onyx)​។​

​បុគ្គល​កើត​ក្នុង​មកររាសី គឺជា​មនុស្ស​ពូកែ​តស៊ូ ពុះពារ​ព្យាយាម ក្នុង​ឆាកជីវិត​ណាស់ ជា​មនុស្ស​ឯករាជ្យ ជា​លក្ខណៈពិសេស​មួយ អនុញ្ញាត​ឲ្យ​បុគ្គល​នេះ អាច​បោះជំហាន​ទៅមុខ​ជានិច្ច ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់ខ្លួន និង​ការងារ​។ មានការ​ទទួលខុសត្រូវ មាន​វិន័យ​គ្រប់គ្រង​ខ្លួនឯង បុគ្គល​នេះ តែង​ប្រាថ្នា​សម្រេច​ដល់ទី​ដៅ​ខ្ពស់ ក្នុង​ការងារ​ដោយ​ចាប់ផ្តើម​ពី​ឋានៈ​តូចតាច មិន​ចង់​ឲ្យ​នរណាម្នាក់ លើក​បន្តុប​ឲ្យ​មាន​ឋានៈ​ខ្ពស់ ដោយ​មិនបាន​បញ្ចេញ​សមត្ថភាព​ឡើយ​។ គេ​ក៏​ជា​មនុស្ស​ពូកែ កំប្លែង​គ្រាន់បើ​ដែរ​។​

ប៉ុន្តែ​ជួនកាល គេ​មាន​ចំណុចខ្សោយ ដោយសារ​ដឹង​រឿងរ៉ាវ​ច្រើនពេក មិន​ងាយ​អត់ឱន​ឲ្យ​អ្នកដទៃ​។ គេ​ពុំ​សូវ​ជា​ចូលចិត្ត​មាន​មិត្តភក្តិ ក្នុងសង្គម​ច្រើន​ទេ ពោលគឺ​ចង់​បានតែ​មិត្តភក្តិ​ដែល​ខ្លួន​យល់ថា ជា​មនុស្ស​ស្មោះស្ម័គ្រ និង​ចិត្តល្អ​តែប៉ុណ្ណោះ​។ គេ​ជា​មនុស្ស​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ស្នេហា ដោយ​សន្សឹមៗ ក៏​មិន​ចេញមុខ​មុនគេ​ឡើយ​។ បុគ្គល​នេះ​ផ្តល់​តម្លៃ​ទៅលើ​តម្រូវការ​របស់ ដៃគូ​ខ្លាំងណាស់​។ និយាយ​រឿង​លុយកាក់ បុគ្គល​នេះ ពូកែ​ខាង​ចាត់ចែង​ណាស់​។ បុគ្គល​នេះ ប្រហែលជា​ចំណាយ​ធំ​បន្តិច ប៉ុន្តែ​របស់របរ​ដែល​បុគ្គល​នេះ​ទិញ តែងតែ​ជា​ទំនិញ ដែលមាន​គុណភាព​ខ្ពស់ និង​មាន​ប្រយោជន៍ ប្រើ​បាន​ច្រើន​ឆ្នាំ​៕ ដោយ​: មេសា​

​គំនូរ​រូប​ទេវតា​ជេ​នូ​ស​ជា​ទេវតា​មុខ​ពីរ​នៅក្នុង​ទេវ​កថា​រ៉ូ​ម៉ាំង​ជា​ប្រភព​នៃ​ឈ្មោះ​ខែមករា (janus)
​គំនូរ​រូប​សត្វ​ពពែ​ជា​និម្មិត​សញ្ញា​នៃ​ខែមករា (jan-goat)
ត្បូង​ដៃរគាម​ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែមករា​(onyx)