ឆ្នាំ ២០២០ អ្នកទេសចរ​នឹង​ចេញទៅ​លេង​នៅ​ទី​អវកាស​, តោះ​ទៅ​មើល​ចំណត​អវកាស អស្ចារ្យ​កម្រិតណា​!

590
ចែករម្លែក

​មាន​ទីតាំង​ស្ថិតក្នុង​ចំណត​អវកាស​អាម៉េរិក​ទំហំ ៧២ គីឡូម៉ែត្រ​ក្រឡា​ក្នុង​រដ្ឋ​ញូ​វ​ម៉ិចស៊ីកូ សហរដ្ឋ​អាម៉េរិក អគារ​កម្ពស់ ២ ជាន់​ទំហំ ៦២.២៤៥ ម៉ែត្រការ៉េ​មួយ​នេះ មាន​ដំបូល​កោង​រាង​គ្រាប់អង្កាំ​ភ្លឺ​ផ្លេក ដូច​អគារ​ក្នុង​រឿង​ភព​ក្រៅ​បែប​ស្រមើល​ស្រមៃ​។

​អគារ​ទំនើប​នេះ​គឺ​រចនា​ម៉ូត​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អង់គ្លេស​ដ៏​ល្បីល្បាញ ឈ្មោះថា Foster + Partners ដើម្បី​ផ្តល់​ការគោរព​ដល់​ទេសភាព​នៅ​ជុំវិញ​នោះ​តាំងពី​សម័យមុនៗ និង​ដើម្បី​ការពារ​អនាគត តាមរយៈ​ការជំរុញ​លើកតម្កើង​ការ​សន្សំសំចៃ​ថាមពល និង ចីរភាព ព្រមទាំង​បង្កើត​នូវ​បរិយាកាស​ធ្វើដំណើរ​ទៅ​ទី​អវកាស​ដែល​ចងចាំ​មិន​ភ្លេច​អស់​មួយជីវិត​។ រីឯ​ម៉ូត​ខាងក្នុង​គឺ​គូរ​ចេញ​ដោយ​អ្នក​រចនា​ម៉ូត​ឈ្មោះ ជេ​រ៉េមី ប្រោ​ន ប្រធាន​អ្នកចេញ​ម៉ូត​របស់​ក្រុមហ៊ុន Virgin Galactic ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Viewport Studio នៅ​ទីក្រុង​ឡុង​ដ៍​។

​លោក ជេ​រ៉េមី ប្រោ​ន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “Gateway to Space (​ក្លោងទ្វារ​ទៅ​ទី​អវកាស​) គឺជា​អគារ​មួយ ដែល​អនុញ្ញាតឱ្យ​យើង​បង្កើត​អវកាសយានិក​ចេញពី​មនុស្ស​ធម្មតា​។ នៅពេលដែល​ខ្ញុំ​បានមក​ដល់​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ី​កូ​ហើយ​បានឃើញ​ចំណត​អវកាស ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ទីតាំង​និង​ភាពស្រស់ស្អាត​នៃ​ទេសភាព​ជុំវិញ​វា ជាពិសេស​ពន្លឺ​ដ៏​អស្ចារ្យ​របស់​អគារ​…​សម្ភារៈ​និង​ពណ៌​ដែល​អ្នកឃើញ​នៅ​អគារ​ក្នុង​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ី​កូ​នេះ ហូរ​ដោយ​រលូន (​ពី​ជាន់​ផ្ទាល់​ដី​) រហូតដល់​ជាន់​ទី​ពីរ ហើយ​បន្តទៅ​ជាន់​សម្រាប់​ត្រួតពិនិត្យ​បេសកកម្ម ដែលជា​បេះដូង​នៃ​អង្គភាព​នេះ​”​។​

​នៅ​ជាន់​ផ្ទាល់​ដី​គឺមាន​កៅអី​ម៉ូត​ពិសេស ឈ្មោះ Gaia Lounge សម្រាប់​អតិថិជន មិត្តភក្តិ និង​ក្រុមគ្រួសារ​ក៏ដូចជា​និ​យោ​ជិ​ក​របស់​ក្រុមហ៊ុន Virgin Galactic អង្គុយ​។​

​អគារ Gateway to Space របស់​ក្រុមហ៊ុន Virgin Galactic នឹង​បើក​ដំណើរការ​នូវ​យានអវកាស​ពាណិជ្ជកម្ម​លើកដំបូង​របស់ខ្លួន ចាប់ពី​ឆ្នាំ ២០២០ ដោយ​សំបុត្រ​ធ្វើដំណើរ​ទៅវិញទៅមក​មានតម្លៃ ២៥០.០០០ ក្នុង​មនុស្ស​ម្នាក់​៕ ដោយ៖ កញ្ញាដាលីស

#