ឆ្នេរ​អូរ​ឈើទាល​១​និង​អូរ​ឈើទាល​២​មាន​ប្រវែង​ជាង​បី​ពាន់​ម៉ែត្រ​ស្អាត​ជាង​មុន​

102
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ឆ្នេរ​អូរ​ឈើទាល​(​អា​រី​ស្តុ​ន​)​និង​ឆ្នេរ​អូរត្រេះ​ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ​សម្រេច​រក្សាទុក​ឱ្យនៅ​ជា​លំហ​សម្រាប់​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​ដោយ​មិន​ឱ្យមាន​ការសង់​តូប​លក់ដូរ​ដូចជា​ឆ្នេរ​អូរ​ឈើទាល​១​ឡើយ​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២០​ថា​ឆ្នេរ​អូរ​ឈើទាល​(​អា​រី​ស្តុ​ន​)​ដែលមាន​ការលក់ដូរ​និង​ស្នាក់នៅ​អនាធិបតេយ្យ​ត្រូវបាន​បោ​សម្អាត​ហើយ​និង​រក្សាទុក​ឆ្នេរ​នេះ​ឱ្យនៅ​ជា​លំហ​សម្រាប់​ពលរដ្ឋ​មកលេង​កម្សាន្ត​ដោយ​ពុំមាន​ការសាងសង់​តូប​លក់ដូរ ដូច ជា​ឆ្នេរ​អូរ​ឈើទាល​១​ដែល​នៅជាប់​គ្នា​នេះឡើយ​។​

​ឆ្នេរ​អូរ​ឈើទាល​មួយ​ដែលមាន​រោង​លក់ដូរ​ជា​យូរ​មកហើយ​ត្រូវបាន​លោក​អភិបាលខេត្ត​បញ្ជា្ក​ក់ថា​ពេលនេះ​ត្រូវបាន​អនុញ្ញាតឱ្យ​សាងសង់​ខ្យុះ​តាម​បទដ្ឋាន​កំណត់​ចំនួន​៤៧​ខ្យុះ​។​ចំពោះ​រោង​ឈើ​ត្រូវ​រុះរើ​ចោល ពេល​ខ្យុះ​ថ្មី​សាងសង់ រួច​។​
​លោក​គួច​ចំរើន​បាន​បញ្ជាក់ថា​ឆ្នេរ​អូរត្រេះ​ដែលមាន​សង់រោង​លក់ដូរ​ម្ហូបអាហារ​និង​កន្លែង​ស្នាក់នៅ​ក៏ត្រូវ​បានកំណត់​ឱ្យ​រុះ​រើចេញ​ឱ្យអស់​នៅក្នុង​សប្តាហ៍​នេះដែរ​។​ឆ្នេរ​នេះ​ក៏ត្រូវ​រក្សា​ទុកជា​លំហ​ដូចជា​ឆ្នេរ​អូ​ឈើទាល​២​ដែល​កំពុងធ្វើការ​ឈូសឆាយ​សម្អាត​។​ឆ្នេរ​អូរ​ឈើទាល​១​និង​ឆ្នេរ​អូរ​ឈើទាល​២​មាន​ប្រវែង សរុប ៣.២៥០​ម៉ែត្រ​។​

ឆ្នេរ​អូរ​ឈើទាល​២​ដែល​គេ​ហៅថា​ឆ្នេរ​អា​រី​ស្តុ​ន​ជា​ឆ្នេរ​មាន​បញ្ហា​ច្រើន​ឆ្នាំ​មកហើយ​ដោយនៅ​ពេលខ្លះ​តំបន់ឆ្នេរ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​និង​ពេលខ្លះ​ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​ក្រុម​ជន​ឱកាសនិយម​និង​ក៏ត្រូវ​បានធ្វើការ​បោ​សម្អាត​ជាច្រើនលើក​ផងដែរ​ដោយ​អាជ្ញាធរខេត្ត​គឺ​វា​ខុសពី​ឆ្នេរ​អូរ​ឈើ ទាល​១​។​

ចំណែកឯ​ឆ្នេរ​អូរត្រេះ​ដែល​ពី​មុនគេ​គិតថា​ជា​ឆ្នេរ​មួយ​នៅ​ឆ្ងាយ​និង​ស្ងប់ស្ងាត់​ដោយសារ​គ្មាន​ផ្លូវ​តាម​ឆ្នេរ​បាន​ទៅដល់ និង ជា​ឆ្នេរ​ពេញនិយម​សម្រាប់​ជន​បរ ទេស​(​បារាំង​)​នោះ មាន​សាង​សង់ផ្ទះ​តូចៗ សម្រាប់​ការ​ស្នាក់នៅ​របស់​ជនបរទេស​ដែល​ចូលចិត្ត ជិៈ​ទូក​កម្សាន្ត​តាម​កោះ​និង​ដេក​ហាលថ្ងៃ​។​

​នៅតាម​បណ្តោយ​ឆ្នេរ​ទាំង​២​ខាងលើ​ពេលនេះ​កំពុង​ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ​សាងសង់​ផ្លូវធំៗ​រាប់ទាំង​ឆ្នេរ​រាម​ផង​ដោយមាន​ការភ្ជាប់​ចរាចរ​ចាប់តាំងពី​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ផ្លូវបំបែក​រាម​រហូតមក​ដល់​រង្វង់​មូល​តោ​២​ជា​ផ្លូវ​ថ្មី​។​នៅលើ​ឆ្នេរ​រាម​ក៏​ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ​មិន​អនុញ្ញាតឱ្យ​មានការ​សាងសង់ រោង​លក់ដូរ​ជា​អចិន្ត្រៃយ៍​ដែរ​៕S/​