ឆ្មាំ​ព្រៃឈើ និង​ប្លង់គោល​ស្រុក​អន្លង់វែង​

930
ចែករម្លែក

ដោយ ៖ សោម ប៊ុនថន អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត
​នៅវេលា​ម៉ោង​៤​ល្ងាច ក្នុង​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នឹងមាន​ការចាក់​បញ្ចាំ​ង​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅ​វេទិកា​អុំទូក ទល់មុខ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រឿង «​ឆ្មាំ​ព្រៃ​» នឹង​លើកទឹកចិត្ត​មនុស្ស​គ្រប់គ្នា​ឲ្យ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ និង​តម្លៃ​នៃ​ការថែរក្សា​ព្រៃឈើ​។ ខ្សែភាពយន្ត​ឯកសារ​នេះ នឹង​បង្ហាញ​ពី​ជីវិត​សត្វព្រៃ ធនធានធម្មជាតិ និង​ព្រៃឈើ​នៅ​តំបន់​ព្រៃ​សហគមន៍ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ តំបន់​អន្លង់វែង​នេះ គឺជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម ស្ថិតនៅ​ភាគ​ជើង​នៃ​ប្រទេស​កម្ពុជា ហើយក៏​ជា​តំបន់​ដែល​ទទួលបាន​សន្តិភាព​ចាប់ផ្តើម​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​។

​រឿង «​ឆ្មាំ​ព្រៃ​» បានលើកឡើង​ពី​គំនិត​ផ្តួចផ្តើម និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ប៊ុន សា​លួត ដែលជា​មេគណៈ​សង្ឃ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្នុងការ​ដឹកនាំ​ការងារ​អភិរក្ស​ព្រៃឈើ ដែល​នៅ​សេសសល់​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ការបង្ហាញ​អំពី​ព្រៃឈើ និង​តំបន់​អន្លង់វែង មិន​ត្រឹមតែ​ជា​គោលបំណង​មួយ​របស់​ភាពយន្ត​ឯកសារ​នេះ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ដើម្បី​លុបបំបាត់ និង​កែច្នៃ​ភាព​សាហាវឃោរឃៅ​របស់រប​ប​ខ្មែរក្រហម​ឲ្យ​ទៅជា​ស្មារតី​ជាតិ​រួមគ្នា​ថ្មី​មួយ ដែលមាន​យូរលង់​ដំណាលគ្នា​ទៅនឹង​ការកកើត​ព្រៃឈើ​នៅ​តំបន់​នេះដែរ​។ «​ឆ្មាំ​ព្រៃ​» គឺជា​ខ្សែ​ភាព​ដែលមាន​សុទិដ្ឋិនិយម ហើយនឹង​ការជឿជាក់​លើ​យុវវ័យ​ជំនាន់​ក្រោយ​ដែល​នឹង​យក​គំរូ​តាម​ព្រះ​តេជគុណ ប៊ុន សា​លួត ដែលជា​ការប្តេជ្ញា និង​មាន​ស្មារតី​ជាតិ​ក្នុងការ​អភិរក្ស​វប្បធម៌ និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។ «​ឆ្មាំ​ព្រៃ​» នឹង​នាំ​អ្នកទស្សនា​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​ជីវចម្រុះ​នៃ​ព្រៃឈើ​។ ព្រៃឈើ​ដែល​ងាយ​រងគ្រោះ​នេះ​ត្រូវបាន​អនុញ្ញាត​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​រក្សា​ទៅជា​ព្រៃ​អភិរក្ស ដែល​ត្រូវបាន​ដាក់ឈ្មោះ​ជា​ផ្លូវការ​ថា «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​»​។

​ព្រះ​តេជគុណ ប៊ុន សា​លួត គឺជា​ប្រធាន​សហគមន៍​បាន​មាន​សង្ឃដីកា​ថា ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​មាន​ទំហំ​សរុប ៣០,២៥៦ ហិច​តា លាតសន្ធឹង​ក្នុងស្រុក​ចំនួន​បី រួមមាន ស្រុក​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង​។ ព្រៃ​នេះ​ត្រូវបាន​ចាត់​ចូល​ជា​ព្រៃ​ដែល​ទទួលបាន​ការពារ​តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ស្រុក​ទាំងបី​ខាងលើនេះ ក៏មាន​នៅក្នុង​ប្លង់គោល​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​សមាជិក​អន្តរក្រសួង​។ គំនិត​នៃ​ប្លង់គោល​ស្រុក​អន្លង់វែង​នេះ​គឺ​ដើម្បី​កែប្រែ​ស្រុក​អន្លង់វែង​ឲ្យ​ទៅជា​ទីក្រុង​សន្តិភាព ការបង្កើត​ថ្មី និង​ភាពរុងរឿង​នៅតាម​បណ្តោយ​ព្រំដែន​ភាគ​ខាងជើង​ដែរ​។ ក្នុងដំណាក់កាល​ទីមួយ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានធ្វើការ​ជាមួយ​អន្តរក្រសួង​ដើម្បី​បង្កើត​ប្លង់គោល​ស្រុក​អន្លង់វែង​ឡើង រួមជាមួយ​នឹង​ដំណើរការ​អប់រំ ការផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការអភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​១៤​កន្លែង រួមមាន ៖ ១) កន្លែង​បូជាសព ប៉ុល ពត​, ២) កន្លែង​កាត់ទោស ប៉ុល ពត​, ៣) ផ្ទះ តា​ម៉ុក (​លើ​ខ្នងភ្នំ​ដងរែក​), ៤) កន្លែង​កែច្នៃ​គ្រាប់កាំភ្លើង​លើ​ភ្នំ​២០០, ៥) ផ្ទះ ប៉ុល ពត និង ខៀវ សំផន​, ៦) ឃ្លាំង​ដាក់​សម្ភារៈ​ជើងភ្នំ​, ៧) កន្លែង​បូជាសព សុន សេន​, ៨) ស្រែ​គំរូ​, ៩) ទីតាំង​ការដ្ឋាន​ដឹកជញ្ជូន តា​ម៉ុក (​ឃ្លាំង​កណ្ដាល​), ១០) បឹង​អន្លង់វែង​, ១១) ផ្ទះ​តា​ម៉ុក ៖ សារមន្ទីរ​តា​ម៉ុក​, ១២) អតីត​មន្ទីរពេទ្យ តា​ម៉ុក​, ១៣) អតីត​សាលារៀន តា​ម៉ុក និង ១៤) ស្ពាន តា​ម៉ុក​។ មជ្ឈមណ្ឌល​ឯកសារ​បានកំណត់​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ចំនួន​១៤​កន្លែង នៅតាម​ផ្លូវ​ចាប់ពី​អន្លង់វែង​រហូតដល់​កំ​ពូ​ល​ភ្នំ​ដងរែក​។

​ប្រវត្តិសាស្ត្រ​បានផ្តល់​អត្ថន័យ​យ៉ាងច្រើន​សម្រាប់​ទីតាំង​ទាំងនេះ ហើយ​សូម្បី​ប្រវត្តិសាស្ត្រ​អន្ធការ​នេះ​ក៏​ផ្តល់​តម្លៃ​បានដែរ​។ ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺជា​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​អន្លង់វែង​មាន​លក្ខណៈពិសេស​ជាង​កន្លែង​ដទៃទៀត​។ បញ្ហា​ប្រឈម​គឺថា​ត្រូវ​ចាប់យក​ខ្លឹមសារ​សំខាន់​នៃ​តំបន់​នេះ ដោយ​មិនចាំបាច់​ជាប់ផុង​នៅក្នុង​អតីតកាល​ដ៏​អន្ធរ​ការ​ឡើយ​។ គោលដៅ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គឺ​បង្កើត​តំបន់​មួយ ដោយ​មិនចាំបាច់​លុបបំបាត់ចោល​នូវ​ការចងចាំ​អំពើហិង្សា និង​ការប៉ះទង្គិច​ផ្លូវចិត្ត​ឡើយ ក៏ប៉ុន្តែ​ត្រូវ​ប្រែក្លាយ​តំបន់​នេះ​ពី​ទីតាំង​នៃ​ឈឺចាប់​ឲ្យ​ទៅជា​ទីតាំង​នៃ​ការបង្កើត​ជីវិត​ថ្មី​។ តាម​វិធី​នេះ ប្រវត្តិសាស្ត្រ​អន្ធការ​អាច​ក្លាយទៅជា​អនាគត​ដ៏​ត្រចះត្រចង់​មួយ​។

​ទីកន្លែង​នៃ​ការប្រព្រឹត្ត​អំពើ ហិង្សា​ទៅលើ​ស្ត្រី ដែល​ប្រពន្ធ និង​កូនស្រី​របស់ សុន សេន ត្រូវបាន​រំលោភ និង​សម្លាប់​អាច​ប្រែ​ទៅជា​មជ្ឈមណ្ឌល​ស្ត្រី​សម្រាប់​បណ្តុះបណ្តាល និង​ពិគ្រោះ​យោបល់​។ ឃ្លាំង​ដែល​ធ្លាប់​ស្តុក​ទុក​គ្រាប់មីន​អាច​ប្រែ​ក្លាយទៅជា​ទីកន្លែង​ដែល​ប្រជាជន​អាច​ផលិត​ឈើច្រត់ រទេះរុញ និង​កង់​ជាដើម​។ តាម​មធ្យោបាយ​នេះ ទីកន្លែង​ដែល​ធ្វើ​ឲ្យ​មនុស្ស​របួស និង​ពិការ អាច​ក្លាយទៅជា​ទីកន្លែង​ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​តាម​ការលើកកម្ពស់​ជនពិការ​ឲ្យ​ដើរ​បាន​ឡើងវិញ និង​ស្តារ​សង្គម​ទៀតផង​។

​តាមរយៈ​ការ​រចនា​ប្លង់គោល​នេះ យើង​នឹង​បង្កើតបាន​ទីតាំង​ប្រកបដោយ​សោ​ភ័​ណ្ឌ​ភាព​ដែល​មិនអាច​បំ​ភេ្ល​ច​បាន​នៅក្នុង​សហគមន៍​អន្លង់វែង​។ ការប្រើប្រាស់​ធនធានធម្មជាតិ សណ្ឋាន​ដី ព្រៃឈើ ភ្នំ ស្ទឹង បឹងបួរ ដោយ​គំនិត​ច្នៃប្រឌិត​នឹង​ជួយ​រក្សា​នូវ​លំនឹង​ពី​ការ​សឹករេចរឹល និង​ជួយ​អភិវឌ្ឍន៍​តំបន់​នេះ​យូរអង្វែង​។ ប្លង់គោល​នេះ ក៏​ជា​យុទ្ធសាស្ត្រ​ចម្បង​ជួយ​ការពារ​ព្រំដែន​ភាគ​ខាងលិច ទប់ស្កាត់​ជម្លោះព្រំដែន និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​ក្នុង​បឹង​ប្រវត្តិសាស្ត្រ​អន្លង់វែង និង​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ទទួលបាន​ការអភិរក្ស​ផ្សេងទៀត​។

​ព្រះ​តេជគុណ ប៊ុន សា​លួត ដែលជា​មេគណៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​សង្ឃដីកា​បន្ថែមទៀត​ថា តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត គឺជា​ព្រៃ​សេសសល់​ចុងក្រោយ​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ កាលពីមុន​តំបន់​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ត្រូវបាន​ទន្ទ្រាន និង​កាប់​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​នេះ​ចាប់ផ្តើម​រេចរឹល​បន្តិច​ម្តងៗ ហើយ​ជម្រក​សត្វព្រៃ​ក៏បាន​បាត់បង់​ជា​បណ្តើរៗ​ដែរ​។ ដូច្នេះ​ព្រះអង្គ​ក៏​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ថែរក្សា​ព្រៃ​នេះ និង​បាន​បំពេញ​ឯកសារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ក្រសួង និង​រដ្ឋាភិបាល ដើម្បី​សុំ​សិទ្ធិ​ការពារ ថែរក្សា និង​អភិរក្ស​តំបន់​ព្រៃ​សហគមន៍​នេះ ចាប់តាំងពី​ឆ្នាំ​២០០១ មក​។ ព្រះអង្គ​បង្កើត​កម្មវិធី​ផ្សេងៗ​តាមបែប​សាសនា រួមមាន ការរៀបចំ​ពិធីបុណ្យ​ទាន ការ​បំបួស​ដើមឈើ​ដើម្បី​អប់រំ និង​ណែនាំ​ប្រជាជន​ក្នុង​សហគមន៍​អំពី​សារសំខាន់​នៃ​ព្រៃឈើ​។ សព្វថ្ងៃ ព្រះអង្គ​សង់​ទីស្នាក់ការ​ចំនួន​៧​កន្លែង​សម្រាប់​ឃ្លាំមើល​ព្រៃឈើ ដោយ​ទីស្នាក់ការ​នីមួយៗ​មាន​កម្លាំង​យាមល្បាត​ចំនួន​៣-៤​នាក់ រួមមាន ទាំង​ព្រះសង្ឃ​ដែរ​។

​ទោះបីជា​ជួប​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការបំពេញ​ការងារ​កន្ល​ង​មក ក៏​ព្រះអង្គ​មិនដែល​មានចិត្ត​រុញ​រា ឬ​ចង់​បញ្ឈប់​សកម្មភាព​របស់​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ស្រឡាញ់​ធម្មជាតិ និង​ចង់​អភិរក្ស​តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ចម្រុះ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មកពី​គ្រប់​ទីកន្លែង​ឲ្យ​ចូលមក​ដើរ​កម្សាន្ត​នៅក្នុង​ព្រៃ​នេះ​។ ជិត​២០​ឆ្នាំ​កន្លងមកនេះ ព្រះអង្គ​បាន​ខិតខំ​អភិរក្ស​តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​នេះ ហើយ​ជា​លទ្ធផល សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​ក៏បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ផល​ពី​អនុផល​ព្រៃឈើ​ក្នុង​តំបន់​នេះ​ចំនួន​៩​ភូមិ ស្មើនឹង​ជិត​មួយរយ​គ្រួសារ​។ ជាពិសេស តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​នេះ ក៏បានផ្តល់​ជាទី​ជម្រក​ដល់​សត្វព្រៃ​ជាច្រើន​សន្ធឹកសន្ធាប់​ដែរ​។ ព្រះអង្គ​សង្ឃឹមថា ប្រជាជន​កម្ពុជា​នឹងមាន​ការយល់ដឹង​ច្រើន​អំពី​សារសំខាន់​នៃ​ព្រៃឈើ ព្រោះ​ព្រៃឈើ និង​មនុស្ស​ត្រូវតែមាន​ទំនាក់ទំនង និង​អាស្រ័យ​ផល​គ្នា​ទៅវិញទៅមក​។ ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នឹងត្រូវ​បានការ​ពារ និង​ថែរក្សា​ដោយ​យកចិត្តទុកដាក់​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​ធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​កាលពីមុន ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ក៏​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមខ្មែរក្រហម​ដែរ​។ យោធា កម្មាភិបាល​ខ្មែរក្រហម និង​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ពី​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ បាន​រត់​មក​ប្រមូល​ផ្តុំគ្នា និង​រស់នៅ​ក្នុងព្រៃ​នេះ​។ ខ្មែរក្រហម​បាន​កេណ្ឌ​ប្រជាជន​រាប់ម៉ឺន​នាក់​ចូលមក​រស់នៅ​ក្នុងព្រៃ​នេះ និង​នៅលើ​ជួរ​ភ្នំ​ដងរែក (​លាតសន្ធឹង​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​) ឲ្យ​ចូល​ជា​យោធា​ដើម្បី​វាយ​ប្រយុទ្ធ​តទល់​នឹង​រដ្ឋាភិបាល​។ តំបន់​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​សម្រាប់​ក្រុមខ្មែរក្រហម​លាក់ខ្លួន ព្រោះ​សម្បូរ​ណ៍​ទៅដោយ​ព្រៃឈើ​ក្រាស់ៗ និង​ជួរ​ភ្នំ​វែង​អន្លាយ​។ នៅ​អំឡុង​ពេលនោះ ខ្មែរក្រហម​ក៏បាន​កាប់​ឈើ​ពី​ក្នុងព្រៃ​នេះ​ដើម្បី​យកមក​សាងសង់​ផ្ទះ​សម្រាប់​យោធា សង់​មូលដ្ឋានទ័ព ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ ក្រោយមក យោធា​ខ្មែរក្រហម​បានចាប់ផ្តើម​កាប់​ព្រៃឈើ​កាន់តែច្រើន​ក្នុង​គោលបំណង​ដោះដូរ​ស្បៀង គ្រឿងឧបភោគ និង​សម្ភារ​ប្រើប្រាស់ ជាមួយ​ឈ្មួញ​ថៃ ដែល​បណ្តាល​ឲ្យ​ព្រៃឈើ​ជាច្រើន​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ រួមមាន ស្រុក​អន្លង់វែង ស្រុក​សំរោង និង​ស្រុក​ចុងកាល់ បាត់បង់​ជា​បន្តបន្ទាប់​។

​ក្រោយមក ដោយសារ​តម្រូវការ​ឈើ និង​ការជួញដូរ​ឈើ​កាន់តែ​ច្រើនឡើង​ធ្វើ​ឲ្យ​ព្រៃ​នៅក្នុង​តំបន់​ព្រៃ​សហគមន៍​នេះ​ទទួលរង​គ្រោះ​កាន់តែខ្លាំង តាមរយៈ​ការកាប់​រំលំ ទោះបី​មាន​វិធានការ​ការពារ​ជា​បន្ត​បន្ទាប់ពី​អាជ្ញាធរ និង​រដ្ឋាភិបាល​ក៏ដោយ​។

​ព្រៃឈើ​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​មនុស្ស និង​ជម្រក​សត្វព្រៃ​។ ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និង​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស​។ ព្រៃឈើ គឺជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ ដែល​ទំនាក់ទំនង​ជាមួយនឹង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស និង​សត្វ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​វិចារណញ្ញាណ ដើម្បី​ធានា​នូវ​តុល្យភាព​បរិស្ថាន ព្រមទាំង​ផ្តល់ឱកាស​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទទួលបាន​ផលប្រយោជន៍​ពី​ធនធាន​ទាំងអស់នេះ​។

​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត មិន​ត្រឹមតែ​រក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ​ដែលមាន​សម្រស់​ស្រស់បំព្រង​ពណ៌​បៃតង និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ព្រមទាំង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ផ្សារភ្ជាប់​ទៅនឹង​អំពើហិង្សា និង​ប្រវត្តិ​នៃ​ការកាប់សម្លាប់​ដ៏​ឃោរឃៅ​របស់​ក្រុមខ្មែរក្រហម​។ របប​ខ្មែរក្រហម​មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​មនុស្ស ធម្មជាតិ និង សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​វប្បធម៌ និង​សាសនា ហើយ​ដែល​បន្ត​រហូតមកដល់​សព្វថ្ងៃ​។ ដូចគ្នា​នឹង​យន្តការ​នៃ​ការការពារ ការអភិរក្ស​ព្រៃឈើ និង​ការបង្ហាញ​ពី​សារសំខាន់​នៃ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម​ក៏​យើង​គួរ​ត្រូវ​លើកយក​ពិភាក្សា និង​រៀនសូត្រ​។​

​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» និង​ប្លង់គោល​ស្រុក​អន្លង់វែង នឹង​ជួយ​ឲ្យ​ខេត្ត ឧ​ត្ត​រ​មានជ័យ ទទួល​នូវ​ការអភិវឌ្ឍន៍ និង​ការថែរក្សា​ប្រវត្តិសាស្ត្រ​ព្រមជាមួយ​គ្នា​៕ ល​