ឆ្មាំ​ព្រំដែន​យកនំ​ពី កាស៊ីណូ​បើកដៃ​ឱ្យ ជនជាតិ​វៀតណាម​ចូល​ដោយ​ខុសច្បាប់​

3299
ចែករម្លែក

(​ព្រៃវែង​)៖ រឿង​មន្ត្រី​សមត្ថកិច្ច​ការពារ ព្រំដែន​តំបន់​ច្រកទ្វារ​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង កំណត់​យកលុយ​ពី​កាស៊ីណូ​ស្វាយ​អា​ង៉ោង រាល់ថ្ងៃ ជា​ថ្នូរ​ក្នុងការ បើកភ្លើង​ខៀវ​ឱ្យ​ជនជាតិខ្មែរ​ជាពិសេស ជនជាតិ​វៀតណាម ឆ្លងដែន​ខុសច្បាប់​ចូលមក​លេង ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​មួយ​នេះ​ត្រូវ បាន​បែកធ្លាយ​ជា សាធារណៈ​។​
​ ​
​ប្រភព​ច្បាស់​ការណ៍​ពី​កាស៊ីណូ ស្វាយ​អា​ង៉ោង បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​ជា​រៀងរាល់ថ្ងៃ មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន ស្វាយ​អា​ង៉ោង បានកំណត់​យកលុយ ពី​កាស៊ីណូ ក្នុង​មួយថ្ងៃ ៥០ ម៉ឺន​ដុង (​លុយ​វៀតណាម​) ជា​កំហិត ស្មើ​ប្រាំបួន ម៉ឺន​រៀល​(​លុយ​ខ្មែរ​)​។ ចំពោះ​នគរបាល អន្តោប្រវេសន៍​មួយថ្ងៃ កំណត់​យក ៥០ ម៉ឺន​ដុង មិនតែប៉ុណ្ណោះ​ខាង​វរ​ការពារ​ព្រំដែន​ទាហាន ក៏បាន​កំណត់​យក​មួយ ថ្ងៃ​៥០​ម៉ឺន​ដុង​ដូចគ្នា​ដូច្នេះ​សរុប​បី​ស្ថាប័ន នេះ​មួយថ្ងៃ​បង់អស់ ១.៥០០០.០០០ ដុង ហើយ​នៅ​ឧបត្ថម្ភ​របប​មេៗ​ផ្សេង ទៀត ។ ពោលគឺ​លុយ​ទាំងនេះ​ខាង មេការ​កាស៊ីណូ​សូក​មកឱ្យ​មន្ត្រី​ពាក់ព័ន្ធ ជា​ថ្នូរ​ក្នុងការ​បើកភ្លើង​ខៀវ​ឱ្យ​ជនជាតិ​វៀតណាម​ឆ្លង ដែន​ខុសច្បាប់ មកលេង ល្បែង​ក្នុង​កាស៊ីណូ​ស្វាយ​អា​ង៉ោង​។ ព្រោះតែ​បានទទួល​ប្រយោជន៍​ពី កាស៊ីណូ ទើប​ពួកគេ​តម្រូវឱ្យ​ជនជាតិ វៀតណាម​ជាច្រើន​នាក់​ក្នុង​មួយថ្ងៃៗ​ឆ្លងដែន​មកលេង ល្បែង ដោយ​ជិះទូក មក​តាមផ្លូវ​ក្រោយ​កាស៊ីណូ ដើម្បី​វាង សមត្ថកិច្ច​ច្រកទ្វារ​មួយ​នេះ​។​
​ ​
​រីឯ​ពលរដ្ឋ​នៅ​តំបន់​នោះ បាន និយាយថា ព្រោះតែ​មានការ​ត្រូវរ៉ូវ​គ្នា និង​បែងចែក​ប្រយោជន៍ ជា​ប្រព័ន្ធ​បែបនេះ ទើប​កាស៊ីណូ​ស្វាយ​អា​ង៉ោង បើក ដំណើរការបាន ដែលមាន​ភ្ញៀវ​មក លេង​យ៉ាងច្រើន​កុះករ សុទ្ធតែជា​ជន ជាតិខ្មែរ និង​ជនអន្តោប្រវេសន៍ វៀតណាម​។​
​ ​
​ឆ្លើយតប​នឹង​ការលើកឡើង ខាង លើ លោក សួន សំអឿន អធិការ​ស្រុក កំពង់ត្របែក បានឱ្យដឹងថា កាស៊ីណូ ស្វាយ​អា​ង៉ោង​គេ​មានច្បាប់​។ ប៉ុន្តែ​ជនជាតិ​វៀតណាម​ដែល​ឆ្លង ដែន​មក​តាមផ្លូវ​ក្រោយ​វាង​សមត្ថកិច្ច​នោះ​វា​គឺជា​ដែន សមត្ថកិច្ច​របស់​ប៉ុស្តិ៍​ការពារ​ព្រំដែន​។​
​ ​
​រីឯ​លោក ចាន់ ច​ន ស្នងការរង ទទួលបន្ទុក​កិច្ចការ​ប៉ុស្តិ៍​ការពារ​ព្រំដែន បាន​លើកឡើងថា លោក​មិនដឹង​រឿង មន្ត្រី​យកលុយ​រាល់ថ្ងៃ​នោះទេ​។​ចំណែក លោក ឡេង ប៊ុន​លាង មេ​ប៉ុស្តិ៍​ការពារ ព្រំដែន​ស្វាយ​អា​ង៉ោង ទូរស័ព្ទ​របស់ លោក​បានឱ្យ​អ្នកផ្សេង​ទទួល​ជំនួស​។ ចំពោះ​លោក​មឿ​ន សាម៉ន មេបញ្ជាការ សឹក​រង​ខេត្តព្រៃវែង ទទួល​ទូរស័ព្ទ ហើយ គ្រាន់តែ​ឮសូរ​សួរ​រឿង​យកលុយ ដូចខាងលើ​ក៏​ស្រាប់តែ​លោក​ថា ស្តាប់ មិន​ច្បាស់​ទេ​… រួច​ក៏​បិទ​ទូរស័ព្ទ​តែម្តង​។​
​ ​
​ទាក់ទិន​នឹង​រឿង​មន្ត្រី​ការពារ ព្រំដែន​ទទួល​សំណូក រួច​បើកដៃ​ឱ្យ​ខ្មែរ​ចូល​លេងល្បែង​ខុស ច្បាប់​នេះ វា​ជាការ បើកភ្លើង​ខៀវ​ឱ្យ​ជនអន្តោប្រវេសន៍ វៀតណាម​ឆ្លងដែន​ខុសច្បាប់ ចូលមក លេងល្បែង​ក្នុង​កាស៊ីណូ​នេះ​។​ពលរដ្ឋ បានស្នើ​សុំឱ្យ​លោក ជា សុ​មេធី អភិបាល ខេត្តព្រៃវែង ក៏ដូចជា​សម្តេច​ក្រឡា​-​ហោម ស ខេង សូមមេត្តា​ពិនិត្យមើល សកម្មភាព​ទាំងនេះ​ផង​ទាន​។ ដើម្បី ចៀសវាង​ការរិះគន់​រឿង​លំហូរ​ចូល នៃ​ជនអន្តោប្រវេសន៍​វៀតណាម ខុស ច្បាប់ ដោយសារ​មន្ត្រី​អនុវត្តន៍​ច្បាប់ ធូររលង់​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន ៕ ដោយ​: ចាន់ ថន​