ឆ្មាមួយក្បាលដែលមានពុកមាត់ចម្លែកខុសគេ ត្រូវបានគេដាក់ឈ្មោះតាមតារាកំប្លែងអង់គ្លេស ឆាលី ឆែបភ្លីន (Charlie Chaplin) ដែលខ្មែរ ស្គាល់ជាទូទៅថា សាក់ឡូ ហើយពេលនេះវា កំពុងតែបង្កភាពជ្រួលជ្រើមពេញបណ្ដាញអ៊ីនធឺណិត។
ស្ត្រីឈ្មោះ ស្ទែស៊ី ម្ញូស៊ីក (Stacy Music) ជាលេខាមកពីរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋ អាម៉េរិក បានរើសឆ្មាញីនេះមកចិញ្ចឹម បន្ទាប់ពីប្រទះឃើញវានៅក្នុងសួនច្បារផ្ទះអ្នកជិតខាង ហើយសម្រេចចិត្តដាក់ឈ្មោះវាតាម សាក់ឡូ តារាក្នុងទសវត្សរ៍ឆ្នាំ១៩២០ ដែលល្បីល្បាញ ខ្លាំងដោយសារសម្ដែងក្នុងខ្សែភាពយន្តជាច្រើនដូចជារឿង The Kid រឿង The Gold Rush និងរឿង A King in New York ជាដើម។
នៅពេលឆ្មាអាយុ ៨ ឆ្នាំនេះកាន់តែធំពុកមាត់របស់វាបានលេចចេញកាន់តែច្បាស់ចម្លែកខុសគេ គួរឱ្យចាប់អារម្មណ៍ ហើយអ្នកគាំទ្រ សាក់ឡូ រាប់ម៉ឺននាក់បានប្រដូចថា វាដូចតារាចម្រៀង អង់គ្លេស ហ្វ្រេដឌី មឺឃើរី (Freddie Mercury) ច្រើនជាង៕ ប្រែសម្រួលៈខុម