ឆ្មា​ត្រចៀក​ក្រ​ប៉ាង​ចម្លែក​ខុសគេ ធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជ្រួលជ្រើម​ប្រជែង​គ្នា ចង់បាន

287
ចែករម្លែក

អ្នក​ស្រឡាញ់​សត្វ​ជាច្រើន​កំពុងតែ​ជ្រួលជ្រើម​ប្រជែង​គ្នា​ចង់បាន​ឆ្មា​មួយ​ក្បាល​ដែលមាន​ត្រចៀក​ធំ​ក្រ​ប៉ាង​ចម្លែក​ខុសគេ ដោយ​ពួកគេ​អះអាងថា វា​ពិតជា​ដូច​តួអង្គ​ឆ្មា Baby Yoda ក្នុង​ខ្សែ ភាពយន្ត​ណាស់​។

​ស្ត្រី​ឈ្មោះ ជែ​ណា អេ​វី​លស៍ (Jana Aviles) ដែលជា​ជំនួយការ​នៅ​អង្គការ​សង្គ្រោះ​សត្វ Cabarrus County Animal Shelter ស្ថិតក្នុង​សង្កាត់​ខា​បា​រ៉ា​ស (Cabarrus) រដ្ឋ​ខា​រ៉ូ​ឡាយ​ណា ខាងជើង (North Carolina) សហរដ្ឋ​អាម៉េរិក បាន​បង្ហោះ​ចែករំលែក​រូបភាព​ឆ្មា​អនាថា Yoda Cat នេះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ហើយ​និយាយថា ឆ្មា​នេះ កំពុង​ទទួល​ការព្យាបាល​នៅ​អង្គការ ក្រោយពី​ត្រូវបាន​សង្គ្រោះ​ពី​តាមផ្លូវ​។​

​ហ្វេ​ស​ប៊ុ​ក​ផូស (Post) នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី​ដោយមាន មនុស្ស​រាប់ពាន់នាក់​ប្រញាយ​គ្នា​ចង់បាន​វា​យកទៅ​ចិញ្ចឹម​។

​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន ជ្រួលជ្រើម​ចង់បាន​ឆ្មា​ភ្នែក​ខៀវ​ធំៗ និង​ត្រចៀក​ក្រ​ប៉ាង​នេះ​យកទៅ​ចិញ្ចឹម​ខ្លាំងណាស់ ដោយ​អ្នកខ្លះ​អះអាងថា វា​ដូច​តួអង្គ​ឆ្មា Baby Yoda ក្នុង​ខ្សែភាពយន្ត The Mandalorian ចំណែកឯ​អ្នក​ខ្លះទៀត​អះអាងថា វា​ដូច​តួអង្គ Dobby ក្នុង​ខ្សែភាពយន្ត Harry Potter ច្រើនជាង​។

​ទោះជា​យ៉ាងណា​អង្គការ​ខាងលើ​មិនទាន់​ប្រកាស​ស្វែងរក​អ្នក​ដែល​ចង់យក​ឆ្មា​នេះ​ទៅ​ចិញ្ចឹមនៅឡើយ​ទេ​៕ ប្រែ​សម្រួលៈ​ខុម