ឆ្មា​មាន​ជំងឺ​រាប់រយ​ក្បាល ត្រូវបាន​ជួយសង្គ្រោះ​

239
ចែករម្លែក

​ប៉ូលិស​ប្រទេស​ចិន បាន​សង្គ្រោះ​ជីវិត​ឆ្មា​មាន​ជំងឺ និង​ជិត​ងាប់​រាប់រយ​ក្បាល​ដែល​គេ​ដាក់​ទ្រុង ចង្អៀត​ណែនណាន់តាន់តាប់ ដឹក​តាម​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ឆ្ពោះទៅ​ភោជនីយដ្ឋាន​គ្មាន ច្បាប់​នានា​ដើម្បី​ចម្អិន​ធ្វើ​ម្ហូប​។​

​ដោយមាន​ការសង្ស័យ អាជ្ញាធរ​ក្រុង​ហៃ​ខូវ ( Haikou) នៃ​ខេត្ត​ហៃ​ណាន (Hainan) ប្រទេស​ចិន ភាគខាងត្បូង បាន​ឃាត់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ខាងលើ​កាលពី​សប្ដាហ៍​មុន​ហើយ​ឆែក​ឃើញ ឆ្មា​រស់​ជាង ៣០០ ក្បាល​។

​រថយន្ត​ដឹក​ឆ្មា​នេះ​មាន​ប្រភពដើម​ចេញពី​ខេត្ត​គ័ង​តុង (Guangdong) ហើយ​ពេល​សមត្ថកិច្ច​សុំឱ្យ តៃកុង​បង្ហាញ​លិខិត​ពិនិត្យ​សុខភាព​សត្វ ស្រាប់តែ​តៃកុង​គ្មាន​លិខិតស្នាម​អ្វី​ទាំងអស់​។

​ជា​លទ្ធផល រថយន្ត​ត្រូវបាន​រឹបអូស​យកទៅ​រក្សាទុក ហើយ​ឆ្មា​ត្រូវបាន​ប្រគល់​ទៅឱ្យ​សមាគម គាំពារ​សត្វ​តូច (Small Animal Protection Association) ខេត្ត​ហៃ​ណាន ដែល​ផ្តល់​ជម្រក ព្យាបាល និង​ចាក់​វ៉ាក់សាំង​ឆ្មា​។ ទោះជា​យ៉ាងណា គ្មាន​ការបញ្ជា​ក់ថា​តើ​តៃកុង​ត្រូវបាន​ឃាត់ខ្លួន ឬក៏​អត់​នោះទេ​។​

​សូមបញ្ជាក់ថា ការបរិភោគ​សាច់​ឆ្មា​មិន​ខុសច្បាប់​ទេ​នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ការលក់​សាច់​ឆ្មា ដោយ​លិខិតអនុញ្ញាត​ត្រឹមត្រូវ​គឺ​ខុសច្បាប់​។​

​លោក វ៉ាង ពីង (Wang Bing) អនុប្រធាន​សមាគម​ខាង​លើ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា “​ឆ្មា​ចំនួន ៣២ ក្បាល​បាន​ងាប់​អំឡុងពេល​ដឹកជញ្ជូន ហើយ​យើង​ជួយសង្គ្រោះ​ពួកវា​បាន​ចំនួន ២៧៥ ក្បាល​។ ក្នុងចំណោម​ពួកវា​ជាច្រើន​មាន​សភាព​សោះ​ជាតិ​ទឹក​ខ្លាំង ឬ​មាន​ជំងឺ​ដែល​អាច បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​សាច់​របស់​វា​”៕ ប្រែ​សម្រួលៈ ខុម