ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រី​សន្ធរ​អស់​១៦​ខ្នង

460
ចែករម្លែក
  • 11
    Shares

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ អគ្គិ​ស​ភ័យ​មួយ​ដែល​ផ្តើម​ពី​ការឆ្លង​ចរន្តអគ្គិសនី​ចេញពី​លំនៅស្ថាន​មួយ​ខ្នង​ បាន​បណ្តាល​ឲ្យឆាបឆេះ​ប៉ះពាល់​ដល់​លំនៅស្ថាន​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​-​ឥស្លាម​ដូចគ្នា​ចំនួន១៦ខ្នង​ផ្សេងទៀត រួមទាំង​សម្ភារៈ មាស ប្រាក់​សរុប​រាប់​លាន​រៀល ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​ពីរ​ម៉ោង​កាលពី​រសៀល​ថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៩​។ ប៉ុន្តែ​គ្រោះថ្នាក់​ភ្លើង​ឆេះ​នេះ ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។​

ហេតុការណ៍​គ្រោះ​មហន្ត​រា​ភ្លើង​ឆេះ​ខាងលើ​បានកើត​ឡើង​នៅ​ភូមិ​ស្វាយ​តា​នា​ន់ (​ខ​) ឃុំ​ព្រែក​រំដេញ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ដោយនៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ​២០១៩ គឺ​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាន​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ទៅ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ ជា​បន្តបន្ទាប់​។​

លោក ឆែម យ៉ុង ស្មៀនឃុំ​ព្រែក​រំដេញ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី២ មីនា​កំពុង​ចូលរួម​ចែក​អំណោយ​ថា ខណ​:​អភិបាលស្រុក​ស្រី​សន្ធរ បាន​កំពុង​ដឹកនាំ​មន្ត្រី​ចុះ​ចែក​អំណោយ សាខា​កាក់បាទក្រហម​ស្រុក​ស្រី​សន្ធរ​នូវ​អំណោយ​ជា​គ្រឿង ឧបភោគ បរិភោគ ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ​ត្រូវ​ភ្លើង​ឆេះ​អស់១០០​ភាគរយ​ចំនួន១៤ខ្នង និង​លំនៅស្ថាន​ចំនួន ពីរ​ខ្នង​ផ្សេងទៀត​ឆេះ​អស់​ចំនួន៥០​ភាគរយ​នោះ​។ ដោយឡែក​នៅ​ថ្ងៃរសៀល​នេះដែរ​លោក គួច ចំរើន នឹង​ដឹកនាំ​មន្ត្រី​ដើម្បី​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត មក​ចែកជូន​គ្រួសារ​រងគ្រោះ​បន្ថែមទៀត​។​

មន្ត្រី​ស្មៀន​រូបនេះ​បាន​បន្តថា សរុប​ចំនួន​ខូចខាត​បាត់បង់​ពី​អគ្គិ​ស​ភ័យ​ខាងលើ​មកដល់​ព្រឹក​នេះ​រួមមាន​ថវិកា​ជា​ប្រាក់រៀល​ចំនួន​ជាង​១២​លាន រៀល​, ប្រាក់​ដុល្លារ​ចំនួន​ជិត​បួន​ម៉ឺន ដុល្លារ​អាមេរិក​,​លោហធាតុ​ជា​មាស​ចំនួន​ជិត​បី​តម្លឹង និង​ទោចក្រយាន​(​កង់​)​ចំនួន ១០ គ្រឿង​។​

គួរ​បញ្ជាក់ថា នៅ​ម៉ោង​ប្រហែល៣រសៀល​ថ្ងៃទី១ មីនា អគ្គិ​ស​ភ័យ​មួយ​បាន​ឆាបឆេះ​ជា​អណ្តាតភ្លើង​ចេញពីផ្ទះ​ឈ្មោះ សូ ហ៊ីម នៅ​ចំណុចកើតហេតុ​ខាងលើ​បាន​បណ្តាល​ឲ្យ​ឆេះ​ដល់ផ្ទះ​ចំនួន ១៥ ខ្នង​ទៀត​ក្នុង​រយ​:​ពេល​ជាង​២​ម៉ោង​។ ដោយ​ខាង​សមត្ថកិច្ច​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិ​​ភ័យ​ចំនួនប្រាំមួយគ្រឿង គឺ​បើ​មិន​ដូច្នេះ​ទេ​ភ្លើង​នឹង​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ទៀត​មិនខានឡើយ​៕​B/