ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​១​ខ្នង​អស់ទាំង​ស្រុង ម្ចាស់ផ្ទះ​រងរបួស​ធ្ងន់​

314
ចែករម្លែក
  • 74
    Shares

​ដោយ​: បាយ័ន / ព្រះវិហារ​: ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ចំណែក​ម្ចាស់ផ្ទះ​បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ ដើម្បី​សង្គ្រោះ​។

​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​មួយ​ឡាន ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង ចំណែក​ម្ចាស់ផ្ទះ​ត្រូវបាន​ភ្លើង​ឆេះ​រោល​បណ្ដាលឱ្យ​របួសធ្ងន់ ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ ដើម្បី​ជួយសង្គ្រោះ​។​

​សមត្ថកិច្ច​បាន​បន្តថា មូល​ហេតុដែល​នាំអោយមាន​អគ្គិភ័យ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ ម្ចាស់ផ្ទះ​រងគ្រោះ គឺមាន​ឈ្មោះ សេក ទ្រី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មាន​មុខរបរ​ជាជាង​កាត់ដេរ​៕