ដោយ: ចាន់តូ / ភ្នំពេញ: ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះខ្សែកាប ខ្សែភ្លើង និងបង្គោលភ្លើង បង្កការភ្ញាកផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ប្រជាការពារខណ្ឌ និងសមត្ថកិច្ចយកបំពុងពន្លត់អគ្គិភ័យជាច្រើនបំពុងបាញ់ពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖៣៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីលោកពូសន្តិសុខដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឈរ នៅខាងក្រោមខ្សែដែលឆ្លងចរន្ត ពេលនោះគាត់បានលឺសំលេង(បែកផ្កាភ្លើង) គាត់បានងើយមើលទៅលើ ហើយក៏បានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះនាំគ្នាយកបំពុងពន្លត់អគ្គិភ័យជាច្រើនបំពុងមកបាញ់ជាបន្តបន្ទាប់ ទើបរលត់ទៅវិញនៅវេលាម៉ោង១១៖៥នាទីថ្ងៃដដែល។
ក្នុងហេតុការណ៍ខាងលើនេះក៏ឃើញមានវត្តមានលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកចុះមកត្រួតពិនិត្យ និងបញ្ជាកម្លាំងមានសមត្ថកិច្ចផងដែរ។
សំរាប់ករណីខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង មកដល់កន្លែងកើតហេតុ តែមិនបានបាញ់នោះទេ៕ ល