ឆ្លង​ឆ្នាំ​សាកលៈ​ភ្ញៀវ​ទេសចរណ៍​សំរុក​ទៅ​ទស្សនា​តំបន់ឆ្នេរ​

422

(​ភ្នំពេញ​)៖ ឆ្លង​ឆ្នាំ​សាកល ដែលជា​សករាជ​នៃ​ឆ្នាំ​២០១៨​បានបញ្ចប់ ប៉ុន្តែ​ក្នុង​ដំណើរ​កំសាន្ត​និង​ភាពសប្បាយ​រីករាយ​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​បាន​សំរុក​ទៅ​ទស្សនា​តំបន់ឆ្នេរ​បាន​កើនឡើង និង​ខេត្ត​ខ្លះ​ស្ថិតក្នុង​សភាព​ទ្រឹង​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុល​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១ មករា​ឆ្នាំ​២០១៨​នេះ​ថា​ភ្ញៀវ​ទេស​​ចរណ៍​ជាតិ អន្តរជាតិ​ប្រមាណ​៨​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​និង​លេង​កំសាន្ត​ក្នុង​ខេត្តកំពត កើនឡើង​ប្រមាណ​៤​ភាគរយ​ធៀប​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន ក្នុងនោះ​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​១៤០០​នាក់​។​លោក​បន្តថា ខេត្តកំពត​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​​អន្តរជាតិ​ប្រមាណ​១,៦​លាន​នាក់ កាលពី​ឆ្នាំ​២០១៧​កន្លងមក​ថ្មីៗ​នេះ​។​
​ ​
​លោក​បន្តថា “​ភ្ញៀវ​ទេសចរណ៍​បានមក​ទស្សនា​ក្នុង​ខេត្ត​យ៉ាង​កកកុញ និង​បន្ត​ដល់​ថ្ងៃនេះ​ខណៈ​រមណីយដ្ឋាន​ក្នុង​ខេត្ត​បាន​កើន​​ឡើងដល់​១៤​កន្លែង និង​មាន​សណ្ឋាគារ ព្រមទាំង​ផ្ទះសំណាក់​ជាច្រើន​ពាន់​បន្ទប់​”​។​
​ ​
​រីឯ​ខេត្ត​ព្រះសីហនុ​វិញ លោក​តាំង សុចិត្រ​គ្រឹ​ស្នា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងផង​ដែរ​ថា ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ​ទទួលបាន​ភ្ញៀវ​​ទេសចរណ៍​ប្រហាក់ប្រហែល​ឆ្នាំមុនៗ​ដែរ ប៉ុន្តែ​បញ្ហា​ប្រឈម​គឺ​កង្វះ​បន្ទប់​គេង ដែល​ភ្ញៀវ​មួយចំនួន​បាន​សម្រាក​នៅ​មាត់សមុទ្រ​និង​ត្រលប់​​ទៅ​លំនៅដ្ឋាន​វិញ ទោះបីជា​ចំនួន​បន្ទប់​សណ្ឋាគារ​និង​ផ្ទះសំណាក់​បាន​កើនឡើង​ប្រមាណ​១​ម៉ឺន​បន្ទប់​ក្តី​។​
​ ​
​លោក​បន្តថា “​យើង​រំពឹងថា​នៅ​ឆ្នាំ​ថ្មី​នេះ មាន​សណ្ឋាគារ​ជាច្រើន​ទៀត​បញ្ចប់​ការសាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​ជាការ​ឆ្លើយតប​នឹង​​កំណើន​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​”​។​
​ ​
​ចំណែក​ទឹកដី​ខេត្តកោះកុង​ឯណោះ​វិញ ចំនួន​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ខេត្ត​នេះ​មាន​ប្រមាណ​១​ម៉ឺន​នាក់​ជា​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​​មុន​។​នេះ​បើតាម​លោក​ប៊ុន ទៀន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​។​លោក​បន្តថា ខេត្តកោះកុង​បច្ចុប្បន្ន​មាន​សណ្ឋាគារ​ចំនួន​៨ និង​មានផ្ទះ​សំណាក់​ជាង​៦០ ដែលមាន​បន្ទប់​សរុប​ជាង​១៤០០​បន្ទប់ សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​ជាតិ និង​អន្តរជាតិ​នានា​។​
​ ​
​ខេត្តកោះកុង​មាន​សហគមន៍​ទេសចរណ៍​ចំនួន​៥ ដែល​បាននិងកំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​កំសាន្ត​។​
​ ​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​ថ្លែងថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​នានា​បាន​ទៅ​ទស្សនា​នៅតាម​រមណីយ​​ដ្ឋា​ន​នានា​នៅ​ទូទាំងប្រទេស បាន​កើនឡើង​ខ្លាំងណាស់ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​។ លោក​បន្តថា ប្រជាជន​ចេញទៅ​ទស្សនា​នៅក្រៅ​ប្រទេស​ក៏បាន​កើនឡើង​ផងដែរ ដោយសារ​ពួកគេ​មាន​ជីវភាព​ល្អប្រសើរ​និង​តម្លៃ​សុខ​​សន្តិភាព​ដែល​កម្ពុជា​ទទួលបាន​។​
​ ​
​លោក​បន្តថា “​នេះ​ជាត​ម្លៃ​នៃ​ស្ថិរភាព​នយោបាយ និង​សុខសន្តិភាព ដែល​ផ្តល់​ឳ​កាស​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដើរ​កំសាន្ត​សប្បាយ ព្រោះ​បើ​គ្មាន​សុខសន្តិភាព​ទេ ពួកគេ​ក៏​មិនអាច​រកចំណូលបាន​ដែ​រ​”៕​ដោយ​ច្រាយ ចំណាន​/sn
​ ​
​រូបភាព​តំបន់ឆ្នេរ​កម្ពុជា​កំពុងមាន​ប្រជាប្រិយភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​(​រូបថត​ឯកសារ​)​