ឆ្លៀត​ពេល​ផ្ទះ​វីរុស​នៅ​ចិន មេដឹកនាំ​តៃវ៉ាន់​សុំ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​តែ​ចិន​ថា​…

138
ចែករម្លែក

​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា​បាន​អំពាវនាវ​អោយ​ចិន​ប៉េកាំង​ចែករំលែក​ព័ត៌មាន​អំពី​កូរ៉ូណា​វីរុស​ថ្មី​ដោយ​តម្លាភាព​និង​សុំ​កុំអោយ​អង្គការ​​សុខភាព​ពិភពលោក​(WHO)​ផាត់​តៃវ៉ាន់​ចេញពី​កិច្ចសហការ​និង​សម្របសម្រួល​ដើម្បី​ដោះស្រាយ​វិបត្តិ​ជម្ងឺ​នេះ ដោយសារតែ​ហេតុផល​នយោបាយ​។​

​ថ្លែង​ទៅ​កាន់​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​មាន​ការបញ្ជាក់​ថា​អាជ្ញាធរ​តៃវ៉ាន់​បាន​រក​ឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ម្នាក់​មក​ពី​ចិន​ដីគោក លោកស្រី​ប្រធានាធិបតី ​សាយ អ៊ី​ន​វេន បាន​និយាយថា លោកស្រី​សង្ឃឹមថា​ចិន​នឹង​ចែករំលែក​ព័ត៌មាន​ត្រឹមត្រូវ​អំពី​វីរុស​នេះ​ជាមួយ​តៃវ៉ាន់​និង​«​យើង​គិតថា​ការគិតគូរ​អំពី​នយោបាយ​​មិន​សំខាន់​ជាង​ការការពារ​ប្រជាជន​ទេ​។​ខ្ញុំ ជាថ្មីទៀត​សូម​អំពាវនាវ​អង្គការ​WHO​កុំ​ផាត់​តៃវ៉ាន់​ចេញ​ដោយសារ​តែ​ក​កត្តានយោបាយ​។​ត្រូវ​មាន​កន្លែង​មួយ​​សំរាប់​តៃវ៉ាន់​នៅក្នុង​WHO»​។​

​តែ​ក្រសួង​ការបរទេស​ចិន​បាន​ប្រតិកម្ម​ភ្លាម​ថា រដ្ឋាភិបាលកណ្តាល​មើល​ថែ​ក៏​ដូចជា​យកចិត្តទុកដាក់​សុខភាព​និង​សុខុមាលភាព​របស់​ជន​រួម​ជាតិ​តៃវ៉ាន់​ជាង​​អ្នកណា​ទាំងអស់​។​

​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​លោក​ហ្គេង សួង បាន​និយាយថា​« ការចូលរួម​របស់​តៃវ៉ាន់​នៅក្នុង​អង្គការ​អន្តរជាតិ​ណាមួយ​ត្រូវតែ​ស្ថិត​ក្រោម​គោលការណ៍​«​ចិន​តែមួយ​»​។​

​សូមបញ្ជាក់​ថា កោះ​តៃវ៉ាន់​មិន​ជា​សមាជិក​របស់​អង្គការ​WHO​ទេ ដោយសារតែ​មាន​ការជំទាស់​ពី​ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ហើយ​មិន​មាន​​សិទ្ធិ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​ណា​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចិន​ប៉េកាំង​ឡើយ​។​

​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​តៃប៉ិះ បាន​ដាំ​ក្បាល​ចុះ​ចាប់តាំងពី​លោកស្រី​សាយ​ចូលកាន់​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦ ដោយសារតែ​លោក​​ស្រី​ប្រកាន់​ជំហរ​ប្រកាស​ឯករាជ្យ​និង​មិន​ទទួលស្គាល់​គោលការណ៍​«​ចិន​មួយ​»​។​

​ទោះជា​មាន​ភាព​តានតឹង​នយោបាយ តៃវ៉ាន់​និង​ចិន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធ ដោយ​អ្នកជំនួញ​តៃវ៉ាន់​បាន​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​នៅ​ចិន ដូចជា​ក្រុមហ៊ុន​Foxconn​ដែល​ផលិត​គ្រឿងផ្សំ​iPhone​សំរាប់​ក្រុមហ៊ុន​Apple៕​ប្រែ​សម្រួល​៖​វាសនា​

លោកស្រី សាយ អំពាវនាវ​អោយ​អង្គការ​WHO យក​តៃវ៉ាន់​ចូលរួម​ការងារ តែ​ចិន​ប៉េកាំង​ថា​អាច​ចូល​បាន​ទាល់តែ​ទទួលស្គាល់ថា​«​ចិន​មាន​តែ​មួយ​»