ឆ្លៀត​ម៉ោង​ទំនេរ ចុះ​ងូត​ទឹកស្រះ​ក្នុង​វត្ត លង់​ស្លាប់​សិស្សសាលា​ម្នាក់​

253
ចែករម្លែក

​ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
យុវ​សិស្ស​ម្នាក់​ក្នុងចំណោម​មិត្ត​រួម​ថ្នាក់​៦​នាក់ រៀន​នៅ​សាលា​អនុវិទ្យាល័យ​ឫស្សីកែវ បាន​លង់ទឹក​ស្រះ​ក្នុង​វត្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម ទោះជា​ប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ ព្យាយាម​ចុះ​រាវ​យក ស្រង់​បានមក​វិញ​ភ្លាម​យ៉ាងណា ក៏​មិនអាច​សង្គ្រោះ​អាយុជីវិត​បានដែរ​បន្ទា​ប់​ពី​យុវជន​សិស្ស​រងគ្រោះ រួមជាមួយ​មិត្ត​ភ័​ក្រ ឆ្លៀត​ម៉ោង​ទំនេរ​នាំគ្នា​ទិញ ផ្លែឈើ គ្រឿង​ម្ជូរ ទៅ​ហូប​នៅ​មាត់​ស្រះ​ទឹក ក្នុង​វត្ត​ឧត្តរា​វ​ត្តី ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​។​

​យុវ​សិស្ស​រងគ្រោះ​ឈ្មោះ អៀ​ត សំរិទ្ធ​បញ្ញា អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៧ E, D នៃ​អនុវិទ្យាល័យ​ឫស្សីកែវ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​យុវ​សិស្ស​រងគ្រោះ និង​មិត្ត​រួម​ថ្នាក់ សរុប​មាន​គ្នា​៦​នាក់ ឆ្លៀត​ម៉ោង​ទំនេរ ព្រោះ​សាលា​ក៏​នៅជាប់​ទី​របង​វត្ត ក៏បាន​នាំគ្នា ទិញ​ផ្លែឈើ គ្រឿង​ម្ជូរ ទៅ​អង្គុយ​ហូប​នៅ​មាត់​ស្រះ​ក្នុង​បរិវេណ​វត្ត កន្លែងកើតហេតុ ហូប​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ មិនទាន់​ទាំងអស់​ផង ជនរងគ្រោះ ដោះអាវ ស្រាតខោ​ជើងវែង លោត​ចុះ​ងូតទឹក​ស្រះ តែម្នាក់ឯង​ស្រាប់តែ​លង់​លិច​បាត់​ផ្លឹ​ប​តែម្តង រកតែ​ជួយ​មិនទាន់​ផង ទើប​បង្ក​ឲ្យ​ផ្អើលឆោឡោ ប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ នាំគ្នា​ចុះ​រាវ ស្រង់​ឡើងគោក​វិញ ដើម្បី​សង្គ្រោះ លើក​រលាក់ យ៉ាងណាក្តី ក៏​មិនអាច​ដឹងខ្លួន​ឡើងវិញ​បានដែរ​ហើយ ក្រុមគ្រួសារ បាន​ត្រឹម​បង្ហូរទឹកភ្នែក ទាំង​ក្តី​អាណិត​។​

​តាម​លោកតា​អាចារ្យ បាន​ឲ្យ​ដឹងថា ស្រះ​ទឹកមុខ​ព្រះវិហារ​ខាងលើ មាន​ជម្រៅ​រហូតដល់​ទៅ​៣​ម៉ែត្រ​។​

​ជនរងគ្រោះ​ក្រោយ​កើតហេតុ ត្រូវបាន​ស្រង់​សង្គ្រោះ​បឋម​រួច​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​ត្រូវ​គ្រូពេទ្យ​ប្រាប់ថា ស្លាប់​បាត់ទៅហើយ រួច​សមត្ថកិច្ច​មក​ពិនិត្យ កោសល្យវិច័យ​ជាក់ស្តែង ឃើញថា ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន រួច​ប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​