ឆ្លៀត​រក​ថវិកា​ជួយ​ដល់​ជនពិការ​កម្ពុជា ក្នុង​ការប្រគំ​តន្ត្រី​ឃោសនា​សាសនា​គ្រិស្ត​មួយ​

206

(​ភ្នំពេញ​)៖​ក្រុម​គ្រិស្តសាសនា និង​រួមទាំង​សមាគម​នៃ​ប្រទេស​កូរ៉េ​ជាច្រើន​បានរៀបចំ​ពិធី​ប្រគំ​តន្ត្រី​មួយ កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ដើម្បី​អបអរ​សារ​ទរ​ថ្ងៃបុណ្យ​ណូអែល ក៏ដូចជា​ប្រមូល​ថវិកា សម្រាប់​ទិញ​ជើងសិប្បនិម្មិត​ជួន​ដល់​​ជនពិការ​នៅ​កម្ពុជា​។​

​ក្នុង​ពិធី​ប្រគំ​តន្ត្រី​នេះ គេ​ឃើញ​មាន​តារា​ល្បីៗ នៅ​កម្ពុជា​ជាច្រើនរូប ចូលរួម ក្នុងនោះ​មានដូចជា កញ្ញា មាស សុខ​សុភា​ក្រុម​សិល្បៈ​​មកពី​ព្រះវិហារ​នៃ​ក្តីសង្ឃឹម និង​ពិសេស​មាន​តារា​ល្បីៗ​ឈ្មោះ ពី​ប្រទេស​កូរ៉េ ដូចជា ក្រុម Superiorm 4Niix និង​ក្រុម Hispop ជាដើម​។​
​ ​
​លោក គូ​សាំង​ហ៊ូ ជា​បេសកជន​នៃ​សាសនា​គ្រិស្ត ហើយក៏​ជា​ប្រធាន​អ្នករៀបចំ​កម្មវិធី​នេះដែរ បានឱ្យដឹងថា ក្នុង​កម្មវិធី​នេះ​គេ​ឃើញ​យុវជន​​កម្ពុជា ប្រមាណ​ជិត ១​ពាន់​នាក់​បាន​ចូលរួម​យ៉ាង​សប្បាយរីករាយ ជាមួយ​ការប្រគំ​តន្ត្រី នៃ​តារា​ល្បីៗ​ទាំង​កម្ពុជា ក៏ដូចជា​ជនជាតិ​កូរ៉េ​។​

លោក​បាន​បន្ត​ឱ្យដឹងថា ក្នុង​បុណ្យ​ណូអែល បច្ចុប្បន្ន គេ​ឃើញ​យុវជន​កម្ពុជា បាន​ចូលរួម​កាន់តែ​ច្រើនឡើង ទាំងនេះ​បង្ហាញឱ្យឃើញថា ជនជាតិ​កម្ពុជា មួយចំនួន ក៏បាន​ជ្រួតជ្រាប​ជាមួយ​សាសនា​គ្រិស្ត​ផងដែរ​។​

​បើតាម​បេសកជន​សាសនា​គ្រិស្ត​រូបនេះ បានឱ្យដឹងថា «​បច្ចុប្បន្ន ខ្ញុំ​គិតថា​មាន​ជនជាតិ​កម្ពុជា ប្រមាណ ១០​ភាគរយ​ហើយ ដែល​បាន​កាន់សាសនា​គ្រិស្ត ហើយ​នៅ​ឆ្នាំ​២០៣០ ខ្ញុំ​ជឿជាក់ថា នឹងមាន​ជនជាតិ​កម្ពុជា យ៉ាងហោចណាស់​៣០ ភាគរយ​ដែរ នឹង​បាន​ចូល​សាសនា​គ្រិស្ត​»៕​ដោយ​៖​ដេប៉ូ​/sn

​យុវជន​និង​តារាចម្រៀង​ចូលរួម​ពិធី​ប្រគល់​តន្ត្រី​និង​រកថ​វិការ​ជួយ​ដល់​ជនពិការ​កម្ពុជា​(​រូប​៖​ដេប៉ូ​)