ជក់បារី​បន្តកន្ទុយ​ច្រើន​ឆ្នាំ លទ្ធផល​សួត​ប្រែជា​ជាំខ្មៅ​ដូច​ធ្យូង

181
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​( WHO )​បានប្រកាស​ទទួលស្គាល់​ជា​សាធារណៈ​ថា ការជក់បារី បំផ្លាញ​សុខភាព និង​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ព្រោះ​ផ្សែង​របស់​វា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សួត​ដែល មាន​តួនាទី​សំខាន់​សម្រាប់​ផ្លាស់ប្តូរ​ខ្យល់​អុកស៊ី សែន​ពី​ខាងក្រៅ​មក​ក្នុង​ខ្លួន ហើយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​មក​ក្រៅ​វិញ​ដូចជា ឧស្ម័ន​កាបូ​និក ឬ​សារធាតុ​មួយចំនួន​តាម រយៈ​ការដក​ដង្ហើមចេញ​។
​ ​
​តួយ៉ាង​តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​ដ៏​គួរឱ្យ​តក់ស្លុត​ទាំងនេះ​បង្ហាញ​ពី​សួត​ជាំខ្មៅ​គួរឱ្យ​ព្រឺ​សម្បុរ នៃ​អ្នក​ជក់បារី​បន្តកន្ទុយ (chain smoker) ម្នាក់​ដែល​បាន​ជក់បារី​អស់​រយៈពេល ៣០ ឆ្នាំ​។
​ ​
ជាធម្មតា សួត​ដែលមាន​សុខភាព​ល្អ​មាន​ពណ៌​ស៊ី​ជម្ពូ ប៉ុន្តែ​សួត​នេះ​ប្រែជា​ពណ៌​ខ្មៅ​ដូច​ធ្យូង និង​រលាក​ធ្ងន់ធ្ងរ​ដោយសារ​ផ្សែង​បារី​រុំ​វា​បន្តិច​ម្ដងៗ​អស់​រយៈពេល​រាប់សិប​ឆ្នាំ​។
​ ​
​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ប្រជាជន​វូ​ស៊ី (Wuxi People’s Hospital) ដែល​ស្ថិតក្នុង​ខេត្ត​ជាំ​ង​ស៊ូ (Jiangsu) ប្រទេស​ចិន បានធ្វើការ​វះកាត់​យក​សរីរាង្គ​ខាងក្នុង​នេះ បន្ទាប់ ពី​បុរស​វ័យ ៥២​ឆ្នាំ​ម្នាក់ ដែលមាន​ជំងឺ​សួត​បាត់​បង់ជីវិត​។​
​ ​
វីដេអូ​ឃ្លី​ប​ថត​ដោយ​ក្រុម​វេជ្ជបណ្ឌិត​វះកាត់ ដែល​អមដោយ​ចំណងជើង (Caption) ថា “​ប៉ុណ្ណឹង នៅតែ​ចង់​ជក់បារី​ទៀត​ទេ​?” ខាងលើនេះ​មាន​អ្នក​ចូល​មើល​រហូតដល់​ជាង ២៥​លាន​ដង​តាម បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​អ្នកខ្លះ​បាន​ចាត់ទុកថា “​វា​ជា​ស្ប៉ត​ប្រឆាំង​ការជក់បារី​ដ៏​ល្អ បំផុត​មិន​ធ្លាប់មាន​”​។
​ ​
មន្ទីរពេទ្យ​បានបញ្ជាក់​ថា អ្នកជំងឺ​រូបនេះ​បាន​ចុះហត្ថលេខា​យល់ព្រម​បរិច្ចាគ​សរីរាង្គ​ខាងក្នុង របស់គាត់​បន្ទាប់ពី​គាត់​ស្លាប់ទៅ​។​ប៉ុន្តែ​លទ្ធផល​គឺ​យក​ប្រើការ​មិនកើត​ដូច​បានឃើញ​ស្រាប់​៕ ប្រែ​សម្រួលៈ​ខុម​