ជញ្ជាំង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក ជា​ជម្រើស​មិន​ឆ្លាត​វ័យ ក្នុងការ​បញ្ឈប់​ជនអន្តោប្រវេសន៍​ខុសច្បាប់​

974
ចែករម្លែក

​មាន​ប្រវត្តិ​យូរលង់​និង​ស្មុគស្មាញ​ក្នុង​បញ្ហា​ព្រំដែន​រវាង​ម៉ិ​ក​ស៊ិ​ក​និង​សហរដ្ឋអាមេរិក​។ ឥឡូវនេះ នៅតាម​បណ្តោយ​ព្រំដែន​ប្រវែង ៣.២០០ គីឡូម៉ែត្រ​នេះ ភាពចម្រូងចម្រាស​ថ្មី​មួយ​កំពុង​លេចឡើង នោះ​គឺ ជញ្ជាំង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក ដែល​ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី​ត្រាំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការហូរចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​ម៉ិ​ក​ស៊ិ​ក​។​

​បច្ចុប្បន្ននេះ ព្រំដែន​ប្រហែល ៩០០ គីឡូម៉ែត្រ គឺ​ជិត​មួយ​ភាគបី​នៃ​ព្រំដែន​ទាំងមូល ត្រូវបាន​ពង្រឹង​ដោយ​របាំង​ផ្សេងៗ​ជាច្រើន រួមមាន ជញ្ជាំង លួស​បន្លា និង​របង​ផ្សេងៗ​ទៀត​។​

​ជញ្ជាំង​ព្រំដែន​នឹង​លាតសន្ធឹង​ប្រវែង ១.០០០ គីឡូម៉ែត្រ​ឆាប់ៗ​នេះ ចេញពី​ឆ្នេរសមុទ្រ​ម៉ិ​ក​ស៊ិ​កនៅ​ទីក្រុង​ធី​ហ្សួ​ណា​។ ដោយ​លាតសន្ធឹង​ទៅ​ទិសខាងកើត ជញ្ជាំង​នេះ​នឹង​ឆ្លងកាត់​ទីក្រុង​ម៉ិ​ក​ស៊ិ​ក ២ ផ្សេងទៀត គឺ​ទីក្រុង​ថេ​កេ​ត និង ម៉ិ​ក​ស៊ី​កាលី​។​

​ប៉ុន្តែ​ជញ្ជាំង​ព្រំដែន​ដែល​បាន​សាងសង់​រួចហើយនោះ​បានធ្វើឱ្យ​ខូច​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ក៏ដូចជា​ធ្វើឱ្យ​កើនឡើង​ការស្លាប់​ជនអន្តោប្រវេសន៍​។ គ្រាន់តែ​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ មនុស្ស​ប្រហែល ៨.០០០ នាក់​បាន​ស្លាប់​ដោយសារ​ព្យាយាម​ចូលទៅក្នុង​សហរដ្ឋអាមេរិក ឆ្លងកាត់​ព្រំដែន​។​

​ជា​រៀងរាល់ឆ្នាំ ទីក្រុង​ធី​ហ្សួ​ណា ទទួល​ជនអន្តោប្រវេសន៍​រាប់ម៉ឺន​នាក់​មកពី​ជុំវិញ​ពិភពលោក ដោយសារតែ​សង្គ្រាម​ឬ​គ្រោះមហន្តរាយធម្មជាតិ ដោយ​សង្ឃឹមថានឹង​ស្វែងរក​ទីជម្រក​នៅ​សហរដ្ឋអាមេរិក​។ អាល់​ហ្វា ប៊ូ​លែ​ន គឺ​ស្ថិត​ក្នុងចំណោម​ជនអន្តោប្រវេសន៍​ម្នាក់ មកពី​ប្រទេស​ហ្គា​ណា​។​

​អាល់​ហ្វា គឺ​គ្មាន​ប្រាក់​សូម្បី​មួយ​សេន ហើយ​បាន​ជាប់គាំង​នៅ​ទីក្រុង​ធី​ហ្សួ​ណា​រាប់​ខែ​មកហើយ​។ មន្ត្រី​ព្រំដែន​អាមេរិក​បាន​បដិសេធ​មិនឱ្យ​គាត់​ចូលទៅក្នុង​ប្រទេស​របស់​ពួកគេ​នោះទេ​។ គាត់​បាន​ត្អូញត្អែរថា​ការជាប់​ទ្រឹង​មួយកន្លែង​នៅក្នុង​ម៉ិ​ក​ស៊ិ​ក មិនមែនជា​អ្វីដែល​គាត់​ស្រមៃ​ចង់បាន​នោះទេ នៅពេល​គាត់​ធ្វើដំណើរ​ឆ្លងកាត់​ចម្ងាយ​ជិត ១០.០០០ គីឡូម៉ែត្រ​ដ៏​គ្រោះថ្នាក់​មក​ទីនេះ​។​

​អាល់​ហ្វា​គឺ​គ្រាន់តែ​ជា​ជនភៀសខ្លួន​មួយរូប​ក្នុងចំណោម ៣០.០០០ នាក់​ប៉ុណ្ណោះ ដែល​ជាប់​នៅ​ទីក្រុង​ធី​ហ្សួ​ណា ហើយ​ត្រូវគេ​បដិសេធ​មិនឱ្យ​ចូលទៅក្នុង​សហរដ្ឋអាមេរិក​។ ភាគច្រើន​គឺ​មកពី​ប្រទេស​ហៃ​ទី​និង​ផ្នែក​ផ្សេងទៀត​នៃ​តំបន់​អាមេរិក​កណ្តាល​។ ដោយ​មិនអាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្នាក់នៅ​កន្លែង​ដែល​ពួកគេ​កំពុងស្នាក់នៅ​នេះ​ទេ​។ ពួកគេ​កំពុង​រស់នៅ​ជាមួយគ្នា​ជា​ក្រុម ដែលមាន​មនុស្ស​រាប់សិប​នាក់​ឬ​ច្រើន​ជាងនេះទៀត នៅក្នុង​ផ្ទះ​តូច ឬ​តង់​។ អ្នកស្រុក​នៅទីនេះ​បាន​ផ្តល់ឱ្យ​ជនភៀសខ្លួន​ថ្មីៗ​នូវ​ជំនួយ​មនុស្សធម៌​ជាច្រើន​។​

​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​ប៉ាន់ប្រមាណ​ថា ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក​ជនភៀសខ្លួន​ហៃ​ទី និង​អាហ្វ្រិក​ជាង ៣០.០០០ នាក់​បានមក​ដល់ទី​ក្រុង​ព្រំដែន​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក គឺ ធី​ហ្សួ​ណា និង ម៉ិ​ក​ស៊ី​កាលី​។​

​ជនភៀសខ្លួន​ភាគច្រើន​អះអាងថា ពួកគេ​គ្មាន​ឱ​កា​ចូល​ប្រទេស​អាមេរិក​តាម​មធ្យោបាយ​ស្របច្បាប់​បានឡើយ​។ សហរដ្ឋអាមេរិក​នៅតែ​រឹតត្បិត​ការហូរចូល​ជនអន្តោប្រវេសន៍ ដោយ​សម្អាង​លើ​ការព្រួយបារម្ភ​អំពី​សន្តិសុខ​៕ ដោយ៖ កញ្ញាដាលីស

ជញ្ជាំង​ព្រំដែន​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក