ជនជាតិចិន២ក្រុមវាយគ្នាពេញផ្លូវ បន្ទាប់ពីបើករថយន្តបុកគ្នានៅ ផ្លូវបំបែកជាបួន

784
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖បុរសជនជាតិចិនម្នាក់រួមដំណើរដោយប្រុសស្រី៥នាក់ ទៀត បើករថយន្តហុីយ៉ាន់ដាយH-1មួយគ្រឿង ដល់ផ្លូវបំបែកជាបួនមិនបង្អង់​ល្បឿន ជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយស្តារុិចមួយគ្រឿងទៀត​បើកបរដោយបុរស​ជនជាចិនម្នាក់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចទូរសព្ទ័ហៅ​បក្ខពួកមកដេញវាយគ្នាផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ កែងនិងផ្លូវលេខ៩៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះ​ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរដោយមនុស្សប្រុសស្រី៥នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយH-1ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AZ-3693 បានធ្វើដំណើរតាមបណ្តោយផ្លូវ៩៥ ទិសដៅពីត្បូងទៅជើង​ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនមិនបង្អង់ល្បឿន ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយស្តារុិចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AO-3376 បើកបរដោយបុរសជនជាតិចិនម្នាក់​ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្ត​ហុីយ៉ាន់ដាយ​ស្តារុិចពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការ​ខូចខាតយ៉ាង​ដំណំដូចគ្នា។ខណៈនោះខាងភាគីជនជាតិចិនប្រុសស្រី​៦នាក់ជិះរថយន្តហ៊ីយ៉ាន់ដាយH-1 បានទូរសព្ទ័ហៅបក្ខពួកបន្ថែមទៀតមក​កន្លែងកើតហេតុ រួចបានដេញវាយទៅលើបុរសជនជាតិចិនម្នាក់ជិះ​រថយន្តហុីយ៉ាន់ដាយស្តារុិចបណ្តាលឲ្យរងរបួសផងដែរ។

ក្រោយពីបានបង្កហិង្សារួច ខាងភាគីជនជាតិចិន ប្រុសស្រី៦នាក់ បាននាំគ្នា​រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុ​ គេឃើញភាគីជនជាតិចិនទាំងសងខាង បានហៅបក្ខពួកចុះ​មកកន្លែងកើតហេតុរៀងៗខ្លួន និងបម្រុងបង្កហិង្សាដាក់គ្នាបន្ថែមទៀត តែដោយមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានហាមឃាត់ទើបបុរស​ជនជាតិចិនទាំងពីរក្រុមបានបែកផ្លូវរៀងៗខ្លួន ដោយនៅសល់តែរថយន្តទាំង​២គ្រឿងខាងលើ ប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕B/Ha