ជនជាតិ​កម្ពុជា​ទៅ​ប្រកបមុខរបរ​រត់​តាក់ស៊ី​នៅ​ខេត្ត​សុរិន្ទ​ប្រមាណ​២០០​គ្រឿង​

3722

(​សុរិន្ទ​-​ប្រទេស​ថៃ​)៖ តាម​សេចក្តីរាយការណ៍​ជាក់លាក់​មួយ បាន​ឲ្យ​ដឹងថា មាន​រថយន្ត​តាក់ស៊ី​ពាក់​ស្លាក​លេខ​កម្ពុជា ដែល​ជនជាតិ​កម្ពុជា​ទៅរក​ស៊ី​រត់​តាក់ស៊ី នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ មាន​ចំនួន​ប្រមាណ​ជា​២០០​គ្រឿង​។ ជនជាតិ​ថៃ​ដែលមាន​មុខរបរ​រត់​តាក់ស៊ី​ដូចគ្នា បាន​និយាយថា ជនជាតិ​កម្ពុជា​រកស៊ី​នោះ គឺជា​ការខុសច្បាប់ ប៉ុន្តែ​ទាហាន​ក៏ដូចជា នគរបាល​ថៃ មាន​ភាពអនុគ្រោះ​។

​ជនជាតិ​ថៃ​មួយរូប​ដែល​រត់​តាក់ស៊ី​ប្រភេទ​រថយន្ត​១២​កៅអី ពី​ព្រំដែន​អូរ​ស្មាច់ មក​ខេត្ត​សុរិន្ទ បាន​និយាយថា ជនជាតិ​ថៃ​ដែល​រត់​តាក់ស៊ី​នោះ​ចង់​អស់​អាជីព​ហើយ ដោយសារ​មាន​ជនជាតិ​កម្ពុជា​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​កម្ពុជា ប្រមាណ​២០០​គ្រឿង​បាន​ចូលទៅ​រកស៊ី​ដឹក​ភ្ញៀវ​ទេសចរណ៍ ពី​ច្រក​អូរ​ស្មាច់ ទៅ​ខេត្ត​សុរិន្ទ ជា​រៀងរាល់ថ្ងៃ​។

​ជនជាតិ​ថៃ​រូបនោះ ដែល​គាត់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ជនជាតិ​កម្ពុជា​ដែល​ចូលទៅ​រកស៊ី​ដឹក ភ្ញៀវ​ពី​ច្រក​អូរ​ស្មាច់ ទៅ​ខេត្ត​សុរិន្ទ គឺ​យក​រថយន្ត​ចូល​ក្នុងន័យ​ដើរលេង​លក្ខណៈ​ទេសចរណ៍ ប៉ុន្តែ​ពួកគាត់​បែប​ជា យក​រថយន្ត​នោះ​ទៅ​ចាំ​ចាប់​ម៉ូយ ដឹក​ពី​ព្រំដែន ទៅកាន់​ខេត្ត​សុរិន្ទ​ទៅវិញ​។

​រថយន្ត​ដែល​ជនជាតិ​កម្ពុជា ប្រើ​ដឹក​ភ្ញៀវ​ពី​ព្រំដែន​ទៅកាន់​ខេត្ត​សុរិន្ទ​នោះ គឺមាន​ប្រភេទ​ឡិច​ស៊ី​ស RX300 ឡាយ​លែ​ន​ឌ័​រ និង​រថយន្ត​ប្រភេទ​១២​កៅអី​។

​ប្រភព​ខាងលើ​និយាយថា ការដឹក​ម៉ូយ​របស់​ជនជាតិ​កម្ពុ​ជា គឺមាន​ភ្ញៀវ​ខ្មែរ​ម៉ៅ​រថយន្ត​ជិះ​ពី​ភ្នំពេញ ពី​សៀមរាប ឬ​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ទៅកាន់​ខេត្ត​សុរិន្ទ ដោយ​ឆ្លងកាត់​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ក្រោមលេស​ដឹក​បងប្អូន​ទៅ ទេសចរណ៍ ឬក៏​ទៅ​ពេទ្យ​នៅ​ខេត្ត​សុរិន្ទ​។

​អ្នករត់​តាក់ស៊ី​ជនជាតិ​ថៃ​រូប​នោះបាន​និយាយទៀតថា តម្លៃ​ដឹក​ភ្ញៀវ​ខ្មែរ​ពី​ខេត្តសៀមរាប ទៅកាន់​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ក្នុងតម្លៃ​១២០$ ទៅ​១៣០$ ក្នុង​មួយថ្ងៃ ឬក៏​អ្នករត់​តាក់ស៊ី​នៅចាំ​ក្នុង​ទឹកដី​ថៃ នៅ​ច្រក​អូរ​ស្មាច់ ហើយ​ចាំ​ទទួល​ជន ជាតិខ្មែរ​ដែល​ឆ្លង​ទៅដោយ​គាត់​ដឹក​ទៅកាន់​ខេត្ត​សុរិន្ទ ដោយមាន​តម្លៃ​ប្រហែល​២០០០​បាត ក្នុង​មួយថ្ងៃ អ្នក​តាក់ស៊ី​នោះ បាន​និយាយទៀតថា ការដែល​ជនជាតិខ្មែរ​ទៅ​រត់​តាកស៊ី​នៅ​ទីនោះ គឺមាន​ភាពអនុគ្រោះ​ពី ទាហាន របស់​ប្រទេស​ថៃ​។ ដោយឡែក​នគរ​បាលច​រា​ចរណ៍​របស់​ប្រទេស​ថៃ ប្រសិនបើ​គេ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ហើយ​រកឃើញថា ជនជាតិ​កម្ពុជា​ដែល​មក​ប្រកប​របរ​ដឹក​ភ្ញៀវ ដោយ​ខុសច្បាប់​ចូលទៅ​ខេត្ត​សុរិន្ទ គេ​នឹងធ្វើ​ការពិន័យ​ជា​ប្រាក់​ចំនួន​៤០០​បាត ហើយក៏​ឲ្យ​អ្នករត់​តាក់ស៊ី​នោះ​បន្ត​ទៅមុខទៀត ហើយ​លើក​ក្រោយៗ​ទៀត​ក៏​ធ្វើការ​ពិន័យ បែប​នោះ​ដដែល​។​

​ពត៌មាន​ដដែល​នោះបាន​និយាយថា អ្នករត់​តាកស៊ី​ជនជាតិ​ថៃ​មួយចំនួន ស្ទើរតែ​ដាច់​អាជីព​ដោយសារតែ ជនជាតិ​កម្ពុជា ទៅ​រត់​តាក់ស៊ី​នៅ​ខេត្ត​សុរិន្ទ​ច្រើនពេក ដើម្បី​ប្រជែង​ជាមួយ​ជនជាតិ​ថៃ​៕L ដោយ​៖ គូលែន​