ជនជាតិ​កាណាដា​ទី​៣​ត្រូវ​ចាប់ខ្លួន​នៅ​ចិន​តែ​ទំនងជា​មិន​ពាក់ព័ន្ធ​២​ករណី​មុន​

580
ចែករម្លែក

​ជនជាតិ​កាណាដា​ទី​៣​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចិន តែ​ទោះជា​យ៉ាងណា​នាយករដ្ឋមន្ត្រី​កាណាដា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​ថា ករណី​ចុង​ក្រោយនេះ​ហាក់​មិន​ពាក់​​ព័ន្ធ​នឹង​ករណី​ពីរ​មុន​ដែល​ទំនង​ជាការ​សងសឹក​ចំពោះ​ការចាប់ខ្លួន​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​តាម​សំណើ​របស់​អាមេរិក​។​

នាយករដ្ឋមន្រ្តីវ័យក្មេងកាណាដាត្រូវបានក្រុមប្រឆាំងចោទប្រកាន់ថាខ្សោយក្នុងការឆ្លើយតបនឹងចិនតែលោកថា ប្រតិកម្មជ្រុលមិននាំមកលទ្ធផលដែលគ្រប់គ្នាចង់បាននោះទេ

​នាយករដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រុយ​ដូ ក៏បាន​និយាយថា លោក​មិន​ចង់​បង្កើន​ជម្លោះ​បែកបាក់​ដែល​បង្កឡើង​ពី​ការចាប់ខ្លួន​មន្ត្រី​ក្រុមហ៊ុន​ចិន​នេះ​ទេ​។​

​ចិន​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា​២​នាក់​ដោយ​ស្ងាត់ៗ​ដោយសារ​សង្ស័យថា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន នៅ​៩​ថ្ងៃក្រោយ​ការចាប់​​ឃាត់ខ្លួន​នាយក​ក្រុមហ៊ុន​ចិន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​អនុញ្ញាតអោយ​មន្ត្រី​កាណាដា​ចូលជួប​លោក​មី​សែ​ល កូ​វរិ​ក អតីតមន្ត្រី​ការទូត​កាណាដា​ប្រចាំ​ចិន​អស់​ពេល​៤​ថ្ងៃ និង​សហគ្រិន​ជនជាតិ​​កាណាដា​លោក​មី​សែ​ល ស្ប៉ា​វ័រ អស់​ពេល​៦​ថ្ងៃ​។​តែ​ការចាប់​ឃាត់ខ្លួន​ជនជាតិ​កាណាដា​ទី​៣​ទំនងជា​មិន​ដូច​២​ករណី​មុន​ទេ​ដោយ​មិន​ស្ថិតក្នុង​បញ្ជី​ចោទប្រកាន់​​អំពី​សន្តិសុខ តែ​អាចជា​បញ្ហា​ទិដ្ឋាការ នេះ​បើតាម​លោក​ទ្រុយ​ដូ ដែលថា​«​មាន​ជនជាតិ​កាណាដា​រាប់ពាន់នាក់​ដែល​រស់នៅ​និង​ធ្វើដំណើរ​និង​ធ្វើការ​នៅ​ចិន​»​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​ដល់​កំរិតណា​ទើប​លោក​បញ្ជូន​ការព្រួយបារម្ភ​ទៅកាន់​ប្រធានាធិបតី​ចិន លោក​ទ្រុយ​ដូ​បាន​និយាយថា​មិនទាន់មាន​ភាពចាំបាច់​ត្រូវ​បញ្ជាក់​​ជំហរ​នយោបាយ​ឬ​ធ្វើ​សេចក្តីថ្លែងការណ៍​ដើម្បី​ជួយ​ជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនេះ​ទេ​។​«​ការបង្កើន​ជម្លោះ​និង​សេចក្តីថ្លែងការណ៍​នយោបាយ​អាច​គ្រាន់តែ​បង្ក​អំពើ​មិន​​ស្ថាបនា​។​វា​មិន​នាំមក​លទ្ធផល​ដូច​យើង​ចង់​បានទេ​»​។​

​តែ​មេដឹកនាំ​ប្រឆាំង​លោក អ៊ែន​ឌ្រូ សៀ បាន​និយាយថា លោក​ទ្រុយ​ដូ ចាំបាច់​ត្រូវ​ទូរស័ព្ទ​ជួប​ប្រធានាធិបតី​ចិន​។​លោក​ថា​«​វា​ល្មម​គ្រប់គ្រាន់​ហើយ​សំរាប់​នាយករដ្ឋមន្ត្រី​​លើក​ទូរស័ព្ទ ហៅ​ប្រធានាធិបតី​ស៊ី ទាមទារ​ប្រគល់​សុវត្ថិភាព​ដល់​ជនជាតិ​កាណាដា​ដែល​ចិន​ចាប់ខ្លួន​។​ការចាប់​ឃាត់ខ្លួន​ជនជាតិ​កាណាដា​ណា​ម្នាក់​ដោយហេតុ​ផល​​នយោបាយ​ឬ​ការទូត ជាការ​មិនអាច​ទទួល​យកបាន​»​។​

​ចំណែក​លោក​ណែ​ល​សុន វ៉ា​យ​មែន សាស្ត្រាចារ្យ​នៅ​សកលវិទ្យា​ល័យ​Toronto​បាន​និយាយថា​លោក​ទ្រុយ​ដូ​មើលទៅ​ខ្សោយ​និង​សម្តី​របស់លោក​ជនជាតិ​កាណាដា​មិន​​អាច​ទទួលយក​បានឡើយ​៕​ដោយ​:​វាសនា​