ជនជាតិ​កូរ៉េ​ម្នាក់​ជិះ​ម៉ូតូ​បុក​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

118
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង រេ​ចង្កូត​ទៅបុក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ ចំណែក​ម៉ូតូ​អូស​ទៅមុខ​ជិត ១០០​ម៉ែត្រ​។ ហេតុការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង ២០ នាទី​យប់​ថ្ងៃទី ២៣ ខែកុម្ភៈ​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​ទំនប់ ៧០ ក្បែរ​និង​អតីត​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។​

​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​ពណ៌​ក្រហម​ពាក់​ផ្លាកលេខ សៀមរាប 1P 9404 ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជួន​និង​ផ្លូវ​កោង​បន្តិច​ផង បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ យ៉ាង​អាណោចអាធ័ម​។ ចំណែក​ម៉ូតូ​រងគ្រោះ​អូស​ទៅមុខ​ប្រមាណ​ជិត ១០០​ម៉ែត្រ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។ ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ទំនាក់ទំនង​រក​សាច់ញាតិ ដើម្បី​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល/Ha​