ជនជាតិ​កេន​យ៉ា​លេប​គ្រឿងញៀន​កូកាអ៊ីន​៦៨​កញ្ចប់​ចូល​ពោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ថៃ​

253
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២១​សីហា​ថា បុរស​ជនជាតិ​កេន​យ៉ាម្នា​ក់​ត្រូវ​បាន​ឃាត់ ខ្លួន​នៅ​អាកាសយានដ្ឋាន​ក្រុង​បាងកក​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន​កូកាអ៊ីន​​ជាង​៦០​កញ្ចប់ ចូល​ក្នុង​ពោះ​របស់គាត់​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា បុរស​ជនជាតិ​កេន​យ៉ា​ឈ្មោះ Glenn Chibasellow Ooko អាយុ ៤៣ ឆ្នាំនេះ បាន​ធ្វើដំណើរ​តាម​យន្តហោះ កាលពី​ថ្ងៃ​ចន្ទ ពី​ប្រទេស​អេត្យូ​ពី​មក​​កាន់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដែល​ជា​កន្លែង​ដែល​បុរស​នេះ ត្រូវបាន​ចាប់ឃុំខ្លួន​។​

​ការឆ្លុះ​មើល​តាម​កាំរស្មីអ៊ិច​បានបង្ហាញ​គ្រឿងញៀន​កូកាអ៊ីន​នៅ​ពេញ​ពោះ​របស់គាត់​។​

​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ថៃ បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា​” បុរស​នេះ បាន​លេប​កូកាអ៊ីន​ទម្ងន់​១,២​គីឡូក្រាម​ចូលក្នុង​ពោះ ដោយមាន​​ចំនួន​សរុប​៦៨​កញ្ចប់​។​

​ជនជាតិ​កេន​យ៉ានេះ ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​ជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ឈ្មោះ Osita Joseph Ukpa ដែល​ប៉ូលិស​បាន​និយាយថា បាន​ជួល​បុរស​កេន​យ៉ានេះ​ឱ្យ​នាំចូល​គ្រឿង​​ញៀន​ទាំងនេះ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​”​នេះ​គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​គ្រឿងញៀន​នៅ​ប្រទេស​ថៃ​”​។​

​ប្រទេស​ថៃ​បាន​ក្លាយជា​ចំណុច​នៃ​ការរត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​មួយ​ដោយ​មាន​ព្រំដែន​និង​ការអនុវត្ត​ច្បាប់​ធូររលុង​ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល​ដល់​ក្រុម​បណ្តាញ​ឧក្រិដ្ឋកម្ម​​ឆ្លងដែន​ធ្វើ​ការរត់ពន្ធ​គ្រឿងញៀន​និង​ទំនិញ​ខុសច្បាប់​ផ្សេងៗ​ទៀត​៕​ដោយ​៖​សុខា​/sn

ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ថៃ បង្ហាញ​គ្រឿងញៀន​កូកាអ៊ីន​ដែល​ចាប់​រឹបអូស​ពី​បុរស​ជនជាតិ​កេន​យ៉ានេះ នៅ​អាកាសយានដ្ឋាន នៅ​ទីក្រុង​បាងកក​

#