ជនជាតិ​ចិន​៧៤​នាក់ ពាក់ព័ន្ធ​ករណី​ជំរិត​ប្រាក់​តាម Internet ត្រូវបណ្ដេញចេញពី​កម្ពុជា

965
ចែករម្លែក

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៧ នាយកដ្ឋាន​អន្តោប្រវេសន៍​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការ បណ្ដេញ​ជនជាតិ​ចិន​៧៤ នាក់ ស្រី​២១​នាក​បាន​បណ្ដេញចេញ ពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​វិញ ក្រោយពី​ស្នាក់នៅ​ខុសច្បាប់​។ ជនជាតិ​ចិន​ទាំង​៧៤​នាក់​នេះ ជាប់​ពាក់ព័ន្ធ​បទល្មើស​ចាប់ជំរិត​តាម​ប្រព័ន្ធ អ៊ិន​ធើ​ណេ​ត​។​

​សូមជម្រាបថា កម្លាំង​នគរបាល​អន្ដោប្រវេសន៍ នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៧​នេះ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​ជនជាតិ​ចិន ៧៤​នាក់ ដែល​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet នៅ​៣​រាជធានី​-​ខេត្ត ពោលគឺ​នៅ​រាជធាន​ភ្នំពេញ​, ខេត្តកំពត និង​ខេត្តកណ្ដាល​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ទីតាំង​ទី​១៖​បង្ក្រាប​នៅ​ភ្នំពេញ ដោយ​សហការ​ជាមួយ​កម្លាំង នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​០៧​គោលដៅ ដោយ​ឃាត់ខ្លួន​ឧក្រិដ្ឋជន​បាន​ចំនួន​៣៥​នាក់ ក្នុង​ស្រី​១១​នាក់​។ ទីតាំង​ទី​២៖​បង្ក្រាប​នៅ​ខេត្តកំពត សហការ​ជាមួយ​កម្លាំង នៃ​ស្នងការ​នគរបាល​ខេត្តកំពត ចំនួន​០៣​គោលដៅ ដោយ​ឃាត់ខ្លួន​ឧក្រិដ្ឋជន​បាន​ចំនួន​៣៨​នាក់ ក្នុង​ស្រី​១១​នាក់​។ ទី​៣៖​បង្ក្រាប​នៅ​ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង នៃ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ចំនួន​០២​គោលដៅ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​៕

ជនជាតិ​ចិន​៧៤​នាក់ ពាក់ព័ន្ធ​ករណី​ជំរិត​ប្រាក់​តាម Internet ត្រូវបណ្ដេញចេញពី​កម្ពុជា​ (រូប៖ វេបសាយ)