ជនជាតិ​ជប៉ុន​២​នាក់ អាករ​ម្ចាស់​រថយន្ត​តាក់ស៊ី ប្លន់​យក​រថយន្ត ​សមត្ថកិច្ច​តាម​ចាប់បាន

679
ចែករម្លែក
  • 7
    Shares

ដោយ​:បាយ័ន​/​សៀមរាប​ ៖ ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក តាម​ចាប់ខ្លួនបាន​ភ្លាមៗ បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់ បានធ្វើ​សកម្មភាពអាករ​សម្លាប់​ម្ចាស់​រថយន្ត​តាក់ស៊ីដើម្បី​ប្លន់​យក​រថយន្ត រួច​ទម្លាក់​សព​ម្ចាស់​រថយន្ត​តាក់ស៊ីនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ រួច​បើក​រត់គេចខ្លួន​បាន​ចម្ងាយ​៣០០​ម៉ែត្រ ក៏បាន​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹកស្រូវដែល​បើក​ស្រប​ទិស​គ្នា ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។​

ហេតុការណ៍​ឃាតកម្ម​អាករ​សម្លាប់​ដើម្បី​ប្លន់​យក​រថយន្ត​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៧​ល្ងាច ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ជ​ញ្ជី​ង​ថ្លឹង​រថយន្ត ស្ថិត​ក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​និយាយថា ឃាតកម្ម​ខាងលើនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន ចំនួន​២​នាក់ បាន​ចូលមក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ តាម​ច្រក​ប៉ោយប៉ែត។​ លុះដល់​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ជនជាតិ​ជប៉ុន​ទាំង​២​នាក់ បាន​ហៅ​តាក់ស៊ី​ម៉ាក ហាយ​ឡិន​ឌឺ ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ ២AB ៥២១៨ ជិះ​ពី​ប៉ោយប៉ែត ចូលមក​ខេត្តសៀមរាប ។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន បាន​បន្តថា លុះ​ជិះ​មកដល់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​ពួក ជនសង្ស័យ​ជនជាតិ​ជប៉ុន​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​អាករ​ម្ចាស់​រថយន្ត​តាក់ស៊ី​នោះ រួច​ទម្លាក់​ម្ចាស់​រថយន្ត​តាក់ស៊ីនៅ​​លើផ្លូវ​ជាតិ លេខ​៦ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់សមត្ថកិច្ច​។ ក្រោយពី​ទម្លាក់​ជនរងគ្រោះ​ចេញពី​រថយន្ដ​នៅ​ចំណុចកើតហេតុ​ខាងលើ​រួចមក ជនសង្ស័យ​បាន​បើករថយន្ដ​គេចខ្លួន​ទៅ​ទិសខាងកើត បាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ រួច​បាន​បុក​ជាមួយ​គោយន្ដ​កន្ដ្រៃ​ដឹកស្រូវ បើកស្រប​ទិស​គ្នា ធ្វើឲ្យ​រថយន្ដ​បើក​ទៅមុខ​លែងរួច ។​ជនសង្ស័យ​ទាំង​២​នាក់​បានគេច​ខ្លួន ហើយ​ត្រូវបាន​កម្លាំង​​តាម​ឃាត់ខ្លួន​បាន​ភ្លាមៗ​ទាំង​២​នាក់ យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​។​

លោក​អធិការ​បាន​បន្តទៀតថា ជនសង្ស័យ​ទាំង​២​មានឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ម្នាក់ទៀត​មានឈ្មោះ NAKA KUKI RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ តាម​ច្រក​ប៉ោយប៉ែត​។

ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ ហ៊ឹម ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរត់​រថយន្ត​តាក់ស៊ី មាន ប្រពន្ធ​ឈ្មោះ សុខ ចាន់​ធឿន អាយុ​៣៨​ឆ្នាំ មានកូន​៤​នាក់ ប្រុស​៣ ស្រី​១ ទីលំនៅ​ភូមិ​ជាន់​ត្រាច ឃុំ​ឈូក​ដាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ក្រោយពី​ចាប់ខ្លួន សមត្ថកិច្ចបានធ្វើ​ការដកហូត​ប៉ាស្ព័រ​ចំនួន​២ រថយន្ដ​១​គ្រឿង និង​សាកសព​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ជនសង្ស័យ ត្រូវបាន​យកទៅ​សួរចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​៕B/Ha