ជនជាតិ​ថៃ​មកលេង​បងប្អូន​នៅ​បាត់ដំបង​ត្រូវ​តៃកុង​ឡាន​តាក់ស៊ី​ស៊ីដាច់​ឥ​វ៉ាន់​អស់​

229

(​បាត់ដំបង​)៖ កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៧ មាន​ជនជាតិ​ថៃ​ម្នាក់ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ប្តឹង​តៃកុង​តាក់ស៊ី​ខែ្មរ​ម្នាក់ ពីបទ​លួច​ទ្រព្យសម្បត្តិ នៅក្នុង​រថយន្ត​ដែល​ខ្លួន​ជិះ​ទៅលេង​បងប្អូន​នៅ​ភ្នំពេញ ពេលមកដល់​ស្រុក​ថ្មគោល ខេត្តបាត់ដំបង តាម​ច្រក​ព្រំ​ខេត្ត​ប៉ៃលិន​។​

​លោក ផង់ សភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនជាតិ​ថៃ​នោះ​ឈ្មោះ ឆូត យក្ស ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​តា​ស្យា ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាន់​លិខិតឆ្លងដែន​លេខ AA៦៨២៩០៦៨ ចូល​តាម​ច្រក​ព្រំ​ខេត្ត​ប៉ៃលិន ក្នុង​គោលបំណង​ទៅលេង​បងប្អូន​នៅ​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាម រថយន្ត​តាក់ស៊ី​កាមរី​ពណ៌​ព្រីង​ទុំ ក្នុង​រថយន្ត​នោះ​មាន​ជនជាតិខ្មែរ​៣​នាក់​ផង បាន​ចុះ​តាមផ្លូវ​អស់​។ ខណៈនោះ​នៅសល់តែ​ខ្លួន​ជាមួយ​តៃកុង លុះ​មកដល់​សាលាឆទាន​វាល​បឹង​ត្រាវ ស្ថិតក្នុង​ភូមិ​ក្រពើ​កើត ឃុំ​ភ្នំ​សំពៅ តៃកុង​ឡាន​ក៏​ឈប់​រថយន្ត​ចុះ​នោម នៅពេលដែល​តៃកុង​ឡាន​ចូលក្នុង​រថយន្ត​វិញ បាន​ប្រាប់​ទៅ​ឈ្មោះ ឆូត យក្ស ឲ្យ​យក​លិខិតឆ្លងដែន ដើម្បី​ឲ្យ​ប៉ូលិស​ត្រួតពិនិត្យ​។ ស្របពេលនោះ មាន​រថយន្ត​មួយគ្រឿង​ទៀត​មកដល់​មាន​អ្នកជិះ​២​នាក់ ហើយ​ម្នា​ក់បាន​ចុះមក​ពិនិត្យ​លិខិតឆ្លងដែន​។ ឆ្លៀតឱកាស​នោះ រថយន្ត​ដែល​ដឹក​ឈ្មោះ ឆូត យក្ស នោះបាន​បើក​គេច​រត់​តែម្តង រួច​រថយន្ត​ដែល​មក​ត្រួតពិនិត្យ​លិខិត​នោះ បាន​ដេញតាម​ក្រោយ​ដោយ​ទុក​ឈ្មោះ ឆូត យក្ស នៅ​ម្នាក់ឯង​។ ចំពោះ​សំភារៈ​របស់​ឈ្មោះ ឆូត យក្ស ដែល​នៅក្នុង​រថយន្ត​នោះ​មាន​ប្រាក់​ដុល្លារ ២០០​ដុល្លារ ប្រាក់​ថៃ ២០២.០០០​បាត ខោ​ជើង​វេ​ង​២ ខោខ្លី​២-​អាវ​៦ អត្តសញ្ញាណប័ណ្ណ​ថៃ​១​សន្លឹក និង​ប័ណ្ណបើកបរ​ថៃ​១​សន្លឹក​។​

​ករណីនេះ កម្លាំង​នគរបាល​ខេត្ត ស្រុក​កំពុង​ស្រាវជ្រាវ​រក​រថយន្ត និង​ម្ចាស់​រថយន្ត​ខាងលើ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕L ដោយ​៖ គ្រញូង​