ជនជាតិ​បារាំង​ដែល​បណ្ដែត​ខ្លួន​តាម​បារ៉ែល​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​កបាន​មកដល់​គោលដៅ​

1026
ចែករម្លែក

បុរស​ជនជាតិ​បារាំង​ដែល​បាន​ជិះ​បារ៉ែល​ពណ៌​ទឹកក្រូច​កែច្នៃ​ដោយ​គ្មាន​ម៉ាស៊ីន​បណ្ដែត ខ្លួន​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នោះ ពេលនេះ​បាន​ទៅដល់​គោលដៅ​ដីគោក​នៃ​តំបន់ កា​រ៉ា​អ៊ី​ព ហើយ បន្ទាប់ពី​ធ្វើដំណើរ​ផ្សងព្រេង​តែម្នាក់ឯង​អស់​រយៈពេល ១២៨ ថ្ងៃ​។
​ ​
​លោក ហ្ស​ង់ ហ្សា​ក់ សា​វ៉ង់ (Jean-Jacques Savin) វ័យ ៧១ ឆ្នាំ​បានបញ្ចប់​បេសកកម្ម ផ្សងព្រេង​លើ​មហាសាគរ​ក្នុង​ចម្ងាយ​ផ្លូវ​រហូតដល់​ទៅ ៤.៧១៥ គីឡូម៉ែត្រ​ដោយ ជោគជ័យ នៅពេល​គាត់​ទៅដល់​កោះ សេន អៀ​ស​ស្ទេ​សឺ​ស (St. Eustatius Island) ។
​ ​
​គួររំឭកថា អតីតយុទ្ធជន​រូបនេះ​បានចេញ​ដំណើរ​ពី​កោះ​កា​ណា​រី (Canary Islands) នៅ​ឆ្នេរ​អាហ្វ្រិក​ភាគ​ខាងលិច កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ តាម បារ៉ែល​ពណ៌ ទឹកក្រូច​កែច្នៃ​ដែលមាន​ទទឹង ២,១៤ ម៉ែត្រ និង​បណ្ដោយ ៣,០៥ ម៉ែត្រ គ្មាន​ម៉ាស៊ីន គ្មាន​ច្រវាអុំ ពោលគឺ​ពឹង​ផ្អែកលើ​ខ្យល់ជំនោរ​រុញច្រាន​វា​ទាំងស្រុង​។​
​ ​
​នៅពេល​គាត់​ទៅដល់​គោលដៅ គាត់​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​កថា “​អ្វីៗ​សុទ្ធ​តែមាន​ទីបញ្ចប់​… ទីបំផុត​ខ្ញុំ​បាន​ឈាន​មកដល់​ទីបញ្ចប់​នៃ ដំណើរ​ផ្សងព្រេង​នេះហើយ​”៕ ប្រែ​សម្រួលៈ​ខុម​