ជនជាតិ​បារាំង​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​ពីរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ក្រោយ​រក្សាទុក​អស់​រយៈពេល​១៥​ឆ្នាំ​

300
ចែករម្លែក
  • 24
    Shares

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​លោក William Telliez ម្ចាស់​ភោជនីយដ្ឋាន The Square 24 ជា​ជន​បារាំង​ដែល​បានមក​រស់នៅ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០០១ បាន​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​២ ជួន​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយពី​រក្សាទុក​អស់​រយៈពេល​១៥​ឆ្នាំ​។​

​លោក William Telliez បានឱ្យដឹងថា ភាជន៍​ទាំងពីរ​នេះ​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ​២០០៤​ឬ​២០០៥ ក្នុង​ជម្រៅ​ដី​៣​ម៉ែត្រ​។​កាល​លោក​ឱ្យ​កម្មករ​ជីកដី​ធ្វើ​បង្គន់​នៅក្នុង​សណ្ឋាគារ​បុប្ផា​អង្គ​រហើយ​បាន​រក្សាទុក​រហូតដល់​ឆ្នាំ​២០១៩​ព្រោះ​មិនដឹង​យកទៅ​ប្រគល់​អ្នកណា​ទើប​មាន​សុវត្ថិភាព​។

​លុះ​បានឃើញ​ការផ្សព្វផ្សាយ​ពី​ការប្រគល់​ភាជន៍​ក្នុង​តំបន់​អង្គរ​នៅតាម​បណ្តាញសារព័ត៌មាន​លោក​ក៏បាន​ទាក់ទង​ទៅ​សាលា​បារាំង​ចុង​បូព៌ា ហើយ​គេ​ក៏​ណែ​នាំឱ្យ​ទាក់ទង​មក​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ម្ចាស់​ភោជនីយដ្ឋាន​TheSquare24​បានបង្ហាញ​ពី​ឆន្ទៈ​នៃ​ការប្រគល់​បុរាណវត្ថុ​ទាំងពីរ​នោះមក​អាជ្ញាធរ​ជាតិ​អប្សរា​ថា ភាជន៍​ទាំងពីរ គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ វា​មានតម្លៃ​ណាស់​សម្រាប់​ខ្មែរ​ក្នុង​ការសិក្សា​ស្រាវជ្រាវ វា​មិនមែន​កម្មសិទ្ធិ​ខ្ញុំ​ឬ​របស់​ឯកជន​ណាមួយ​ទេ​បើ​ខ្ញុំ​រក្សាទុក​វា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ​។​លោក​រីករាយ​ខ្លាំងណាស់​បាន​រក​អ្នក​រក្សាទុក​ភាជន៍​នេះ​ប្រកបដោយ​សុវត្ថិភាព​និង​មាន​ប្រយោជន៍​សម្រាប់​ជាតិខ្មែរ​។​

​ទាក់ទង​នឹង​ប្រវត្តិ​ភាជន៍​ទាំងពីរ​នេះ​អ្នកស្រី​សឹង​ស្រី​ទូច​បុគ្គលិក​ជំនាញ​កុលាលភាជន៍​ខ្មែរ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​បានឱ្យដឹងថា​យើង​នៅ​មិនទាន់​អាច​សន្និដ្ឋានបានថា​ភាជន៍​ទាំងពីរ​នេះ​មាន​ប្រភព​មកពី​ខាង​ណា​ឱ្យ​ច្បាស់លាស់​ទេ​ព្រោះ​មិន​ដូច​ភាជន៍​ខ្មែរ​។​

តែ​តាម​ការ​ពិនិត្យមើល​សាច់​ដី ដោយ​ប្រើ​កែវពង្រីក គឺជា​ភាជន៍​បុរាណ​ពិតប្រាកដ​។ អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការសម្អាត ហើយ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​និង​សួរ​ព័ត៌មាន​ពី​អ្នកស្រាវជ្រាវ​ផ្សេងៗ​ទៀត​ពី​ប្រភព​និង​អាយុកាល​របស់​ភាជន៍​ទាំងពីរ​នាពេល​បន្តទៅទៀត​៕S/​