ជនជាតិ​រុស្ស៊ី ១២ នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦

919
ចែករម្លែក

​មន្ត្រី​ស៊ើបការណ៍​យោធា​រុស្ស៊ី ១២ នាក់​បាន​លួច​ហ៊ែ​ក (Hack) ចូលក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ស្រី​គ្លី​ន​តុ​ន​និង​គណបក្ស​ប្រជាធិបតេយ្យ និង​បាន​បញ្ចេញ​ការធ្វើទំនាក់ទំនង​ជាល​ក្ខ​ណៈ​ឯកជន​រាប់ម៉ឺន​នៅក្នុង​ផែនការ​សមគំនិត​ដ៏​កក្រើក​មួយ​ដោយ​វិមាន​ក្រឹម​ឡាំង​ដើម្បី​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០១៦ ។ នេះ​បើ​យោងតាម​ការចោទប្រកាន់ ដែល​បានប្រកាស​ប៉ុន្មាន​ថ្ងៃ​មុនពេល​កិច្ចប្រជុំ​កំពូល​របស់​ប្រធានាធិបតី​ត្រាំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​ការចោទប្រកាន់​នេះ​គឺ​តំណាងឱ្យ​ការចោទប្រកាន់​លើកដំបូង​របស់​រដ្ឋអាជ្ញា​ពិសេស​លោក​រ៉ូបឺត មូល​ល័​រ ប្រឆាំងនឹង​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ពីបទ​ជ្រៀតជ្រែក​ក្នុង​នយោបាយ​របស់​អាមេរិក ដែល​នេះ​ជាការ​ប៉ុនប៉ង​មួយ​ដែល​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​និយាយថា​មានបំណង​ជួយ​ដល់​យុទ្ធនាការ​របស់លោក​ត្រាំ​និង​ធ្វើឱ្យប៉ះពាល់​ដល់​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​របស់គាត់ គឺ លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។ ករណីនេះ​កើតឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់​ដាច់ដោយឡែក​មួយទៀត​ដែល​ចោទ​រុស្ស៊ី​ពីបទ​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បង្កជម្លោះ​ក្នុងចំណោម​អ្នកបោះឆ្នោត​អាមេរិក​។​

​ការចោទប្រកាន់​កម្រាស់​២៩​ទំព័រ​នេះ​បង្ហាញ​ពី​របៀប​ដែល​ពួក​រុស្ស៊ី​គ្រោង​នឹង​ហ៊ែ​ក​ចូល​គណនី​អ៊ីមែល​សំខាន់ៗ​របស់​បក្ស​ប្រជាធិបតេយ្យ នៅមុន​ការបោះឆ្នោត​រាប់​ខែ ក្នុងនោះ​រួម​អ៊ីមែល​របស់​ប្រធាន​យុទ្ធនាការ​គ្លី​ន​តុ​ន គឺ​លោក ច​ន ផូ​ដេ​ស្តា អ៊ីមែល​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រជាធិបតេយ្យ និង​អ៊ីមែល​របស់​គណៈកម្មាធិកា​រ​ឃោសនា​សភា​របស់​បក្ស​ប្រជាធិបតេយ្យ​។ អ៊ីមែល​លួចបាន​ជាច្រើន ដែល​ភាគច្រើន​បាន​បំផ្លាញ​ជីវិត​នយោបាយរ​បស់​លោកស្រី​គ្លី​ន​តុ​ន បាន​លេចឡើង​នៅលើ​វេ​ប​សាយ WikiLeaks នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​បោះឆ្នោត​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋអាជ្ញារង លោក រ៉ុ​ត រ៉ូ​សិន​ស្តេ​ន និយាយ​អំឡុង​សន្និសីទកាសែត​នៅ​ក្រសួងយុត្តិធម៌​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​ទី ១៣ កក្កដា