ជនជាតិ​វៀតណាម​កំពុង​សម្រុក​ឆ្លងដែន​មកលេង​ល្បែង​ក្នុង​កាស៊ីណូ​ស្វាយ​អា​ង៉ោង ដោយ​ខុសច្បាប់​

1594
ចែករម្លែក

​ដោយ​: ចាន់ថន / ព្រៃវែង​: រាល់ថ្ងៃនេះ មាន​ជនជាតិ​វៀតណាម​រាប់សិប​នាក់ ក្នុង​មួយថ្ងៃៗ​បាន ចូលមក​លេងល្បែង​ក្នុង​កាស៊ីណូ​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដោយ​គ្មាន​ការត្រួតពិនិត្យ​រក​លិខិតស្នាម​អ្វី​ឡើយ​។​ ​គឺ​ពួកគេ​ចូលមក​ទាំង​ហ្វូង ខ្លះ​បី​មាន​ជល់ ខ្លះ​កាន់​កាបូប​លុយ ឬ​ទំនិញ​ផ្សេងៗ ដោយ​ជិះទូក ឆ្លងទន្លេ មក​តាមផ្លូវ​ក្រោយ​កាស៊ីណូ​ស្វាយ​អា​ង៉ោង ដើម្បី​វាង​សមត្ថកិច្ច ច្រកទ្វារ​តំបន់​ស្វាយ​អា​ង៉ោង​។

​ក្រុមអ្នកលេង​ជល់​មាន់ ជា​ជនជាតិខ្មែរ ដែល​តែងតែ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ស្វាយ​អា​ង៉ោង ជាប្រចាំ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​តុលា​នេះ​ថា ជនជាតិ​វៀតណាម​ដែល​ឆ្លង​ទូក មកលេង​ល្បែង​ក្នុង​កាស៊ីណូ​នេះ​។
​គឺ​ថៅកែ​កាស៊ីណូ​ស្វាយ​អា​ង៉ោង និង​សមត្ថកិច្ច ជា​អ្នករៀបចំ តម្រូវ​ឲ្យ​ពួកគេ ចូលមក​បែបនេះ​។ ព្រោះថា ជនជាតិ​វៀតណាម​ទាំងនោះ ចូលមក​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ឬ​លិខិតស្នាម​អ្វី​ទេ ទើប​គេ​ឲ្យ​ចូលមក​តាម ផ្លូវ​ក្រោយ​ដើម្បី​វាង​សមត្ថកិច្ច​ច្រកទ្វារ​។​

​ប្រភព​ដដែល​បន្តថា កាស៊ីណូ​ស្វាយ​អា​ង៉ោង​មានច្បាប់​មែន ប៉ុន្តែ​អ្នក​ចូលមក​លេងល្បែង​គឺ​ខុសច្បាប់​ទាំងអស់​។ មកពី​គ្មាន​អ្នក​ហាមឃាត់ ទើប​ចេះតែ​នាំគ្នា​មកលេង​ជាប្រចាំ​រាល់ថ្ងៃ​ទៅ​។ ក្នុងនោះ ជនជាតិ​វៀតណាម ទាំងអស់​ដែល​ចូលមក​លេងល្បែង​គឺ គ្មាន​លិខិតឆ្លងដែន​ឬ​លិខិតស្នាម​អ្វី​ទេ​។ មិនតែប៉ុណ្ណោះ​ក៏មាន​ជនជាតិខ្មែរ ជាច្រើន​នាក់ បាន​ចូលមក​លេងល្បែង​ជាប្រចាំ​ផងដែរ​។

​ព្រោះ​អាជ្ញាធរ​និង​មន្ត្រី​ការពារ​ព្រំដែន​មិន​ហាមឃាត់​ឡើយ ជាហេតុ​នាំ​ឲ្យ​ជនជាតិខ្មែរ​និង​វៀតណាម នាំគ្នា​លេងល្បែង​បាន​យ៉ាង​រលូន​នៅក្នុង​កាស៊ីណូ​ស្វាយ​អា​ង៉ោង​។​

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោក សួន សំអឿន អធិការ​ស្រុក​កំពង់ត្របែក បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤​នេះ​ថា កាស៊ីណូ​ស្វាយ​អា​ង៉ោ​គឺ​គេ​មានច្បាប់​។ ប៉ុន្តែ​ជនជាតិ​វៀតណាម​ដែល​ឆ្លងដែន​មក តាមផ្លូវ​ក្រោយ វាង​សមត្ថកិច្ច នោះ​វា​ជា​ដែន​សមត្ថកិច្ច​រប​ស់ប៉ុ​ស្តិ៍​ការពារ​ព្រំដែន​។​

​ឯ​លោក ចាន់ ច​ន ស្នងការរង​ទទួលបន្ទុក​ការពារ​ព្រំដែន មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បានទេ ព្រោះ​ទូរស័ព្ទ​របស់លោក​ខ​ល​មិន​ចូល​។ ចំណែក​លោក ឡេង ប៊ុន​លាង មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោង ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ ដោយ​ទូរស័ព្ទ​ចូល​ហើយ​លោក​មិន​ទទួល​៕