ជនជាតិ​វៀតណាម​បួន​នាក់​ជាប់​ក្នុង​បញ្ជី​សហគ្រិន​អាស៊ី​អាយុ​ក្រោម​៣០​របស់​ទស្សនា​វ​ដ្តី Forbes សម្រាប់​ឆ្នាំ​២០១៩

397
ចែករម្លែក
  • 30
    Shares

​បញ្ជី​សហគ្រិន​អាស៊ី​អាយុ​ក្រោម​៣០​របស់​ទស្សនា​វ​ដ្តី Forbes សម្រាប់​ឆ្នាំ​២០១៩ បានរួម​បញ្ចូល​សហគ្រិន​វៀតណាម​បួន​នាក់​នៅក្នុង​ផ្នែក​វិនិយោគ ផ្នែក​ជ្រើសរើស​បុគ្គលិក ផ្នែក​ទីផ្សារ និង​ផ្នែក​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​។​

១. នាង លី ខាន់​ហួ អាយុ ២៨ ឆ្នាំ គឺជា​វិនិយោគិន​នៅ​ក្រុមហ៊ុន 500 Startups Vietnam ដែល​បាន​ជួយ​រៃអង្គាស​មូលនិធិ​វិនិយោគ ៣ លាន​ដុល្លារ​នៅក្នុង​អាជីវកម្ម​ទើប​ចាប់ផ្តើម​ថ្មីថ្មោង​ចំនួន ៤០​។​

​នាង​ពីមុន​ធ្លាប់​ធ្វើការ​ផ្នែក​ទីផ្សារ​និង​ប្រតិបត្តិការ​នៅ​មជ្ឈមណ្ឌល​សហគ្រិនភាព គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​ជាច្រើន​នៅ​សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង​វៀតណាម​។​

​ឆ្នាំនេះ​នាង​លី​នឹង​ដឹកនាំ​ក្រុមហ៊ុន Saola Accelerator ដែលជា​ដៃគូ​មួយ​រវាង ក្រុមហ៊ុន 500 Startups Vietnam និង ក្រុមហ៊ុន​នាំមុខគេ​ខាង​លក់រាយ GS Shop របស់​កូរ៉េខាងត្បូង​។​

២. លោក ខេ​វិ​ន ជុង​ង្វៀន អាយុ ២៩ ឆ្នាំ គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន JobHop ដែលជា​ប្រភេទ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​ក្នុង​គោលបំណង​សម្រួល​ដល់​ដំណើរការ​ជ្រើសរើស​បុគ្គ​លិ​ក​សម្រាប់​អ្នកគ្រប់គ្រង​ធនធានមនុស្ស​។​

​គាត់​បានបញ្ចប់​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ​និង​សហគ្រិន​នៅ​សហរដ្ឋអាមេរិក​មុនពេល​វិល​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ​ក្នុង​ឆ្នាំ​២០១២​។​

​នៅ​ឆ្នាំ ២០១៦ គាត់​បាន​បង្កើត​ក្រុមហ៊ុន JobHop ។ ក្រុមហ៊ុន​នេះ​ប្រើ​ទិន្នន័យ និង​បច្ចេកវិជ្ជា AI ដើម្បី​តម្រៀប​តាម​ទម្រង់​បេក្ខជន​នៅលើ​វេ​ប​សាយ​នានា​របស់​វៀតណាម​ដើម្បី​កំណត់​អត្តសញ្ញាណ​បេក្ខជន​ដែល​ល្អ​បំផុត​។ ក្រុមហ៊ុន​នេះ​បាន​អះអាងថា​បាន​ឈាន​ដល់ដៃ​អ្នកស្វែងរក​ការងារ​ធ្វើ ៥០០.០០០ នាក់ និង​ក្រុមហ៊ុន​ចំនួន ២.០០០​។​

៣. លោក ឡេ តាន់​ថា​ញ់ ធិ​ញ អាយុ ២៨ ឆ្នាំ​គឺជា​សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BrandBeats ដែលជា​ទីភ្នាក់ងារ​ទីផ្សារ​តន្ត្រី និង​ជា​ក្រុមហ៊ុន​ថ្មីថ្មោង​ដំបូង​ក្នុងចំណោម​ក្រុមហ៊ុន​ថ្មីថ្មោង​វៀតណាម​ចំនួន​បី ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ ២០១៨​។​

​មុនពេល​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង លោក​ធិ​ញ​បាន​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន Carlsberg Vietnam អស់​រយៈពេល​ជិត ៥ ឆ្នាំ​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ម៉ាក​យីហោ និង អ្នកគ្រប់គ្រង​ផលិតផល​ថ្មី​។​

​ក្រុមហ៊ុន BrandBeats ភ្ជាប់​ទំនាក់ទំនង​ពួក​អ្នកឯកទេស​ខាង​ម៉ាក​យីហោ​ជាមួយនឹង​អ្នក​ផលិត​តន្ត្រី​ដើម្បី​បង្កើត​យុទ្ធនាការ​ទំនាក់ទំនង​សម្រាប់​អតិថិជន​ដូចជា​ក្រុមហ៊ុន Pepsi ក្រុមហ៊ុន Unilever ក្រុមហ៊ុន P&G និង​ក្រុមហ៊ុន Nestle ។​

៤. លោក ង៉ោ ហ៊័​ង យ៉ា ខា​ញ់ អាយុ ២៩ ឆ្នាំ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន ដែល​បាន​ផ្លាស់ប្តូរ Tiki ពី​ហាង​លក់​សៀវភៅ​តាម​អន​ឡាញ​ទៅជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​យក្ស​។​

​ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន Tiki បាន​រកប្រាក់​ចំណូល​បាន​ជាង ៤៤ លាន​ដុល្លារ​ពី​វេ​ប​សាយ​លក់រាយ​តាម​អ៊ី​ន​ធើ​ណេ​តរបស់​ចិន JD.com និង​ក្រុមហ៊ុន​បណ្តាញ​សង្គម​វៀតណាម VNG Corp​។​

​លោក​ខា​ញ់​ធ្លាប់​បម្រើ​ការឱ្យ​ក្រុមហ៊ុន Boston Consulting Group ក្រុមហ៊ុន Prudential Vietnam Assurance និង ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ Deloitte Vietnam ។​

​បញ្ជី​សហគ្រិន​អាស៊ី​អាយុ​ក្រោម​៣០​របស់​ទស្សនា​វ​ដ្តី Forbes សម្រាប់​ឆ្នាំ​២០១៩ បានបង្ហាញ​ឈ្មោះ​សហគ្រិន​ចំនួន ៣០០ នាក់​មកពី​ប្រទេស​និង​ដែនដី​ចំនួន ២៣ នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ពួកគេ​ត្រូវបាន​ជ្រើសរើស​ពី​ក្រុមហ៊ុន​ជាង ២០០០៕