ជនជាតិ​វៀតណាម​២១​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​អង់គ្លេស​ពីបទ​ចូល​ខុសច្បាប់​

158

ក្រុមអាជ្ញាធរអង់គ្លេសបានចាប់ឃុំខ្លួនជនជាតិវៀតណាមមួយក្រុម ដែលមានគ្នា២១នាក់ គឺកុមារ១៥នាក់និងមនុស្សពេញវ័យ៦នាក់ពីបទចូលប្រទេសនេះដោយខុសច្បាប់។

សារព័តមានIndependent បានរាយការណ៍ថា ក្រុមជនជាតិវៀតណាមនេះ ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍កាលពីសប្តាហ៍មុន បន្ទាប់ពីប៉ូលិសបានរកឃើញពួកគេលាក់ខ្លួននៅក្នុងកុងតាណឺដឹកទំនិញមួយនៅលើរថយន្តធំមួយដែលត្រូវបានបើកបរដោយបុរសជនជាតិរូម៉ានីម្នាក់។

ក្រុមមន្រ្តីសន្តិសុខព្រំដែននៅកំពង់ផែក្រុងNewhaven ប្រទេសអង់គ្លេស បានចាប់ខ្លួនអ្នកបើកបរឈ្មោះAndrut Mihai Duma អាយុ២៩ឆ្នាំនេះ ខណៈពេលដែលកំពុងពិនិត្យមើលរថយន្តជាច្រើនគ្រឿងផេ្សងៗទៀតដែលបានមកដល់ប្រទេសអង់គ្លេសពីប្រទេសបារាំង។

ប៉ូលិសអង់គ្លេសបាននិយាយថា អ្នកបើកបរនេះ ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួន ហើយនឹងបង្ហាញខ្លួននៅតុលាការនៅទី២៦ខែវិច្ឆិកា ជាទីដែលអ្នកបើកបរនេះ នឹងត្រូវបានចោទប្រកាន់ពីបទ”ជួយពួកគេចូលប្រទេសអង់គ្លេសដោយខុសច្បាប់។

សារព័តមានIndependent បាននិយាយថា បុរសអាយុ១៨ឆ្នាំម្នាក់និង ស្រ្តីអាយុ២៧ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅវៀតណាម ហើយមនុស្សពេញវ័យ៤នាក់ដែលនៅសល់ ត្រូវបានឃុំខ្លួននៅមណ្ឌលឃុំខ្លួនមួយ ។ មិនមានសេចក្តីរាយការណ៍បន្ថែម ត្រូវបានបញ្ចេញឱ្យដឹងនោះទេ ,នេះបើយោងតាមវេបសាយVnExpress៕ដោយ៖សុខា/sn

ក្រុមអ្នកទេសចរដើរ នៅកំពង់ផែក្រុងNewhaven ប្រទេសអង់គ្លេស កន្លែងដែលជនជាតិវៀតណាមត្រូវបានចាប់ខ្លួន